CamNews

ជីវិត និងការងារ 

អាយុ១៣ឆ្នាំ ក្លាយជាអ្នកជំនួញ ក្រោយពីច្នៃម៉ាស៊ីន បោះពុម្ភអក្សរអណ្ដែតតម្លៃទាប សម្រាប់ អ្នកពិការភ្នែក

ក្មេងប្រុសម្នាក់នៅអាមេរិក ដើមកំណើតឥណ្ឌា បានប្រើប្រាស់វិស័យដែលខ្លួនស្រឡាញ់ គឺ វិទ្យា
សាស្ដ្រ បច្ចេកវិទ្យាវិទ្យា បច្ចេកទេស និងគណិតវិទ្យា ដើម្បីបង្កើតម៉ាស៊ីនបោះពុម្ភអក្សរអណ្ដែត
Braigo សម្រាប់ជាការចាប់ផ្ដើមមុខជំនួញរបស់ខ្លួន។

មុនឆ្នាំ ២០១៣ Shubham Banerjee មិនធា្លប់បានស្គាល់ពាក្យថា Braille នោះទេ។ ប៉ុន្ដែ មកដល់
ខែធ្នូ ឆ្នាំ ២០១៤ នៅពេលបានប្រទះប័ណ្ណឃោសនាមួយ ដែលអំពាវនាវឱ្យមានការជួយឧបត្ថម្ភ
ដល់អ្នកមានបញ្ហាភ្នែក  Shubham Banerjee បានសួរពុកម្ដាយរបស់ខ្លួន “អ្នកពិការភ្នែក អានអក្សរ
ដោយរបៀបណា?”។ ពុកម្ដាយរបស់ Shubham Banerjee បានប្រាប់ឱ្យចូលសួរ Google ។ ពេល
នោះទើប Shubham Banerjee ដឹងច្បាស់អំពីអត្ថន័យនៃពាក្យ Braille ។ ប៉ុន្ដែ អ្វីដែល Shubham
Banerjee ចាប់អារម្មណ៍ នោះគឺ តម្លៃរបស់ម៉ាស៊ីនបោះពុម្ភអក្សរ Braille មានតម្លៃដល់ទៅ ជាង
២០០០ដុល្លារអាមេរិក។ ចាប់ពីពេលនោះ គំនិតដែលចង់ផលិតម៉ាស៊ីន Braille តម្លៃទាប បានកើត
មាននៅក្នុងខួរក្បាលរបស់កុមាររូបនេះ ដែលកំពុងរៀនថ្នាក់ទី ៧ នៅសាលា Champion ក្នុងក្រុង
San Jose រដ្ឋ California អាមេរិក។

ដោយសារមានការស្រឡាញ់របស់លេង Lego ហើយបន្ទាប់ពីលេង Lego Mindstorm EV3 រួមនឹង
ឧបករណ៍ជំនួយជាច្រើនផ្សេងទៀត មិនយូរប៉ុន្មាន Shubham ច្នៃបានជោគជ័យនូវរូបមន្តគំរូនៃ
ម៉ាស៊ីនបោះពុម្ភអក្សរអណ្ដែតតម្លៃថោក (៥០០ដុល្លា) ដំបូង ហើយដាក់ឈ្មោះថា Braigo (ពាក្យ
រួមផ្សំរវាង Braille និង Lego។

ម៉ាស៊ីនបោះពុម្ភអក្សរ Braille តម្លៃទាប ដែលត្រូវបានច្នៃពីប្រដាប់លេង Lego របស់ Shubham ក៏ត្រូវបានមជ្ឈមណ្ឌលជនពិការភ្នែកក្នុងតំបន់ ទទួលយកដោយក្ដីរីករាយ។

ក្រោយមក Braigo ត្រូវបាន Shubham នាំយកទៅចូលរួមពិព័រណ៍ច្នៃប្រឌិតដែលប្រារព្ធឡើង
ដោយសេតវិមាន កាលពីរដូវក្ដៅឆ្នាំ ២០១៤។ ខែកញ្ញា ឆ្នាំ ២០១៤ Shubham បានក្លាយជាអ្នក​ជំនួញផ្នែកបច្ចេកវិទ្យាដែលមានវ័យក្មេងបំផុត ដោយទទួលបានការវិនិយោគទុនពី Intel Capital។
ក្នុងគម្រោងរបស់ Shubham ក៏មានទាំងការអភិវឌ្ឍម៉ាស៊ីន Braigo ឱ្យទៅជាឧបករណ៍ដែលមាន
ប្រយោជន៍បំផុតដល់អ្នកពិការភ្នែក។ Shubham ត្រៀមនឹងបង្កើត និងបញ្ចូលកម្មវិធី ដែលអាចប្រែ
ក្លាយសម្ដី ឱ្យទៅជាអក្សរ។

Shubham ប្រៀបដូចជាទេវតារបស់ជនពិការភ្នែក ដែលអាចជួយដល់ពួកគេ មានលទ្ធភាពទិញ
ម៉ាស៊ីនបោះពុម្ភអក្សរអណ្ដែតតម្លៃទាប។ បច្ចុប្បន្ន ជនពិការភ្នែក រាប់សិបលាននាក់ កំពុងរង់ចាំ
ផលិតផលរបស់កុមារវ័យក្មេង Shubham ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Economic Times‎


Tags: ម៉ាស៊ីនបោះពុម្ភ Braigo Shubham Banerjee Braille