(ភ្នំពេញ)៖ ជនទំនើងមួយក្រុមមានគ្នាបួននាក់ ជិះម៉ូតូពីរគ្រឿង នៅនារាត្រីស្ងាត់បានដកកាំភ្លើងខ្លី បាញ់មេឃចំនួន៤គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ នៅវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ០១៥ នៅតាមបណ្តោយផ្លូវ១០៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សាក្សីដែលបានឃើញហេតុការណ៌បានប្រាប់ថា នៅវេលាម៉ោងខាងលើ គេបានឃើញជនទំនើងមួយក្រុម មានគ្នាបួននាក់ មិនដឹងជាជិះម៉ូតូចេញមកពីតំបន់ណានោះទេ ស្រាប់តែជិះមកដល់ផ្លូវ១០៨៦ ជនទំនើងម្នាក់ ដែលជិះពីក្រោយពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ បានដកកាំភ្លើងខ្លីពីចង្កេះ បាញ់ឡើងលើចំនួន៤គ្រាប់ បន្ទាប់ពីបាញ់ហើយក្មេងទំនើងទាំងបួននាក់ នោះបានជិះម៉ូតូឡើង មកតាមផ្លូវលេខ៥៩៨ គេចខ្លួនបាត់ស្រមោល។
សាក្សីបន្តថា បន្ទាប់ពីក្មេងទំនើងដែលបាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ ទៅបាត់ស្រមោលអស់ គេបានឃើញកម្លាំងសមត្ថកិច្ច ចុះទៅព្រោងព្រាតនៅកន្លែងកើតហេតុ ដើម្បីតាមរកជនល្មើស តែលទ្ធផលគឺបានត្រឹមតែនាំគ្នាវិភាគសំបកគ្រាប់កាំភ្លើង ដែលបន្សល់នៅកន្លែងបាញ់ចំនួន២គ្រាប់តែប៉ុណ្ណោះ៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី