ព័ត៌មានកីឡា៖ លោក Sepp Blatter ដែលជាប្រធាន FIFA ទើបតែជាប់ឆ្នោតថ្មីៗកាលពីសប្ដាហ៍មុន បានប្រកាសជាសារធារណៈថា រូបលោកនឹងចុះចេញពីតំណែង នាពេលឆាប់ៗនេះហើយ ក្រោយពីមានការបែកធ្លាយរឿងពុករលួយផ្ទៃក្នុង ក្នុងចង្កោមគ្រប់គ្រងរបស់គាត់។
លោក Sepp Blatter បានជាប់ឆ្នោតជាប្រធាន FIFA ក្នុងអាណត្ថិទី ៥ របស់លោក ក្រោមការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្ររហូតដល់ទៅ ១៣៣ សំឡេង ខណៈដែលគូរប្រជែងរបស់លោក គី Ali bin al-Hussein បានត្រឹមតែ ៧៣សំឡេងប៉ុណ្ណោះ។ ទិដ្ឋភាពនៃការអបអរសាទររបស់ ប្រិយមិត្ដធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី ពីរថ្ងៃនៃការចាប់ខ្លួនមន្រ្ដីទាំង ៧ រូប។
លោក Sepp Blatter បានថ្លែងក្នុងសន្និសិតការសែតកាលពីម្សិលមិញថា សេចក្ដីសម្រេចនៃការចុះចេញពីតំណែងដ៏តក់ក្រហល់នេះ គាត់ដឹងថា ប្រិយមិត្ដជាច្រើននឹងមិនពេញចិត្ដនោះទេ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ FIFA ត្រូវតែពង្រឹងរចនាសម្ពន្ធរបស់ខ្លួនឡើងវិញ។
ប្រភពព័ត៌មានបានបន្ដទៀតថា បន្ទាប់ពី លោក Sepp Blatter គ្រោងនឹងចុះចេញពីដំណែហើយ គឺមានបេក្ខជន ពីររូបថែមទៀត ដែលនឹងឈរឈ្មោះជាថ្មីគឺ លោក David Ginola នឹង Ali bin al-Hussein ។
ទន្ទឹមគ្នានោះផងដែរ លោក Michel Platini ជាប្រធាន Uefa ហើយតែងតែបញ្ចុះបញ្ចូល លោក Sepp Blatter ឲ្យចុះចេញពីតំណែងមុនពេលដែលជាប់បោះឆ្នោត បានកោតសរសើរនឹងសេចក្ដីសម្រេចចិត្ដនេះណាស់ ថែមទាំងពោលថា នេះគឺជាការសម្រេចចិត្ដដ៏លំបាកមួយ ដែលមិនអាចកាត់ថ្លៃបាន ។
គូសបញ្ជាក់ផងដែរថា លោក Sepp Blatter មិនមានជាប់ពាក់ព័ន្ធអ្វីនឹងអំពើពុករលួយនេះឡើយ ហើយសេចក្ដីសម្រេចនៃការចុះចេញនេះ គឺកើតចេញពីឆន្ទៈរបស់គាត់ពិត ក្រោយពីអន់ចិត្ដនឹងការគ្រប់គ្រងនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ asianage