(អ៊ីរ៉ាក់)៖ បវរកញ្ញាជនជាតិអ៊ីរ៉ាក់ ដែលទើបតែគ្រងម្កុដ នាពេលថ្មីៗនេះ បានទទួលការគំរាមតាមទូរសព្ទ នៅថ្ងៃអង្គារ ដោយបង្ខំឲ្យនាងចូលរួមជាមួយ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បើមិនដូចច្នោះទេ នឹងត្រូវគេចាប់ជំរិត នេះបើយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន យ៉េរ៉ូសាឡឹម ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។
កញ្ញា Shayma Qassim អាយុ២០ឆ្នាំរូបនេះ ទើបទទួលបានជ័យជម្នះ ក្នុងកម្មវិធីប្រឡងបវរកញ្ញាឯក ដែលរៀបចំនៅក្នុងប្រទេសអ៊ីរ៉ាក់ មិនធ្លាប់មានអស់រយៈពេល ៤០ឆ្នាំកន្លងទៅនេះ។ យោងតាមរបាយការណ៍បានឲ្យដឹងថា បន្ទាប់ពីទទួលបានជ័យជម្នះ នាង Qassim ក៏បានទទួលទូរសព្ទគំរាមបែបនេះតែម្តង។
សូមជម្រាបថា នាង Qassim មកពីទីក្រុង Kirkuk មានក្តីបារម្ភជាខ្លាំងពីបញ្ហានេះ ប៉ុន្តែនាងបញ្ជាក់ថា នាងនឹងមិនអនុញ្ញាតឲ្យការគំរាមនេះ បញ្ឈប់នាងបានឡើយ ហើយនាងនឹងបន្តដើរទៅមុខ បើទោះបីជាជួបឧបសគ្គបែបនេះក្តី៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី