CamNews

ព័ត៌មានជាតិ 

មេខ្លោងចោរប្លន់ប្រដាប់អាវុធម្នាក់ ត្រូវកម្លាំងនគរបាលខេត្តកែប តាមបង្ក្រាបក្រោយគេចខ្លួន រយៈពេល៦ឆ្នាំ

(កែប)៖ មេខ្លោងចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលសមត្ថកិច្ចអះអាងថា មានគ្រោះថ្នាក់បំផុតនោះ ត្រូវបានកម្លាំងនគរបាលខេត្តកែប តាមបង្ក្រាប និងចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០១៥ នេះ ក្រោយពីបានរត់គេចខ្លួន អស់រយៈពេល៦ឆ្នាំរួចមក។

យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ អ៉ី សំអុល ដែលអង្គភាព Fresh News ទទួលបាន នៅព្រឹកថ្ងៃនេះ បានបង្ហាញថា មុខសញ្ញាប្លន់ប្រដាប់រូបនេះមានឈ្មោះ វ៉ាន់ ផនហៅ ភា ផន អាយុ២៩ឆ្នាំ ទីលំនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ដែលបានប្រព្រឹត្តបទល្មើស ប្លន់ប្រដាប់អាវុធកាលពីយប់ថ្ងៃ១៦ ខែ មករា ឆ្នាំ២០០៩ នៅភូមិដំណាក់ចំបក់ សង្កាត់​​អូរ​ក្រសារ ក្រុងកែប ហើយរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃចាប់ខ្លួនតែម្តង។

ជននេះត្រូវបានចៅក្រមស៉េីបសួរសាលាដំបូងខេត្តកំពត លោក ជួន វណ្ណៈ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួនលេខ១៦៨ ចុះថ្ងៃទី២៩ ខែមិនា​ ឆ្នាំ២០១២។

ក្រោយទទួលបានដីកាពីតុលាការ កម្លាំងនគរបាលខេត្តកែប ដឹកនាំដោយលោកវរសេនីយឯក ប៉ូង សុខេង​ ស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ក្រោមបញ្ជាពីលោកស្នងការ បានធ្វើការងារជំនាញ រហូតចាប់ខ្លួនតែម្តង។

នៅព្រឹកថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៥នេះ នគរបាលបានបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តន៍ទោស តាមសាលក្រមកំណត់៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News Kep