ការរស់នៅក្នុងសង្គមដែលមានការមាក់ងាយ និង គ្មានជម្រករស់នៅសមរម្យ បានបណ្ដាល
អោយភូមិសុខសាន្តមួយត្រូវបានបង្កើតឡើង សម្រាប់អ្នកផ្ទុកមេរោគអេដស៍ ក្រោមការជួយ
ឧបត្ថម្ភពីសហគមន៍សាសនាកាតូលិកនៅប្រទេសបារាំង ទីនេះបានផ្តល់នូវភាពសុខសាន្ត
ដល់ បងប្អូនអ្នកផ្ទុកមេរោគអេដស៍។
នៅក្នុងភូមិនេះ គេឃើញលំនៅឋាននានា ត្រូវបានសាងសង់ថ្មីដូចៗគ្នា និងមានសម្រស់ដូចៗ
គ្នាគួរទីចាប់អារម្មណ៍។ នេះជាភូមិសុខសាន្តមួយត្រូវបានបង្កើតឡើង សម្រាប់អ្នកផ្ទុកមេរោគ
អេដស៍ ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកត្រាំ កក់ ខេត្តតាកែវ។
ប្រធានផ្នែកគ្រប់គ្រង ភូមិមណ្ឌលសុខសាន្ត លោក អិន ជីវ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅ
ក្នុងភូមិ មណ្ឌលសុខសាន្ដនេះ ភាគច្រើនត្រូវបានបញ្ជូនមកពីតំបន់ភ្នំវល្លិ និង ខេត្ត កំពត
បង្កើតឡើងដោយសប្បុរសជន សហគមន៍សាសនាតាកូលិកបារាំងប្រចាំ ប្រទេសកម្ពុជាដឹក
នាំដោយ លោកអភិបាល អូលីវវីយេ ។
ថ្វីបើទើបត្រូវបានបង្កើតឡើងកាលពីជាងមួយឆ្នាំមុនប៉ុណ្ណោះ ប៉ុន្ដែ ជំហានដំបូង សហគមន៍
នោះបានប្រមូលប្រជាពលរដ្ឋដែលផ្ទុកមេរោគ អេដស៍ក្រីក្រចំនួនប្រាំបួនគ្រួសារមកពីភ្នំវល្លិ
ស្រុកឈូក និង ស្រុកកំពង់ត្រាច ដោយសង់ផ្ទះយ៉ាងល្អ ស្អាតឱ្យពួកគាត់រស់នៅយ៉ាងសុខ
សាន្ត។
ទីនេះ មានផ្ទះស្នាក់នៅ មានសួនច្បារ កន្លែងលេងកីឡា សាលប្រជុំ ការិយាល័យ បន្ទប់ទឹក
បង្គន់អនាម័យ ជាដើម។ ផ្ទះនីមួយៗ បំញក់ទៅដោយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មាន
បន្ទប់ទឹក ផ្ទះបាយ ព្រមទាំងផ្តល់ប្រាក់កាស ស្បៀងអាហារ ថ្នាំពេទ្យ ប្រចាំខែទៀតផង ។
ចំណែកកូនចៅរបស់អ្នកផ្ទុកមេរោគអេដស៍សុទ្ធតែ ទទួលបានការសិក្សានៅសាលារដ្ឋដោយ
ឥតគិតថ្លៃ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ PDN