ក្រុមអ្នកប្រមាញ់កំណប់បានចាប់ផ្ដើមជីកគាស់ស្វែងរករថភ្លើងដឹកមាសរបស់ហ្វាស៊ីសអាល្លឺម៉ង់
នៅក្នុងតំបន់មួយ នៅភាគនិរតីនៃប្រទេសប៉ូឡូញ។
តំបន់ដែលត្រូវគេជីកកកាយរកកំណប់ ដែលជារថភ្លើងដឹកមាសរបស់ហ្វាស៊ីស
Piotr Koper ជនជាតិប៉ូឡូញ និងពលរដ្ឋអាល្លឺម៉ង់ Andreas Richter កាលពីខែសីហា ឆ្នាំ ២០១៥
បានប្រកាសថា មានរថភ្លើងមួយខ្សែប្រវែង ៩៨ម៉ែត្រ ត្រូវបានកប់ក្នុងដីជម្រៅ ៨ដល់ទៅ៩ម៉ែត្រ
នៅទីរួមស្រុក Walbrzych ភាគនិរតីនៃប្រទេសប៉ូឡូញ។ រថភ្លើងនេះត្រូវបានគេជឿថា មានដឹកមាស
វត្ថុមានតម្លៃ ឯកសារ និងអាវុធរបស់ហ្វាស៊ីសអាល្លឺម៉ង់។
Piotr Koper និង Andreas Richter កាលពីម្សិលមិញ បានដឹកនាំអ្នកជំនាញមួយក្រុម ចាប់ផ្ដើមជីក
កកាយដីបីកន្លែងផ្សេងៗគ្នា នៅក្នុងតំបន់ដែលត្រូវបានគេហ៊ុបព័ទ្ធ នៅ Walbrzych។
ទំព័រ Reuters ដកស្រីសំដីរបស់ Andrzej Galik អ្នកនាំពាក្យរបស់ក្រុមជំនាញខាងលើ បានឱ្យដឹង
ថា “យើងខ្ញុំត្រូវតែរកឱ្យឃើញផ្លូវដែក វាអាចជាច្រកចូលទៅកាន់ផ្លូវក្រោមដី ហើយបើសឹនជាមាន
មែន នោះវានឹងមានរថភ្លើងមួយខ្សែនោះទីនោះ។ បើសឹនជារកឃើញ យើងខ្ញុំអាចនឹងប្រកាសអំពី
អ្វីមួយដែលមានតាំងពីសង្គ្រាមលោកលើកទីពីរ។ យើងខ្ញុំសង្ឃឹមថា នឹងទទួលបានជោគជ័យ”។
ក្រុមខាងលើនេះ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យជីករកកំណប់។ មុននេះ ការសិក្សាស្រាវជ្រាវមួយ
របស់សកលវិទ្យាល័យវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា AGH នៅ Krakow បានសន្និដ្ឋានថារថភ្លើងនេះ
មិនមែនស្ថិតនៅក្នុងតំបន់ Walbrzych នោះទេ។
ផ្លូវដែកនៅគីឡូម៉ែត្រលេខ ៦៥ រវាង Wroclaw និង Walbrzych ដែលអ្នកជំនាញការប៉ូឡូញ
យល់ថា ជាកន្លែងមានរថភ្លើងដឹកមាសរបស់ហ្វាស៊ីសអាល្លឺម៉ង់
យ៉ាងនេះក្ដី Andrzej Galik ថ្លែងថា លទ្ធផលនៃការឆ្លុះមើលតាមរយៈរ៉ាដា បានបង្ហាញថា “ពិតជា
មានអំណោយផល”។ តាមគម្រោង ក្រុមអ្នករុករកខាងលើ នឹងប្រកាសអំពីលទ្ធផលនៃការជីកកកាយ
ក្នុងរយៈពេល ពីរបីថ្ងៃខាងមុខ។
ប្រែសម្រួល ៖ បុត្រា