CamNews

ព័ត៌មានអន្តរជាតិ 

កក្រើក! មានការសង្ស័យថា អ៊ីរ៉ង់បានធ្វើតេស្តគ្រាប់​មីស៊ីល​ដែល​អាច​បំពាក់​នុយក្លេអ៊ែរ!

(ប៊ែកឡាំង)៖ ប្រទេសអ៊ីរ៉ង់បានបាញ់​សាកល្បងគ្រាប់​មីស៊ីលឈ្មោះថា «ស៊ូម៉ា (Sumar)» ដែលមាន​សមត្ថភាពផ្ទុក​ក្បាលគ្រាប់​នុយ​ក្លេ​អ៊ែរ បន្ថែមពី​លើ​ការធ្វើតេស្តមីស៊ីល​ផ្លោងមួយ​គ្រាប់ផ្សេងទៀត​ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍មុន​នេះ។ នេះបើ​តាមការចេញផ្សាយ​​របស់​​សារ​ព័ត៌មាន​​អាល្លឺ​ម៉ង់ Die Welt នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

សារព័ត៌មាន​ខាងលើបាន​ចុះផ្សាយថា​ គ្រាប់មីស៊ីល Sumar ត្រូវបាន​ផលិតឡើង​នៅក្នុងប្រទេស​អ៊ីរ៉ង់ផ្ទាល់ និងធ្វើដំណើរបាន​ចម្ងាយ​ប្រមាណ​ ៦០០គីឡូម៉ែត្រ​នៅក្នុងការ​ធ្វើតេស្ត​ដោយជោគជ័យ​ដំបូងបំផុត​របស់វា។ មីស៊ីលដ៏ទំនើបនេះ​ត្រូវបានគេជឿជាក់​ថា​ មានសមត្ថភាព​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ និងប្រហែល​ជាមានរយៈចម្ងាយ​ចាប់ពី២,០០០គីឡូម៉ែត្រ ទៅ៣,០០០គីឡូម៉ែត្រ។

គ្រាប់មីស៊ីល​ប្រភេទនេះ​មានភាពលំបាក​ខ្លាំងក្នុងការទប់ទល់​ជាជាងគ្រាប់មីស៊ីល​ផ្លោង ដោយសារតែ​ពួកវា​ធ្វើការ​ហោះហើរ​នៅរយៈកម្ពស់​​ទាប​ជាង និងអាចគេច​ផុតពី​ប្រព័ន្ធ​រ៉ាដា​របស់សត្រូវ​បានយ៉ាង​ងាយស្រួល ដែលធ្វើឲ្យ​ប្រព័ន្ធមីស៊ីល​ការពារអាកាស​មានភាព​ច្របូក​​​ច្របល់ ហើយមាន​សមត្ថភាព​វាយប្រហារ​បានយ៉ាង​ជ្រៅ​ចូល​ក្នុង​មូលដ្ឋាន​របស់គូបដិបក្ស។ ប៉ុន្តែអ្វីដែល​ជាពិសេសបំផុត​សម្រាប់អ៊ីរ៉ង់​នោះ គឺ​​ប្រភេទគ្រូស​មីស៊ីលនេះ (Cruise Missile) ពុំត្រូវបានបញ្ជាក់​នៅក្នុង​ដំណោះស្រាយ​របស់អង្គការ​សហប្រជាជាតិ​ណាមួយ​ដែលបាន​ដាក់​បំរាមលើ​ការផលិតមីស៊ីល​ផ្លោង​ ដែលអាច​បំពាក់ក្បា​លគ្រាប់នុយក្លេអ៊ែរ​បាននោះឡើយ។

គួរបញ្ជាក់ថា​ដំណឹងនៃ​ការធ្វើតេស្តមីស៊ីល​ថ្មីនេះ​​របស់អ៊ីរ៉ង់​ បានលេចឡើងនៅប៉ុន្មាន​ម៉ោង​​ក្រោយពេល​ដែល​សេតវិមាន បាន​ចាត់​​ប្រទេស​មួយនេះ​ទៅក្នុង​ការកត់​ចំណាំ ពីព្រោះ​តែការបាញ់​សាកល្បង​មីស៊ីលផ្លោង ហើយសញ្ញានេះ​អាចបង្ហាញ​ថាអាមេរិកនឹងត្រៀមដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​ជាការសម្តែង​ឥរិយាបថ​កោងកាចមួយ​​សំដៅរក​រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់ ដែលអាច​បង្កភាពតានតឹង​នៅក្នុងតំបន់បាន។ រីឯ​អ៊ីរ៉ង់​វិញបានបញ្ជាក់​នៅថ្ងៃពុធសប្តាហ៍នេះ​ថា​ ខ្លួនពិតបាន​បាញ់សាកល្បង​គ្រាប់មីស៊ីល​ផ្លោងមែន ប៉ុន្តែការ​ធ្វើតេស្តនេះ​មិនបានបំពាន​កិច្ចព្រម​ព្រៀងនុ​យក្លេអ៊ែរ​ ជាមួយ​មហាអំណាច​ពិភពលោក​ទាំង០៦ ឬក៏ដំណោះស្រាយ​របស់ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​ដែល​អនុម័ត​លើកិច្ចព្រមព្រៀង​នេះឡើយ។

ដោយឡែកនៅ​ពេលភ្លាមៗនេះ ពុំទាន់មាន​សេចក្តីអធិប្បាយ​ពីសំណាក់ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ BND របស់អាល្លឺម៉ង់ ឬមួយក៏អាជ្ញាធ​រនៃប្រទេសអ៊ីរ៉ង់​នៅឡើយទេ ជុំវិញ​សេចក្តី​រាយការណ៍​ខាងលើស្តីពីការបាញ់​សាកល្បង​គ្រូសមីស៊ីល ដែលមាន​សមត្ថភាព​បំពាក់​ក្បាលគ្រាប់​នុយ​ក្លេ​អ៊ែរ​៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: International news