CamNews

យានយន្ត 

កម្ពុជាត្រៀមរៀបចំ ពិព័រណ៍យានយន្ត អន្តរជាតិដ៏ធំមួយ នៅឆ្នាំ២០១៥ខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សហព័ន្ធកីឡា យានយន្ដកម្ពុជា និងក្រុមហ៊ុន GPIM បានធ្វើសន្និសីទ សារព័ត៌ មួយនៅសណ្ឋាគារ Le Royal ស្ដីពីកម្ពុជាត្រៀមរៀបចំ “តាំងពិព័រណ៍យានយន្តអន្តរជាតិ នៅរាជធានីភ្នំពេញឆ្នាំ២០១៥” ដោយមានការចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា រួមទាំងមន្រ្ដីពាក់ព័ន្ធផ្សេងទៀត ។

ថ្លែងក្នុងសន្និសីទខាងលើលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ និងក្រុមហ៊ុនពិព័រណ៍យានយន្ដដ៏ធំមកពីប្រទេសថៃ Grand Prix International បានសហការគ្នារៀបចំពិធី តាំងពិព័រណ៍យានយន្ត អន្តរជាតិរាជធានីភ្នំពេញឆ្នាំ២០១៥ ដ៏ធំនេះឡើងដោយមានការគាំទ្រពី ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ផងដែរ ។

លោកបន្ដថា ពិព័រណ៍យានយន្ដដ៏ធំមួយនេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនៅក្នុងមជ្ឈមណ្ឌល កម្សាន្ដកោះពេជ្រ ដែលនឹងមាន ក្រុមហ៊ុនរថយន្ដទោចក្រយានយន្ដ និងក្រុមហ៊ុនឧបករណ៍ផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់បង្ហាញ ផលិតផលរបស់ខ្លួន ។ ក្នុងឱកាសនោះដែរក៏មានការបង្ហាញ នូវរថយន្ដ និងទោច ក្រយានយន្ដកែច្នៃប្លែកៗផងដែរ ជាពិសេសគឺរថយន្ដប្រណាំង លើទីលានឧបសគ្គតែម្ដង ។

លោក មៀច សុផាន់ណា បានបញ្ជាក់ថា “ក្នុងពិធីតាំង ពិព័រណ៍នេះ គឺយើងចង់ឲ្យប្រជាពលរដ្ឋ និងអ្នកកីឡា យល់ដឹង អំពីយានយន្ដ ដែលតាំងបង្ហាញ ទាំងអស់នោះថា រថយន្ដមានល្បឿនប៉ុន្មាន មានប្រសិទ្ធភាពប៉ុន្មាន នៅលើផ្លូវថ្នល់ ឬក៏ ភូមិសាស្ដ្ររបៀបណានោះ ជាពិសេសគឺការ តាំងបង្ហាញផលិតផល យានយន្ដដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា ដល់អតិថិជន” ។

លោក Prachin Eamlumnow ប្រធានក្រុមហ៊ុន GPIM បានថ្លែងឲ្យដឹងដែរថា ព្រឹត្តិការណ៍មួយនេះបានធ្វើឡើងរួមគ្នា រវាងកម្ពុជា-ថៃលើកដំបូង ដែលទាក់ទងនឹងយានយន្ដ លក្ខណៈទ្រង់ទ្រាយធំ ។ ក្នុងឱកាសនោះលោក ខៀវ កាញារីទ្ធ ក៏បានសម្ដែងនូវការគាំទ្រផងដែរ សម្រាប់ការសហការដ៏ល្អ ដែលជាផ្នែកមួយ ដើម្បីអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ចកម្ពុជាឲ្យ មានការរីកចម្រើន ដើម្បីធ្វើឲ្យទីផ្សាររថយន្ដកម្ពុជា កាន់តែមានសន្ទុះកើនឡើង និងបង្កើនការបញ្ជាទិញទៀតផង ៕



ផ្ដល់សិទ្ធិដោយ៖ looking today


Tags: Vehicle Cambodia PP