សៀមរាប ៖ អាជ្ញាធរខេត្តសៀមរាបបានរឹបអូសកាំជ្រួច និងផាវជាច្រើនប្រភេទដែលលក់ខុសច្បាប់នៅតាមទីផ្សារនានា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃសុក្រសប្តាហ៍មុនបានណែនាំអាជ្ញាធរមូលដ្ឋានឲ្យពង្រឹងវិធានការដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក៏ដូចជារំលឹកដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។
ឯកឧត្តម បានបន្ថែមទៀតថា "យើង ត្រូវតែរំលឹកប្រជាជនឲ្យប្រុងប្រយ័ត្នជាមួយនឹងភ្លើង ជាពិសេសភ្លើងទៀន ធូប ខណៈពេលដែលចម្អិនអាហារ នៅជិតខ្សែរភ្លើង ឬសម្ភារៈដែលអាចឆេះបាន រីឯការដុតកាំជ្រួច ផាវ ឬអ្វីៗដែលផ្ទុះ គឺត្រូវបានហាមឃាត់" ។
លោក សួរ ម៉េង មន្រ្តីនគរបាលនៅការិយាល័យអាវុធផ្ទុះនៅខេត្តសៀមរាបបានរៀបរាប់កាលពីម្សិលមិញថា អាជ្ញាធរបានរកឃើញកាំជ្រួច និងផាវជាច្រើនប្រភេទដែលបានដាក់លក់ជិត ២០ កន្លែងនៅទូទាំងទីផ្សារក្នុងស្រុកចំនួន ៧ ។ ការរឹបអូសនេះ គឺដោយសារតែការដុតផាវ និងឧបករណ៍ផ្ទុះទាំងនោះអាចបង្កឲ្យមានការរំខាន ហើយមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង ប្រសិនបើមិនបានទុកដាល់វាឲ្យត្រឹមត្រូវ។ អ្នកលក់ដែលមានលក់ទំនិញខុសច្បាប់ទាំងអស់ បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីបញ្ឈប់ការលក់ផលិតផលគ្រោះថ្នាក់នេះទៀត។
ផ្សារប្រាំពីរនោះរួមមាន ផ្សារលើធំថ្មី ផ្សារសាមគ្គី ផ្សារប័រឡាំងការ ផ្សារក្រោម ផ្សារភូមិភាគ ផ្សារដើមក្រឡាញ និងផ្សារប្រិមព្រៃ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានប្រាប់ទៅមន្ដ្រីក្រោមបង្គាប់របស់គាត់ឲ្យធ្វើការការពារលើការដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះគ្រប់ប្រភេទនៅក្នុងថ្ងៃចូលឆ្នាំចិននេះផងដែរ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតឹងរ៉ឹងដើម្បីបង្ការការនាំចូលកាំជ្រួច និងផាវគ្រប់ប្រភេទមករាជធានីភ្នំពេញ ហើយបន្ថែមការត្រួតពិនិត្យ និងរឹបអូសវត្ថុទាំងនោះ ប្រសិនបើរកឃើញថាមានលក់នៅទីកន្លែងណាមួយក្នុងទីក្រុងភ្នំពេញ។
ពិធីចូលឆ្នាំចិន នឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍សប្តាហ៍នេះហើយ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ KhmerTimes