CamNews

សុខភាព 

មេរោគ HIV ប្រែជាខ្សោយជាងមុន តែកុំភ្លេចប្រើស្រោម

យោងតាមការសិក្សាស្រាវជ្រាវថ្មីបំផុត បង្ហាញថា មេរោគ HIV នៅតំបន់អាហ្វ្រិក បានប្រែប្រួល
ច្រើន ធៀបនឹងរយៈពេលច្រើនឆ្នាំមុននេះ។ មេរោគ HIV ត្រូវប្រើពេលច្រើនជាងមុន ដើម្បីបំផ្លាញ
ប្រព័ន្ធការពាររាងកាយ របស់មនុស្ស មុនពេលឈានចូលដល់ដំណាក់កាល AIDS ។

ក្រុមអ្នក​វិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Oxford បានប្រមូលយកមេរោគគំរូ HIV នៅប្រទេស
Botswana និងអាហ្វ្រិកខាងត្បូង ទៅពិសោធ។ មេរោគ HIV បានផ្ទុះឡើងនៅ  Botswana ក្នុង
ទសវត្សរ៍ឆ្នាំ ១៩៨០ ចំណែក នៅប្រទេសអាហ្វ្រិកខាងត្បូង ផ្ទុះឡើងនៅទសវត្សរ៍ឆ្នាំ ១៩៩០។ នេះ
មានន័យថា នៅ  Botswana មេរោគ HIV មានពេលច្រើន ក្នុងការវិវឌ្ឍ បើធៀបនឹងនៅអាហ្វ្រិក
ខាងត្បូង។

ក្រោយពីបានពិសោធ គេរកឃើញថា មេរោគ HIV នៅ Botswana មានការចម្លង យឺតជាង បើធៀប
នឹងមេរោគ HIV មកពីប្រទេស​អាហ្វ្រិកខាងត្បូង ប្រការនេះ ក៏មានន័យថា វាត្រូវប្រើពេលច្រើនជាង
មុន ដើម្បីបំផ្លាញប្រព័ន្ធការពាររាងកាយរបស់មនុស្ស មុនពេលឈានចូលដល់ដំណាក់កាល AIDS។

អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ប្រព័ន្ធការពាររាងកាយរបស់មនុស្ស មានសមត្ថភាពស៊ាំ និងរីកចម្រើន ដើម្បីទប់ស្កាត់មេរោគដែលចូលមករាងកាយ។ តាមរយៈកត្ដានេះ នាំឱ្យប្រជាជនប្រហែល ១៥%
នៅទ្វីបអាហ្វ្រខាងត្បូង មានប្រព័ន្ធការពាររាងកាយរីកចម្រើនជាងមុន ដោយមានអាចស្គាល់ប្រូតេ
អ៊ីនសំខាន់របស់មេរោគ ដើម្បីទប់ស្កាត់។ ក្នុងករណីដូច្នេះ បណ្ដាមេរោគ និង HIV ត្រូវតែប្ដូរផ្លាស់
ប្រូតេអ៊ីនរបស់ខ្លួន ដើម្បីកុំឱ្យប្រព័ន្ធការពាររាងកាយមើលដឹង។ ប៉ុន្ដែ ការប្ដូរផ្លាស់នេះ បានធ្វើឱ្យ
មេរោគ HIV ខ្សោយជាងមុន ហើយមានសមត្ថភាពតិចតួច ក្នុងការបង្កគ្រោះថ្នាក់។ នៅពេលវាឆ្លង
ទៅកាន់អ្នកផ្សេង មេរោគនេះ នៅតែរក្សាទ្រង់ទ្រាយប្រូតេអ៊ីនថ្មី ដូច្នេះ ក្នុងមួយរយៈពេលវែង
បណ្ដាជម្ងឺចាស់ៗ ក៏បែរជាមិនបង្កគ្រោះថ្នាក់ច្រើន។ ទន្ទឹមនឹងនេះ មូលហេតុមួយផ្សេងទៀត ក៏
ជួយធ្វើឱ្យ HIV ខ្សោយជាងមុន នោះគឺការប្រើប្រាស់ថ្នាំប្រឆាំង HIV។

បើទោះជាមេរោគ HIV នៅអាហ្វ្រិក បានខ្សោយហើយក្ដី ប៉ុន្ដែ មេរោគ HIV នៅអាមេរិក អឺរ៉ុប និង
អាស៊ី អាចនឹងមានការវិវឌ្ឍខុសពីការរកឃើញខាងលើ។ ដូច្នេះ មនុស្សគ្រប់រូប មិនត្រូវមើលស្រាល
ឬភ្លេចប្រើស្រោម នៅពេលរួមភេទជាមួយដៃគូដែលមិនមែនជាស្វាមី ភរិយារបស់ខ្លួន ឬអ្នកមាន
ផ្ទុកមេរោគ HIV ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ibtimes


Tags: Botswana Oxford HIV Africa មេរោគ អេដស៍ AIDS