CamNews

ជីវិត និងការងារ 

សូមស្ដាប់មហាសេដ្ឋីពិភពលោក និយាយអំពីចំនុចខ្សោយរបស់ខ្លួន

មនុស្សយើង គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយចំនុចខ្វះខាតគឺជាប្រការដែលជួយឱ្យ
យើងមានភាពរឹងមាំជាងមុន។ ដោយឡែកមហាសេដ្ឋីក្នុងពិភពលោក ក៏មានចំនុចខ្វះខាតផ្ទាល់
ខ្លួន។

ចែកម៉ា (Jack Ma) រៀនខ្សោយមុខវិជ្ជាគណិត!

មហាសេដ្ឋី ចែកម៉ា ស្ថាបនិករបស់ក្រុមហ៊ុន Alibaba ទទួលស្គាល់ថា ខ្លួនពិតជារៀនខ្សោយមុខ
វិជ្ជាគណិត និងធ្លាប់ប្រលងមហាវិទ្យាល័យធ្លាក់ពីរលើក។

ប៉ុន្តែ ជំនួសមកវិញ លោក ចែកម៉ា ពូកែភាសាបរទេស។ កាលពីលោនៅជាកម្លោះម្នាក់ លោក
ធ្លាប់​ធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ភ្ញៀវបរទេសនៅ Hangzhou ប្រទេសចិន។ បន្ទាប់ពី
រៀនចប់មហាវិទ្យាល័យអង់គ្លេសនៅសាលា Hangzhou ឆ្នាំ ១៩៨៨ លោក ចែកម៉ា បានធ្វើជា
គ្រូបង្រៀនភាសាអង់គ្លេសជាច្រើនឆ្នាំ ដោយទទួលបានប្រាក់ខែ ១២ដុល្លារអាមេរិក/ខែ។

Donald Trump ៖ មិនយល់ដឹងអំពីបច្ចេកវិទ្យា


ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ត្រូវបានគេដឹងថា ជាមនុស្សដែលមិនសូវយកចិត្តទុកដាក់
នឹងបច្ចេកវិទ្យា ហើយក៏មិនមានការយល់ដឹងច្រើនអំពីវិស័យនេះ។

ទស្សនាវដ្ដី TheNextWeb ឱ្យដឹងថា លោក Trump ធ្វើការដោយមិនចាំបាច់ឆែកអ៊ីម៉េល។ លោក
ក៏មិនសូវយកស្មាតហ្វូនជាប់តាមខ្លួន ដោយគាត់ប្រើតែទូរស័ព្ទដែលមានមុខងារតែពីរគឺហៅចេញ
និងទទួល។ ប្រភពព័ត៌មានមួយចំនួន ថែមទាំងបានចេញផ្សាយថា លោក Trump មិនចេះប្រើ
កុំព្យូទ័រផងដែរ ហើយការដាក់ Macbook នៅក្បែរខ្លួនគឺគ្រាន់តែដើម្បីលំអប៉ុណ្ណោះ។

រីឆាត ប្រានសុន (Richard Branson) ៖ មានជម្ងឺពិបាកអានអក្សរ


មហាសេដ្ឋី រីឆាត ប្រានសុន កើតឆ្នាំ ១៩៥០ នៅ Blackheath ក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ បើទោះជាឪពុករបស់ខ្លួនជាមេធាវីដ៏ល្បីឈ្មោះ ប៉ុន្តែគ្រួសារគាត់មិនមានទ្រព្យច្រើននោះទេ។
កាលពីនៅតូច រីឆាត ប្រានសុន មានជម្ងឺពិបាកអានអក្សរ ហើយគាត់បានបោះបង់ការសិក្សា
កាលពីអាយុ១៦ឆ្នាំ។ លោកគ្រូនាយកសាលារបស់ រីឆាត ប្រានសុន ធ្លាប់និយាយថា រីឆាត
ប្រានសុន អនាគតអាចនឹងត្រូវជាប់គុក ឬក្លាយជាសេដ្ឋី។

រីឆាត ប្រានសុន ក្លាយជាសេដ្ឋី ចាប់ពីអាយុ២៣ឆ្នាំ ហើយបច្ចុប្បន្ន គាត់គឺជាមហាសេដ្ឋីម្នាក់ដ៏
ល្បីឈ្មោះក្នុងពិភពលោក។

ប៊ីលហ្គេត (Bill Gates) ៖ មិនចេះភាសាបរទេស



នៅក្នុងកិច្ចសម្ភាសមួយនៅលើទំព័រ Reddit កាលពីឆ្នាំ ២០១៥ លោក ប៊ីលហ្គេត ដែលជាសហ
ស្ថាបនិករបស់ Microsoft ធ្លាប់និយាយថា ប្រការដែលលោកសោកស្ដាយជាងគេក្នុងជីវិត នោះ
គឺការមិនចេះភាសាបរទេស។

លោកនិយាយថា លោកធ្លាប់រៀនភាសាឡាតាំង និងក្រិកនៅសាលាមធ្យមសិក្សា ប៉ុន្តែគាត់ថា
ភាសាដែលគាត់ចង់រៀនគឺភាសាបារាំង ឬចិន៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Genk


Tags: មហាសេដ្ឋី ចំនុចខ្សោយ