(ភ្នំពេញ)៖ បន្ទាប់ពីឈ្នះកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 តាមរយៈការប្រកួត ២ជើងឈ្នះក្រុមឆាយនីសតៃប៉ិ ៤-២ បានធ្វើឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Lee Tae Hoon បានសម្ដែងនូវការសប្បាយចិត្តជាខ្លាំង ស្របពេលកូនក្រុមខ្លួនសហការគ្នាលេងបានល្អ យកឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ ក្នុងជំនួបជើងទី២ លើទីលានពហុកីឡដ្ឋានជាតិយប់មិញ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតជាមួយក្រុមចិននីសតៃប៉ិយប់មិញ លោក Lee បាននិយាយថា សម្រាប់ការប្រកួតយប់មិញនេះ គឺជាជំនួបដ៏សំខាន់ ដែលកីឡាករម្នាក់ៗធ្វើបានល្អ ប៉ុន្ដែពួកគេត្រូវការបទពិសោធន៍ជាច្រើនទៀត ដើម្បីត្រៀមប្រកួតវគ្គបន្ដ ហើយពេលនេះកម្ពុជាមានឱកាសហើយ ដោយត្រូវឡើងវគ្គបន្ទាប់ និងត្រូវជួបក្រុមខ្លាំងៗជាងនេះ ។
គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានបញ្ជាក់ថា ថ្វីត្បិតកម្ពុជា មានកៅអីវគ្គបន្ដក្នុងដៃ ប៉ុន្ដែកីឡាករកម្ពុជា នៅមានចំណុចខ្វះខាតច្រើន ត្រូវកែតម្រូវ ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមយកលទ្ធផលល្អជូនប្រទេសជាតិ និងអ្នកគាំទ្ររាប់លាន់នាក់ក្នុងប្រទេសកម្ពុជា ។
លោកបានបន្ដថា «ចំណុចខ្សោយយើងមានបញ្ហាច្រើន ។
សម្រាប់បាល់ទាត់ យើងមិនអាចអភិវឌ្ឍន៍មួយថ្ងៃពីរថ្ងៃឲ្យរីកចម្រើនបានទេ គឺត្រូវការអភិវឌ្ឍន៍តាមដំណាក់កាល។ កីឡាករកម្ពុជា នៅមានចំណុចខ្វះខាតច្រើនផ្នែកបច្ចេកទេសមូលដ្ឋាន រួមទាំងការយល់ពីស្ថានភាពនៃល្បែង ព្រោះការយល់ពីបញ្ហានេះ នឹងធ្វើឲ្យការសម្រេចចិត្តលើទីលានត្រឹមត្រូវ និងលឿន ហេតុនេះខ្ញុំនឹងកែតម្រូវបញ្ហាបន្ថែមទៀត» ។
ទោះជាយ៉ាងណាក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់ដឹងថា ត្រូវជួបក្រុមណានៅវគ្គបន្ទាប់ឡើយ ពោលគឺត្រូវរង់ចាំការចាប់ឆ្នោតជ្រើសរើសពូលប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នាពេលខាងមុខសិន៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី