ប្រទេសអ៊ីរ៉ាក កាលពីម្សិលមិញ បានក្លាយជាទីចាប់អារម្មណ៍របស់ពិភពលោក បន្ទាប់ពីមាន
ករណីបំផ្ទុះគ្រាប់បែកអត្តឃាតដោយរថយន្ដនៅកណ្ដាលក្រុងបាកដាត។
ករណីខាងលើបានកើតឡើងនៅក្បែរភោជ្ជនិយដ្ឋាន និងផ្សារមួយកន្លែងក្នុងខណ្ជ Karrada នៃ
រដ្ឋធានីបាកដាត ប្រទេសអ៊ីរ៉ាក់ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ១២៥នាក់ និងអ្នករងរបួស
១៥០នាក់ ក្នុងនោះ មានកុមារចំនួន ២៥នាក់ នេះបើយោងតាមទំព័រ BBC ។ ចំនួនមនុស្សស្លាប់
ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងច្រើនជាងនេះ។
មិនយូរប៉ុន្មាន គ្រាប់បែកទីពីរក៏បានផ្ទុះឡើង នៅទីប្រជុំជននៃជនជាតិ Shiite ភាគខាងជើងក្រុង
បាកដាត បណ្ដាលឱ្យមនុស្ស ៥នាក់ទៀត បាត់បង់ជីវិត។
ប្រភពជាច្រើនឱ្យដឹងថា ក្រុមជនវាយប្រហារដោយគ្រាប់បែក បានបំផ្ទុះគ្រាប់បែកដែលបាន
បង្កប់ក្នុងរថយន្ត។ ការបំផ្ទុះនេះ ធ្វើឱ្យមានការឆេះឆាប់យ៉ាងខ្លាំងនៅតាមដងផ្លូវ បណ្ដាលឱ្យ
អាគារជាច្រើនត្រូវខូចខាត។
នៅក្នុងសេចក្ដីប្រកាសមួយនៅលើប្រព័ន្ធអ៊ីនធឺរណែត ក្រុមរដ្ឋអ៊ីស្លាមកាលពីម្សិលមិញបានចេញមុខទទួលខុសត្រូវក្នុងការវាយប្រហារដោយគ្រាប់បែកខាងលើ។
លោក Jan Kubis បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេស
អ៊ីរ៉ាក់ បានហៅទង្វើនេះថា ជាសកម្មភាពគួរឱ្យខ្ពើមរអើមមិនធា្លប់មាន ដែលធ្វើឡើងទៅលើពល
រដ្ឋសាមញ្ញដែលកំពុងរស់នៅដោយសុខសាន្ត។ លោកបន្តថា នេះគឺជាអំពើអមនុស្សធម៌បំផុត។
នេះគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាតធំបំផុតនៅប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំនេះ។ ករណីនេះ កើតឡើង
បន្ទាប់ពីកងទ័ពអ៊ីរ៉ាក់បានវាយកាន់កាប់ក្រុង Fallujah ប្រហែលមួយសប្ដាហ៍ ពីដៃក្រុមរដ្ឋអ៊ីស្លាម។
ក្រុមអ្នកវិភាគឱ្យដឹងថា ក្រុម IS តែងតែប្រើទីក្រុងនេះ ធ្វើជាឈ្នាន់ ដើម្បីរៀបចំការវាយប្រហារ
នានាទៅលើរដ្ឋធានីបាកដាត។
ទំព័រ AP ដកស្រង់សំដីរបស់ Karim Sami អាយុ ៣៥ឆ្នាំ ឱ្យដឹងថា ៖ “វាដូចទៅនឹងគ្រោះរញ្ជួយដី
អ៊ីចឹង។ ពេលបានលឺសម្លេងផ្ទុះ និងភ្លើងផ្សែងសន្ធោសន្ធៅ ខ្ញុំក៏ប្រញាប់ប្រមូលទំនិញ រត់ត្រឡប់
ទៅផ្ទុះ។ ប៉ុន្តែ ខ្ញុំខ្លាច រហូតដល់មិនហ៊ានឈានជើងទៅមុខ។ ខ្ញុំបានហៅទូរស័ព្ទទៅកាន់មិត្តភ័ក្ដិ
ប៉ុន្តែគ្មានអ្នកណាលើកទូរស័ព្ទខ្ញុំសោះ”។
ញាតិរបស់ជនរងគ្រោះ បានស្រែយំ អាសូរដល់ជនរងគ្រោះ នៅក្នុងពិធីបុណ្យសពមួយដែលត្រូវ
បានធ្វើឡើងកាលពីម្សិលមិញ នៅឯក្រុង Najaf ភាគខាងត្បូងរដ្ឋធានី បាកដាត។
រីឯសេតវិមានវិញ បានអះអាងថា ទង្វើនេះរបស់ក្រុមរដ្ឋអ៊ីស្លាម កាន់តែធ្វើឱ្យអាមេរិកមានការប្ដេជ្ញា
ខ្ពស់ ក្នុងការជួយដល់កងទ័ពអ៊ីរ៉ាក ដើម្បីទប់ទល់នឹងជ្រុលនិយមនេះ៕
ប្រែសម្រួល ៖ បុត្រា