បាងកក៖ នាយករដ្ឋមន្រ្តី យីងឡាក់ ជិះរទេះរុញចូលប្រជុំ គណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកស្រី បានជំពប់ជើងដូល ខណៈចុះពី លើរថយន្តសួរសុខទុក្ខ ប្រជាពលរដ្ឋកាលពីថ្ងៃ អាទិត្យ។
យោងតាមគេហទំព័រ Thai News នៅថ្ងៃ អង្គារ ទី ១៨ ខែ មីនា ឆ្នាំ ២០១៤ បានចុះផ្សាយឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី (ចាំផ្ទះ) បានធ្វើដំណើរចូលរួម ប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃ អង្គារ នេះ ដោយរទេះរុញ តាម វេជ្ជបញ្ជារបស់គ្រូពេទ្យ ហាមមិនឲ្យធ្វើចលនាជើងធ្ងន់ៗ រយៈពេល ១ខែ បន្ទាប់ពីលោកស្រី យីងឡាក់ ជួបឧប្បតិ្តហេតុ ជំពប់ ជើងដួល ខណៈចុះពីលើរថយន្ត ដើម្បី សុខទុក្ខប្រជាពលរដ្ឋនៅនៅខេត្ត ឈៀងម៉ៃ កាលពីថ្ងៃ អាទិត្យកន្លងទៅនេះ។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃនេះ ប្រារព្ធនៅសាលារៀន តម្រួត ស្ថិតនៅខេត្ត ប៉ាទុមថានី ដើម្បីជៀសវាងការអុកឡុក ពីក្រុមបាតុករ ដែលតែងតែរំខានដល់កិច្ចប្រជុំជារឿយៗ។ នាយករដ្ឋមន្រ្តី យីងឡាក់ ជាប្រធាននៃ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ផ្តោតលើរបៀបវារសំខាន់ៗ ដូចជា៖ ប្រជុំលុបចោលច្បាប់គ្រាអាសន្ន នៅក្នុងក្រុងបាងកក ប្តូរមកប្រើច្បាប់ សន្តិសុខជាតិ មានលក្ខណៈធូរស្រាលជាង និង ផ្លាស់ប្តូរយុទ្ធសាស្រ្ត ការពារសន្តិសុខនៅក្នុងក្រុងបាងកក បន្ទាប់ពីស្ថានការណ៍ នយោបាយ មានការធូរស្រាល រួមទាំង មានការផ្លាស់ប្តួរ តំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល