CamNews

ព័ត៌មានអន្តរជាតិ 

រុស្ស៊ីបង្ហាញភ័ស្ដុតាងក្ដៅគគុក ស្ដីពីករណីយន្ដហោះ MH17 របស់ម៉ាឡេស៊ី

ទូរទស្សន៍ជាតិ រុស្ស៊ី កាលពីថ្ងៃទី ១៣វិច្ឆិកា កន្លងទៅ បានបញ្ចេញរូបថតផ្កាយរណបមួយ ក្នុងនោះ
ត្រូវបានគេឃើញថា យន្ដហោះ MH17 របស់ Malaysia Airlines ត្រូវបានបាញ់ទម្លាក់ ដោយយន្ដ
ហោះចម្បាំងមួយគ្រឿង។ ប្រសិនរូបភាពនោះគឺជាការពិត គេជឿថា វានឹងជាព័ត៌មានដែលនាំមក
នូវភាពភ្ញាក់ផ្អើលជាទីបំផុត។

រូប​ភាព​នេះ​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​រុស្ស៊ី

ព័ត៌មាននៅលើទូរទស្សន៍ប៉ុស្ដិ៍លេខ ១ របស់រុស្ស៊ី បានប្រកាស និងអះអាងថា បណ្ដារូបថតដែល
ត្រូវបានផ្កាយរណបថតបាន មុនពេលយន្ដហោះ Boeing របស់ម៉ាឡេស៊ី ត្រូវគេបាញ់ទម្លាក់ នៅ
ភាគខាងកើតប្រទេសអ៊ុយក្រែន បណ្ដាលឱ្យមនុស្សចំនួន ២៩៨នាក់បានបាត់បង់ជីវិត កាលពីថ្ងៃទី
១៧កក្កដាឆ្នាំ ២០១៤។

Mikhail Leontyev ពិពន្ធនាយករបស់ទូរទស្សន៍ប៉ុស្តិ៍ និយាយឌឺដងថា ៖ “យើងទាំងអស់គ្នា ដឹង
ហើយថា នៅក្នុងកិច្ចប្រជុំកំពូល G20 នៅ Brisbane នាយករដ្ឋមន្ដ្រី Abbott គំរាមថានឹងសួរដេញ
ដោលប្រធានាធិបតីរបស់យើង អំពីករណីយន្ដហោះ Boeing របស់ម៉ាឡេស៊ី។ ចូររួមគ្នាសាកល្បង
ជួយឱ្យគាត់ ចោទសួរបានងាយស្រួល”។

វិស្វកររុស្ស៊ីម្នាក់ដែលបានចូលរួមក្នុងការស្រាវជ្រាវករណីយន្ដហោះរបស់ម៉ាឡេស៊ី ដែលត្រូវគេ
បាញ់ទម្លាក់ បានអះអាងថា ខ្លួនទទួលបានរូបថតដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី ១២វិច្ឆិកា។ ទូរ
ទស្សន៍របស់រុស្ស៊ី បានចេញផ្សាយនូវរូបថតនៃសារជាភាសាអង់គ្លេសមួយ បានមកពីឈ្មោះ
George Bilt ដែលអះអាងថា ខ្លួនជាអ្នកជំនាញផ្នែកអាកាសចរណ៍ ហើយធ្លាប់បញ្ចប់ការសិក្សានៅ
មន្ទីរបច្ចេកវិទ្យា Massachusetts អាមេរិក។ ក្នុងសំបុត្រនោះ បញ្ជាក់ថា យន្ដ Boeing របស់ម៉ាឡេ
ស៊ី ត្រូវបានបាញ់ទម្លាក់ ដោយកាំភ្លើងធំ និងកាំជ្រួចពីយន្ដហោះមួយគ្រឿង។

គួររំលឹកថា មុននេះ រុស្ស៊ីបានលើកឡើងថា យន្ដហោះចម្បាំង Su-25 មួយគ្រឿងរបស់អ៊ុយក្រែន
បានតាមពីក្រោយយន្ដហោះ Boeing 777 ។

យន្ដហោះត្រូវ​បាន​គេ​អះអាង​ថា ជា MH17 របស់ Malaysia Airlines ដែល​ថត​បាន
មុនពេល​វា​ធ្លាក់ប៉ុន្មាន​នាទី

យ៉ាងនេះក្ដី នៅលើទំព័រសារព័ត៌មាន Telegraph ក៏ដូចជា BBC មានការយល់ឃើញខុសគ្នា ជុំវិញ
រូបភាពដែលទើបត្រូវបានទូរទស្សន៍រុស្ស៊ី ចេញផ្សាយថ្មីៗនេះ ដោយមានអ្នកអានខ្លះលើកឡើងថា បណ្ដារូបភាពខ្លះនៅលើដងខ្លួនរបស់យន្ដហោះ Boeing ក្នុងរូបថតផ្កាយរណបនេះ គឺផ្ទុយគ្នាទៅនឹង
យន្ដហោះ របស់ក្រុមហ៊ុន Malaysia Airlines ហើយផ្លូវហោះហើររបស់យន្ដហោះ MH17 មិនសម
ស្រប​ជាមួយនឹងរូបភាពដែលបានចុះផ្សាយ។

កាលពីខែកញ្ញា ការស្រាវជ្រាវរបស់ប្រទេសហូឡង់ បានប្រកាសថា យន្ដហោះ ត្រូវបានគេធ្វើឱ្យ
ខូចខាតពីខាងក្រៅ ដោយវត្ថុធាតុជាច្រើន ដែលមានកម្លាំងខ្លាំង។ លទ្ធផលនៃការស្រាវជ្រាវនេះ
គឺសមស្របជាមួយនឹងការលើកឡើងថា យន្ដហោះ បានត្រូវគ្រាប់កាំជ្រួចដែលបាញ់ចេញពីដី។
កាំជ្រួចនេះ បានផ្ទុះឡើងក្បែរយន្ដហោះ បង្កើតបានជាកំទេសដែកស្រួចៗ បុកទម្លុះដងខ្លួន ធ្វើឱ្យ
យន្ដហោះ ត្រូវបាក់បែកជាបំណែក ហើយវាក៏មិនផ្ទុះឆេះ ដូចទៅនឹងយន្ដហោះដែលត្រូវគ្រាប់
កាំជ្រួចអាកាសប្រឆាំងអាកាសនោះដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Telegraph/BBC


Tags: Mikhail Leontyev George Bilt Russia Malaysia Airlines