CamNews

តារា 

អ៊ឹម ដាលីស ដាក់​បម្រាម អ្នក​មាន​ភរិយា​រួច​ ហាម​សុំ​ស្នេហ៍

ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី រះលើវិថីសិល្បៈប្រមាណ២ឆ្នាំ កញ្ញា អ៊ឹម ដាលីស បានបង្ហើបប្រាប់ឲ្យដឹង បែបបើកចំហរបេះដូងថា នាងមិនដែល បិទបេះដូង របស់ខ្លួន មិនទទួលយកស្នេហា ពីបុរសណាម្នាក់ឡើយ ឲ្យតែមានអ្នកស្រឡាញ់ គឺនាងរីករាយ និងទទួលយកជានិច្ច។ ប៉ុន្តែសុំដាក់លក្ខខណ្ឌ ជាមុនសិនថា អ្នកដែលមានកូនប្រពន្ធហើយ គឺនាងមិនទទួលយកឡើយ បើទោះជាបុរសរូបនោះ មានទ្រព្យសម្បត្តិស្តុកស្ដម្ភ ចាយលុយលែងអស់ យ៉ាងណាក៏ដោយ ។

ជួបសម្ភាសន៍ តាមទូរស័ព្ទ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ តារាស្រីដែលកំពុងតែ ខំប្រឹងស្រវ៉ាយកភាពល្បាញល្បី ក្នុងវិស័យសិល្បៈ កញ្ញា អ៊ឹម ដាលីស បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលដែលនាងបោះជំហានចូលសិល្បៈនេះ គឺមានក្រុមកន្លង់ច្រើន បានព្យាយាមតាមសុំស្នេហ៍នាង មិនឈប់មិនឈរទេ តែនាងបានបដិសេធន៍ ដោយសុំចិត្តរបស់ពួកគាត់ (អ្នកតាមស្រឡាញ់) ឲ្យយល់ព្រោះថា នាងមិនទាន់ចង់គិត ពីរឿងស្នេហា ក្នុងពេលនេះ ចង់ទុកពេល គិតពីការងារសិល្បៈ និងគ្រួសារសិន។

តារាស្រី ដែលជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង មានសម្រស់ស្រស់ឆើតឆាយរូបនេះ បានប្រាប់ឲ្យដឹងថា «មុនពេលដែលខ្ញុំ ចូលសិល្បៈធ្លាប់ មានការលើកឡើងថា សិល្បៈគឺអាចមានការដោះដូរនេះ ដោះដូរនោះ មុននឹងល្បី ហើយក៏ពិបាក ក្នុងការបញ្ចៀសរឿងនេះដែរ។ តែជារឿយៗ ខ្ញុំតែងតែខំប្រឹងពន្យល់ អ្នកដែលមានការយល់ច្រឡំបែបនោះ ។ ជាក់ស្តែងនៅពេលខ្ញុំ ចូលសិល្បៈ ក៏មានអ្នកជំនួញមានទ្រព្យ ជាច្រើន តាមសុំស្នេហ៍ ខ្ញុំមិនរើសអ្នកណាឡើយ ហើយអ្វីដែលពិសេសគឺ ខ្ញុំមិនចង់ឲ្យអ្នក ដែលមានគ្រួសារហើយមក ទាក់ទងខ្ញុំទេ..!»។

តារាស្រីវ័យ២២ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «សម្រាប់ខ្ញុំ មិនមានការរើសអើងឡើយ បើមានអ្នកមានទ្រព្យសម្បតិ្តស្រឡាញ់ ពេញចិត្តខ្ញុំ ចង់រៀបការ ខ្ញុំក៏ទទួលយកមិនមានការប្រកាន់ឡើយ ។ តែបើសិនជាអ្នកស្រឡាញ់ខ្ញុំ គាត់មានភរិយា និងកូន បើទោះជាគាត់ មានលុយមានឡាន វីឡាឲ្យខ្ញុំច្រើនកម្រិតណា ក៏ដោយ ក៏ខ្ញុំមិនហ៊ានប្រាថ្នាដែរ ហើយក៏សុំដាក់បម្រាម មិនទទួលយកទេ ព្រោះមិនចង់ធ្វើជាស្រីកំណាន់ឬ ក៏ជាអ្នកទី៣ របស់អ្នកណាឡើយ..»។

ទាក់ទងទៅនឹងការងារសិល្បៈ នាពេលបច្ចុប្បន្នរបស់នាងវិញ ត្រូវបាន ដាលីស ប្រាប់ឲ្យដឹងថា នាងធ្លាប់បានចូលរួមសម្តែងរឿងបាន២ ទី១គឺរឿង «កំឡោះចាប់ហួយ» របស់ទូរទស្សន៍ CTN ក្នុងតំណែងជាតួកាចឆ្នាស់ឆ្នើម និងរឿង «ដីបំណះថ្មី» របស់ទូរទស្សន៍ My TV ក្នុងតំណែងជាតួកម្សត់ រួមទាំងការសម្តែង ក្នុងបទចម្រៀងជាច្រើន របស់ផលិតកម្ម ថោន ,សាន់ដេ និងផលិតកម្មមួយចំនួនទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh