សៀមរាប: នំអន្សម ក្នុងនោះមាន នំអន្សមជ្រូក ផងដែរ ដែលជាកេរ្ដិ៍តំណែល របស់ដូនតាខ្មែរ តាំងពីបរម បុរាណមកហើយនោះ ត្រូវបានសមាគម ចុងភៅកម្ពុជា (Cambodia Chefs’ Association) បានត្រៀមនឹង ធ្វើប្រភេទនំអន្សមជ្រូក ខ្នាត់ធំមួយ គឺ នំអន្សមយក្យ ដែលគ្រាន់តែអង្ករដំណើប សម្រាប់ធ្វើនំមួយនេះ មាន ទម្ងន់ដល់ទៅ ៣០០ គីឡូក្រាម ដោយមិនទាន់គិតពីស្នូក សណ្ដែក និងស្នូលសាច់ជ្រូក ព្រមទាំងស្លឹក ចេកនៅឡើយនោះ ។
លោក ច័ន្ទ សុភា ដែលជាចុងភៅ ប្រចាំនៅសណ្ឋាគារ វីកតូរីយ៉ា ខេត្តសៀមរាប និងជាសមាជិក គណៈ គ្រប់ គ្រង សមាគមនចុងភៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» និងដើម្បីអបអរសាទរ សម្រាប់ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៧ ឈានចូល ព.ស ២៥៥៨ ត្រូវនិងថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០១៤ខាងមុខនេះ សមាគមចុង ភៅកម្ពុជា បានត្រៀម រៀបចំបង្ហាញនូវនំអន្សមជ្រូកខ្នាត់ធំមួយ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ នំអន្សម ក៏ដូចជាមិនធ្លាប់មាន នៅក្នុងពិភពលោក ។
លោកបានបញ្ជាក់ប្រាប់ថា នំអន្សមជ្រូក ដែលត្រូវធ្វើសម្រាប់ បង្ហាញក្នុងឱកាសនោះ នៅខាងមុខ ប្រាសាទ អង្គរវត្ត គឺមានទម្ងន់រហូតដល់ ៣០០គីឡូក្រាម នៃអង្ករ ដំណើប ដោយមិនទាន់គិត ពីស្នូលសាច់ជ្រូក និងស្នូល សណ្ដែក ហើយប្រើប្រាស់ស្លឹកចេកទម្ងន់ប្រមាណ ៣០០គីឡូក្រាម ដោយប្រើប្រាស់ នូវឆ្នាំង ពិសេសមួយ ព្រមទាំង ប្រើបុគ្គលិកចំនួន ៥១នាក់ សម្រាប់ការធ្វើអន្សមជ្រូកដ៏ធំនេះ គឺត្រូវរក្សាឲ្យបាន នូវរស់ជាតិ និងទ្រង់ទ្រាយដើម ទាំងអស់ ។
លោកបន្តឲ្យដឹងថា ពេលនេះយើងកំពុងធ្វើការរ៉ៃអង្គាស៍សម្រាប់ការចំណាយ ក្នុងការធ្វើនំអន្សមជ្រូកដ៏ធំ មួយនេះ ដែលគ្រោងចំណាយថរិការអស់ប្រមាណជាង ៧.៥០០ដុល្លារអាមេរិក ។ ហើយបច្ចុប្បន្ន សមាគមចុងភៅកម្ពុជា បានទទូលថវិការ ជាបណ្ដើរៗហើយ ជាក់ស្ដែង សណ្ឋាគារ វីកតូរីយ៉ា បានជួយ ឧបត្ថម្ភទឹកប្រាក់ចំនួន ២.០០០ដុល្លារ ក្រៅពីនោះយើងបានទទួលការបរិច្ចាកពីសមាជិកសមាគម ពីប្រតិ បត្តិករទេសចរណ៍ និងពីមិត្តភ័ក្រ ព្រមទាំងសប្បុរសជនផងដែរ ។
ក្រុមចុងភៅរបស់លោក កន្លងទៅធ្លាប់បានធ្វើសាកល្បង នូវនំអន្សមជ្រូកខ្នាតធំ នេះផងដែរ គឺ កន្លងទៅ ធ្វើនំអន្សមជ្រូក ដែលមានទម្ងន់ ២០គីឡូក្រាម ៣០គីឡូក្រាម និង ៥០គីឡូក្រាមរួចរាល់ហើយ ដោយ រក្សាបាននូវរស់ជាតិ និងទ្រង់ទ្រាយដើមទាំងស្រុង ។ ដោយភាពជោគជ័យ និងការតាំងចិត្តខ្ពស់ របស់ ក្រុមសមាជិក សមាគមចុងភៅកម្ពុជា ទើបពេលនេះ សមាគមបានដាក់សំណើរសុំ ចូលរួមបង្ហាញ នូវនំអន្សមយក្យនេះ នៅក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ឆ្នាំនេះ ។
លោកបញ្ជាក់ថា នំអន្សមជ្រូកនេះ គឺជាប្រភេទនំ តាមបែបប្រពៃណីយ៍ជាតិខ្មែរយើង តាំងពីបុរាណកាល មកម្លេះ ក្រៅពីការធ្វើនំអន្សម សម្រាប់អាហារ
ក្នុងឱកាសបុណ្យទាន សែនព្រេន និងពិធីផ្សេងៗនោះ នំអន្សមត្រូវបានប្រជាពលរដ្ឋខ្មែរ ធ្វើសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីយកទៅវត្តប្រគេនព្រះសង្ឃ ពិធីសែនព្រេន និងសម្រាប់ជូន ញ្ញាតិសណ្ដាន ផងដែរ ។ ចំពោះនំអន្សមជ្រូក ឬ អន្សមខ្លាញ់ ពេលគេវេច ជាទូទៅគឺប្រើស្នូលសណ្តែក លាយសាច់ជ្រូកបីជាន់ និងខ្ចប់ដោយស្លឹកចេក ព្រមទាំងមានចង់ដោយចំណង ផងដែរ ។
ចំពោះ នំអន្សមជ្រូកដ៏ធំនេះ សមាគមចុងភៅ មានបំណងប្រាថ្នាចង់ធ្វើនំអន្សមនេះ ដើម្បីដាក់ពាក្យ ស្នើ សុំចុះក្នុងបញ្ជី កំណត់ត្រាប្លែកៗ ក្នុងសៀវភៅតំណត់ត្រា ពិភពលោក (Guinness World Records) តែពេលនេះ យើងមិនទាន់មានលទ្ធភាពនៅឡើយ ដោយសារការចំណាយ ក្នុងការចុះឈ្មោះ មានតម្លៃ ថ្លៃពេក គឺជុំវិញ ១ម៉ឺន រហូតដល់ជិត ២ម៉ឺន ដុល្លារ តែយើងក៏បានគិតនិងគ្រោង ដាក់ពាក្យស្នើ សុំសម្រាប់ ឆ្នាំ ២០១៥ ខាងមុខនេះ ដើម្បីភាពល្បី និងរក្សានូវកេរ្ដិ៍តំណែលខ្មែរយើង ផងដែរ ៕