CamNews

តារា 

ទេព បូព្រឹក្ស វាយបក​អ្នករិះគន់ ថា​លេង​ស្ទីល​ដូច​តារា​កូរ៉េ CL

ពេញ៖ ទេព បូព្រឹក្ស ជាតារាចម្រៀងម្នាក់ ពូកែខាងក្បាច់រាំ និងតុបតែងខ្លួនបានស្អាតបាត ដូចតារា បរទេស ។ ជាពិសេសការលាបពណ៌សក់ ដ៏ស្រស់ឆើតឆាយ ហាក់គ្មានអ្នកចម្រៀងណា ធ្វើបានដូច នាងនោះឡើយ ។ នៅពីក្រោយភាពស្រស់ស្អាត និងល្បីល្បាញរបស់ ទេព បូព្រឹក្ស ត្រូវបានរុំព័ទ្ធ ទៅដោយរឿងរ៉ាវ ច្រណែនឈ្នានីស ពីសំណាក់តារាចម្រៀង រួមអាជីព ដែលព្យាយាមបំបាក់នាង ម្ដងជាពីរដង តាមរយៈបណ្ដាញសង្គម និងតាមសារព័ត៌មានផ្សេងៗ រហូតដល់នាង ស្ទើរតែគ្មាន ព័ត៌មានល្អ ទាល់តែសោះ ក្នុងការចុះផ្សាយម្ដងៗ លើទស្សនាវដ្ដី ឬកាសែតនានា ។

ពាក្យចាស់តែងពោលថា "អំពើអាក្រក់ ពិតជាមិនឈ្នះអំពើល្អឡើយ" ទីបំផុត ទេព បូព្រឹក្ស នៅតែ អាចរក្សាភាពល្អស្អាតស្អំ ឲ្យខ្លួនឯងបាន ទោះបីជានាងជាក្មេងស្រីវ័យទើបតែ ២០ឆ្នាំក្ដី ។ នាងហាក់ ប្រឹងប្រែង តតាំង ជាមួយអ្នកដែលត្រូវ ស៊ីសាច់ហូតឈាម មិនព្រមឲ្យនាង រស់នៅក្នុង ភាពស្ងប់ សុខឡើយ ។ រឿងដដែលៗពេក ទេព បូព្រឹក្ស ក៏បានប្រើប្រាស់បណ្ដាញ សង្គមហ្វេសប៊ុក ដើម្បី តបត ទៅអ្នកដែលប្រឆាំងនឹងនាង។

ទេព បូព្រឹក្ស បាននិយាយ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាភាសាអង់គ្លេសយ៉ាងវែង និងបានប្រែ សម្រួលជាភាសាខ្មែរថា "ផ្ញើរជូនចំពោះ អ្នកដែលមិនពេញខ្ញុំ (ទេព បូព្រឹក្ស) តើអ្នកទាំងអស់ ពិត ជាអ្នកគាំទ្រ ដ៏ពិតប្រាកដរបស់នាង ស៊ីអិល(CL) នៃក្រុមចម្រៀង ដ៏ល្បីល្បាញកូរ៉េ 2NE1 ? តើការ តុបតែងខ្លួនរបស់នាង ស៊ីអិល ពិតជាឡូយមែនទេ ? តើអ្នកធ្លាប់ស្រមៃថា នឹងបានធ្វើខ្លួនដូចជា នាងស៊ីអិលថ្ងៃណាមួយមិនខានឬអត់? សម្រាប់ខ្ញុំក៏ដូចគ្នា ខ្ញុំក៏ស្រមៃថា ថ្ងៃណាមួយខ្ញុំនឹង បាន លេងខ្លួន ដូចជានាង ស៊ីអិល ដែរ ព្រោះខ្ញុំក៏ជាអ្នកគាំទ្រនាងស៊ីអិល ហើយមិនមែន ទើបតែពេល ខ្ញុំក្លាយ ជាតារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស ទេ គឺមុនពេលខ្ញុំចូលហង្សមាសទៅទៀត ខ្ញុំបានស្លៀកពាក់តាមនាងស៊ីអិល..!"។

ជាការពិតណាស់ តារាចម្រៀងជាច្រើន ក្នុងស្រុកខ្មែរ មិនទាន់មានអ្នករៀបចំស្ទីល តែងខ្លួនដូចតារា បរទេសឡើយ ក្នុងនោះក៏មាន ទេព បូព្រឹក្ស ម្នាក់ដែរ ។ នៅក្នុងសារដ៏វែង របស់តារា ចម្រៀងវ័យ ក្មេង មានឈាមជ័រជាអ្នកសិល្បៈ ទេព បូព្រឹក្ស បានបន្តជាសំណួរសួរទៀតថា បើអ្នកមាន ស្ទីល រៀបចំផ្ទាល់ខ្លួន អ្នកណាមិនចង់ ? ហើយនាងនឹងព្យាយាមធ្វើវាឲ្យបានល្អបំផុត ។ ទេព បូព្រឹក្ស និយាយថា នាងគ្រាន់តែចង់ធ្វើតាមនាងស៊ីអិល ខ្លះៗប៉ុណ្ណោះ ។ សូម្បីតែនាង ស៊ីអិលខ្លួនឯង ចំឡងតាម នាង ឡេឌី ហ្គាហ្គា និង នាង ហ៊ីយូរី ដែលជាតារាចម្រៀងស្រី ល្បីរបស់កូរ៉េ ។ចុះនាង គ្រាន់តែចំឡងតិចតួច ពិតជាខុសដែរមែនទេ ?

ទេព បូព្រឹក បានសង្កត់ធ្ងន់ទៀតថា ចំណែកឯសក់ពណ៌របស់នាង មិនបានធ្វើតាមនាងស៊ីអិលទេ គ្រាន់តែចង់ធ្វើជាមនុស្ស ដែលលាបពណ៌ហ្នឹងមុនគេ ។ ទេព បូព្រឹក្ស ក៏ប្រាថ្នា នឹងបានស្លៀក សម្លៀកបំពាក់ មានតម្លៃថ្លៃៗ រាប់ពាន់ដុល្លារដូចនាង ស៊ីអិលដែរ ។ ទេព បូព្រឹក្ស ព្យាយាម មិនតប តជាមួយ ដែលមិនពេញចិត្តនឹង នាងណាស់ តែពាក្យសម្ដីរបស់ពួកគេខ្លះ មិនបានឲ្យ តម្លៃមក លើរូបនាងទាល់តែសោះ ទើបនាង ព្យាយាមបកស្រាយ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកនេះ ។ ទោះបីជាយ៉ាងណា ទេព បូព្រឹក្ស នៅតែទទួលយកការិះគន់ ក្នុងន័យស្ថាបនា ព្រោះនាងមិនអាច មើលឃើញ ខ្លួនឯងអស់នោះទេ ។

បន្ទាប់ពីបកស្រាយ អស់ជិតមួយទំព័រ បានបង្ហាញថា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីក្មេងម្នាក់ មានចរិយាមាយាទល្អ ដែលមិនយកកំហឹង ទៅទល់នឹងកំហល់ ព្រោះកន្លងមកតារាចម្រៀងខ្លះ បើមានការិះគន់ធ្ងន់ៗ បែបនេះ ច្បាស់ជាតបតវិញ ចាស់ដៃ មិនទុកមុខទុកមាត់ឲ្យទេ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer khmer star tep boprek