(ភ្នំពេញ)៖ នៅយប់ជ្រៅចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះបុគ្គលមួយចំនួន មាននិន្ទាការប្រឆាំងជ្រុលនិយម បានយករូបថតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលថតនៅក្រុងព្រះសីហនុ ទៅកែបម្លែងក្នុងកុំព្យូទ័រ ឲ្យខុសពីលក្ខណៈដើម (ទាញជើង) ដើម្បីពួកគេរិះគន់ និងវាយប្រហារ, ដោយទង្វើនេះត្រូវបានសម្តេចតេជោ លើកឡើងថា ជាល្បិចថោកទាបបំផុតមួយរបស់សកម្មជនបក្សប្រឆាំង ដែលចង់បំផ្លាញដល់កិត្តិយស និងក្រុមគ្រួសាររបស់សម្តេច។
ពាក់ព័ន្ធនឹងទង្វើ និងល្បិចថោកទាបនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទាមទារឲ្យពួកគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រូបថតនេះ ថតនៅពេលសម្តេចនាំចៅៗដើរលេងកំសាន្តនៅមាត់សមុទ្រ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រតិកម្មខ្លាំងៗនៅលើ Facebook ផ្លូវការនារាត្រីនេះយ៉ាងដូច្នេះថា «ខ្ញុំ និង ភរិយាព្រមទាំងកូន និងចៅៗគិតថានាំគ្នាមក សំរាកលំហែរកាយនៅសមុទ្រក្នុងថ្ងៃឆ្លងឆ្នាំ ហើយមានឱកាសបានជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងបានថតរូបជាអនុស្សាវរីយ៌ជាមួយក្រុមគ្រួសារ។ តែជាអកុសលគឺមានបុគ្គលមកពី បក្សប្រឆាំងជ្រុលនិយមមួយចំនួន បានព្យាយាមយករូប ភរិយាខ្ញុំយកទៅកែបម្លែងក្នុងកំព្យូទ័រ តាមកម្មវិធី (Photoshop) ដូចឃើញក្នុងស្នាមក្រឡាឥដ្ឋវៀចក្នុងរូបដែល ពួកនេះបានទាញជើងភរិយាខ្ញុំឲ្យមើលទៅមានលក្ខណ:មិនសមរម្យ ដើម្បីពួកគេវាយប្រហារ។ នេះជាល្បិចថោកទាបបំផុតមួយរបស់សកម្មជនបក្សប្រឆាំង ដែលគិតថាគ្មាននរណាដឹង។ រាល់នូវទង្វើទាំងឡាយណាដែលបំផ្លាញដល់កិត្តិយសខ្ញុំ និង ក្រុមគ្រួសារ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃប្រទេសមួយ គឺពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ សូមជូនពរជនរួមជាតិ ប្រកបតែសេចក្តីសុខ និងសំណាងល្អក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ នេះ!»។
ពាក់ព័ន្ធនឹងករណីនេះ មាន Facebook មួយឈ្មោះ Haknuman Leung បានបង្ហោះរូបថតដែលកែ បម្លែង(ទាញជើង) ជាមួយការសរសេររិះគន់យ៉ាងដូច្នេះថា៖ «ស្អីគេ!! ស្រ្តីទីមួយខ្មែរ ឈរថតអញ្ជឹង!!! ពិតជាគំរូអាក្រកក់របស់នារីខ្មែរមែន ! ជោរមើលប្រពន្ធផង ជោរ !!!»។
ការរិះគន់ និងល្បិចកែបម្លែងរូបថត ដែលថតនៅក្រុងព្រះសីហនុ ក្នុងកុំព្យូទ័រ តាមកម្មវធី Photoshop នេះ ត្រូវបានសម្តេចទាមទារឲ្យពួកគេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ព្រោះពួកគេបានបំផ្លាញកិត្តិយស និងក្រុមគ្រួសាររបស់សម្តេច៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី