(ភ្នំពេញ)៖ អតីតម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣ កាលពីឆ្នាំ១៩៦៥ លើវិញ្ញាសាចោលស្នលោកស្រី ណុល កន បានទទួលមរណភាពហើយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ដែលនឹងប្រារព្ធពិធីបុណ្យ ៧ថ្ងៃ នៅថ្ងៃទី៤ ខែមករាស្អែកនេះ ប៉ុន្ដែក្រោយការស្លាប់របស់អតីតកីឡាការិនីអត្ដពលកម្មនេះ បានបន្សល់ទុកនូវបំណុលប្រមាណ ៥ពាន់ដុល្លារឲ្យកូន-ចៅសងជំនួស ដោយហេតុនេះកូនៗ ក៏បានធ្វើការអំពាវនាវរកជំនួយ ដើម្បីសម្រាលទុក្ខលំបាកក្នុងគ្រួសារ ដែលកំពុងជួបការខ្វះខាត។
លោកស្រី ខាន់ ចន្ត្រា កូនស្រីបង្កើតរបស់លោកស្រី ណុល កន បានឲ្យដឹងថា ម្ដាយរបស់ខ្លួនបានលាចាកលោកកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប៉ុន្ដែបានបន្សល់នូវបំណុលចំនួន ៥ពាន់ដុល្លារ ដែលម្ដាយបានខ្ចីគេមកសាងសង់ផ្ទះ ដែលកូន-ចៅក្នុងបន្ទុកត្រូវទទួលរាប់រង។ តែដោយសារបច្ចុប្បន្នគ្រួសារនៃសពពុំមានលទ្ធភាព និងខ្វះខាតថវិកាធ្វើបុណ្យឲ្យម្ដាយផង លោកស្រី ខាន ចន្ត្រា ក៏បានអំពាវនាវដល់សប្បុរសជនជួយសម្រាលទុក្ខលំបាក និងរៀបចំធ្វើបុណ្យជូនអតីត កីឡាការិនីជម្រើសជាតិខាងលើ តាមរយៈលេខទូរស័ព្ទ ០៩៦ ៣៧២ ៨១ ៧៧។
ទន្ទឹមនឹងការទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំអង្គភាពកីឡាក្រសួងមហាផ្ទៃ ក៏បានត្រៀមថវិកាចំនួន ១លានរៀល ដើម្បីចូលរួមសម្រាលទុក្ខលំបាកជាមួយគ្រួសារសពលោកស្រី ណុល កន ផងដែរ។ នេះបើយោងតាមការឲ្យដឹងពីមនុស្សជំនិតរបស់លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ដែលគ្រោងនាំយកថវិកាខាងលើ ទៅប្រគល់ជូនគ្រួសារសពក្នុងពេលឆាប់ៗខាងមុខ ហើយអង្គភាពកីឡាក្រសួងមហាផ្ទៃ ក៏បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ធនធានកីឡា ដ៏មានស្នាដៃខាងលើផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង