ព័ត៌មានកីឡា៖ ខ្សែបម្រើកណ្ដាល វ័យ ២៧ ឆ្នាំ របស់ក្រុម Man City បានស្រែកប្រកាសក្ដែងៗប្រាប់ដល់អ្នកសារព័ត៌មាន ថា កីឡាករមិនដែលគិតថា Chelsea គឺជាក្រុមខ្លាំង ម្ដងណាឡើយ ក្រោយពីកីឡាករធ្លាប់បានសាកល្បងការប្រកួតកន្លងមក ។
Samir Nasri ជាកីឡាករឆ្នើមមួយរូបក្នុងចំណោមកីឡាករល្បីឈ្មោះ របស់ Man City បានធ្វើការអះអាងប្រាប់ទៅអ្នកកាសែតថា គាត់មិនដែលគិតថា Chelsea គឺជាក្រុមខ្លាំងនោះទេ ក្រោមការដឹកនាំរបស់ លោក Jose Mourinho ។ ហើយម្យ៉ាងទៀតនោះ ឆ្លងកាត់បទពិសោធន៍នៃការប្រកួតកន្លងមក បានធ្វើឲ្យគាត់កាន់តែស្គាល់ច្បាស់ ពីសមត្ថភាពរបស់ក្រុម។
យោងតាមការបកស្រាយរបស់គេហទំព័រអន្ដរជាតិ បានដកស្រង់ពាក្យសម្ដីកីឡាករបន្ដថា កីឡាករ ក៏ជាអ្នកគាំទ្រលោក Jose Mourinho ខ្លាំងផងដែរ ប៉ុន្ដែគាត់មិនដែលយល់ថា ការដឹកនាំរបស់គាត់មើលទៅល្អ យ៉ាងណានោះទេ ដោយហេតុ ដូចជាពេលវេលាកន្លងមកដែលគាត់ ធ្លាប់បានសាកល្បង ការប្រកួត ២ ដង ក្នុងរដូវកាលនេះ ។ ដូច្នេះតាមការមើលឃើញ របស់គាត់ គឺក្រុមនេះ គ្មានអីអស្ចារ្យនោះទេ ។
គូសបញ្ជាក់ឲ្យដឹងថា គំលាតពិន្ទុ ក្រុមទាំងពីរហាក់ដូចជានៅឃ្លាតឆ្ងាយពីគ្នាខ្លាំងណាស់ ខណៈដែល Man City នៅចាញ់ពិន្ទុរហូតដល់ទៅ ៧ គ្រាប់ ហើយបើយោងតាមពាក្យសម្ដីរបស់ Samir Nasri នៅមានទំនុកចិត្ដខ្លាំងណាស់ថា ក្រុមនឹងប្រាកដជាអាចតាមផ្ចាច់ Chelsea នៅពេលណាមួយ ។ ដូច្នេះ ក៏មានសំណួរមួយលើកឡើងថា តើ Man City ពិតជាអាច ផ្ដួលតំណែង Chelsea បានដែរឬទេ ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Goal.com