ព័ត៌មានអន្តរជាតិ ៖ លោក Jerry Brown អភិបាលរដ្ឋ California ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ ពីទទួលរងនូវ គ្រោះរញ្ជួយដីយ៉ាងខ្លាំង នៅក្បែរទីក្រុង San Francisco ជាមួយ កម្លាំងរញ្ជួយដីកំរិតខ្លាំង ៦រិចទ័រ បណ្តាលឲ្យមនុស្ស យ៉ាងហោច ១២០ នាក់របួសស្រាល និង ៣របួសធ្ងន់ធ្ងរ ។ ការរញ្ជួយដី នេះ កើតឡើងនៅម៉ោង ៣៖២០ព្រឹកថ្ងៃអាទិត្យ ( ម៉ោងនៅអាម៉េរិក ) មនុស្សរាប់ម៉ឺននាក់ បានរត់ចេញ ពីផ្ទះ របស់ពួកគេ ហើយផ្ទះរាប់ម៉ឺនខ្នង រួមទាំង ផ្លូវថ្នល់ជាច្រើន ត្រូវបានខូចខាត។
ប្រភព សារ ព័ត៌មាន ពី គេហទំព័រ បរទេស អោយដឹងថា ឧប្បទ្ទវហេតុ រញ្ជួយដី នៅភាគខាងជើងរដ្ឋ California ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពី ទីក្រុង San Francisco ដែលមានកម្លាំងរញ្ជួយ ៦ រិចទ័រ និង មានជម្រៅ រហូតដល់ជាង ១០គីឡូម៉ែត្រ ។
គួររំឭកថា បើតាមរបាយការណ៍ បញ្ជាក់អោយដឹងថា គ្រោះរញ្ជួយដី ដ៏មានឥទ្ធិពលមួយនេះ ពិតជាមាន សភាពអាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត រដ្ឋ California ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ដោយ នៅក្នុងនោះ មិនត្រឹមតែបានធ្វើអោយ ក្រុមមនុស្ស ភាគច្រើន ទទួលរងរបួស ធ្ងន់ និង ស្រាល នោះទេ តែក៏បានធ្វើអោយហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុង ក៏ដូចជា ក្នុងរដ្ឋ រងនូវការខូចខាត អស់ជាច្រើនដូចគ្នា ដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី ស៊ីអិនអិន