CamNews

ព័ត៌មានជាតិ 

ខឹង​ម្តាយបង្ខំ​អោយដើរសុំទាន និងវាយ​ធ្វើបាប​រាល់ថ្ងៃ ក្មេងប្រុស​អាយុ១៤ឆ្នាំដាច់​ចិត្តចង​កបញ្ចប់ជីវិត

(ប៉ោយប៉ែត​)៖ ក្មេងប្រុសដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា​ តែរស់នៅក្នុងបន្ទុកគ្រួសារមានជីវភាពក្រីក្រ បានដាច់ចិត្តចងកបញ្ចប់ជីវិតទាំងខ្លួននៅវ័យក្មេង ព្រោះតែមិនអាចស៊ូទ្រាំទៅនឹងការវាយធ្វើបាប ស្ទើជារៀងរាល់ថ្ងៃពីសំណាក់ម្ដាយបង្កើត បានព្រោះតែបង្ខំអោយ​ទៅដើរសុំទាន និងសុំបាយសម្លរពីតាមរោងបុណ្យ រោងការយកមកទទួលទាន ដោយសារតែមិនមានលុយទិញ។

ហេតុការណ៏នេះបានកើតឡើងកាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥ម្សិលមិញនេះ នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្មេងប្រុស​ដែលដាច់ចិត្តចងកសម្លាប់ខ្លួន ព្រោះតែមិនអាចស៊ូទ្រាំទៅនឹងការវាយធ្វើបាបជារៀងរាល់ថ្ងៃ ពីសំណាក់ម្ដាយបង្កើត និងមានការខ្មាស់អៀនពេលម្ដាយបង្ខំ អោយដើរសុំទាន និងសុំបាយសម្លរគេ​យកមកហូប ព្រោះតែមានជីវភាពខ្វះខាតនេះត្រូវបានគេស្គាល់ ឈ្មោះសៀង ដាំ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅជាមួយម្ដាយនៅផ្ទះកន្លែងកើតហេតុ មិនបានរៀនសូត្រច្បាស់លាស់នោះទេ ដោយសារតែជីវភាពក្រីក្រហើយមាន​ម្ដាយឈ្មោះធីតាអាយុ​៤៧ឆ្នាំ​ទើបតែ​ត្រូវ​គេ​ចាប់​បញ្ជូន​មក​ពី ទីក្រុង​បាងកក​ប្រទេស​ថៃវិញ ហើយមកប្រកបមុខរបរដើរ​លក់​ផ្កានៅក្រុងប៉ោយប៉ែតដើម្បីចិញ្ចឹមជីវិត។

តាមអ្នកជិតខាងបានអោយដឹងថានៅវេលាថ្ងៃត្រង់​ខណៈម្ដាយមកពីលក់ផ្កាវិញ ទំនងលក់មិនដាច់គ្មានលុយទិញបាយម្ហូប ម្ដាយក៏បានប្រើកូនប្រុសខាងលើ អោយទៅសុំបាយសម្លរពីរោងការមួយ នៅក្បែរនោះ តែកូនមិនព្រមទៅ មិនដឹងមកពីខ្ជិលឬការខ្មាស់អៀននោះទេ ស្រាប់តែស្ត្រីជាម្ដាយខឹងក៏ជេរ និងវាយកូនយ៉ាងខ្លាំងរហូតធ្វើអោយផ្អើល​ដល់អ្នកជិតខាងនិងកូនអ្នក​ស្រុកនាំគ្នាចោមរោមមើល។ លុះនៅវេលារសៀលនៅវេលារសៀល ស្រាប់តែមានការភ្ញាក់ផ្អើលថាក្មេងប្រុសខាងលើចងកសម្លាប់ខ្លួនបាត់ទៅហើយ។

អ្នកជិតខាងបានបន្តថាគ្រួសារខាងលើនេះ មានជីវភាពក្រីក្រទើបនឹងត្រូវតម្រួតថៃចាប់បញ្ជូន ពីប្រទេសថៃវិញមកជួលផ្ទះគេស្នាក់នៅ និងរកសុីដើរលក់ផ្កា ហើយជារៀងរាល់ថ្ងៃម្ដាយ តែងតែបង្ខំ​កូនប្រុសរូបនេះដើរសុំទានគេ និងសុំបាយសម្លរពីរោងបុណ្យ រោងការយកមកហូបដោយសារតែមិនមានលុយទិញហើយនិងវាយកូនប្រុសខាងលើស្ទើគ្មានលោះថ្ងៃនោះទេ ទើបនាំអោយកើត​មានរឿងនេះតែម្ដងទៅ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News Banteaymeanchey