CamNews

តារា 

នាយ គ្រឿន គាំទ្រ​ផលិតករ ស្នើឲ្យ​ក្រសួងវប្បធម៌ កាត់​បន្ថយ​ពន្ធ

ភ្នំពេញៈ តារាកំប្លែង កំពុងតែមានទីផ្សារ ទៅលើការថតរឿង និងកំប្លែង នាយ គ្រឿន ថ្មីៗនេះ បានសម្តែងការត្អូញត្អែរ ដោយបើកចំហរថា បច្ចុប្បន្ននេះ ទាំងផលិតកម្ម និងតួសម្តែង នៅក្នុងស្រុកយើង កំពុងតែមាន ការលំបាក ចំពោះប្រាក់ ចំណូលដែល បានពីការថតរឿង ។

ម្យ៉ាងទៀតក្នុងនាមរូបលោកជា អ្នកសិល្បៈម្នាក់ តំណាងឲ្យអ្នកសិល្បៈផ្សេងទៀត ចង់ទទូចទៅដល់ ក្រសួងវប្បធម៌ និងស្ថាប័ន ពាក់ព័ន្ធមេត្តា កាត់បន្ថយ ការយកពន្ធ ដើម្បីឲ្យផលិតកម្ម មានកម្លាំងចិត្ត ក្នុងការថតរឿង និងតារាសម្តែង ក៏មានទឹកចិត្តបន្តអាជីពនេះ ឲ្យមានភាពរីកចម្រើន ទៅមុខបន្ថែមទៀត។

ថ្លែងនៅក្នុងពិធី បើកសម្ពោធ រឿងមួយមានចំណងជើងថា "បង្គោលគ្រាក់ សង្កត់វិញ្ញាណ" ដែលជាវណ្ណកម្មទី៨ របស់ផលិតកម្ម LD Picture នៅមជ្ឈមណ្ឌល កម្សាន្ត និងពាណិជ្ជកម្ម TK ទួលគោក តារាកំប្លែងនាយ គ្រឿន បានប្រាប់ឲ្យដឹងថា ទាំងផលិតករ និងតារាសម្តែង ពិតជាមានការប៉ះពាល់ អារម្មណ៍ខ្លាំងចំពោះ ស្ថាប័នពាក់ព័ន្ធ ដែលមិនបានជួយជ្រោមជ្រែង ផលិតករ និងអ្នកសិល្បៈជាខ្មែរដូចគ្នា ។ លោកនិយាយនេះ ក៏ចង់ចូលរួម ចំណែកគាំទ្រដល់ផលិតកម្មក្នុងស្រុក ព្រោះថា ទម្រាំតែថតបានរឿងមួយ មកបញ្ចាំងមិនងាយទេ ពួកគាត់ត្រូវខំសរសេរនិពន្ធ និងថតមិនស្រួលឡើយ ពួកគាត់ត្រូវកាត់វាលកាត់ព្រៃកាត់ភ្នំ ទម្រាំតែបានមួយរឿងៗមកចាក់ផ្សាយ ។

តារាកំប្លែង នាយ គ្រឿន បានប្រាប់ឲ្យដឹងបន្តទៀតថា "ទស្សនិកជនប្រាកដជា គិតថា ពួកគាត់ទិញសំបុត្រ ចូលទស្សនារឿង គឺលុយទាំងនោះប្រាកដជា បានមកលើ ផលិតកកម្ម និងតារាសម្តែងទាំងអស់ តាមពិតទៅខ្ញុំ សុំបញ្ជាក់ថា លុយទាំងអស់នោះ មិនមែនបានមកពួកខ្ញុំទាំងអស់ ពោលគឺពួកខ្ញុំ បាន ចំណូលតិច ព្រោះថាលុយ មួយចំនួនធំ ត្រូវបែងចែកទៅបង់ពន្ធ ឲ្យខាងក្រសួងវប្បធម៌ និងផ្នែកខាងរោងកុនជាដើម ។ ចំណែកតួសម្តែង និងផលិតករ បានលុយតិច មានអារម្មណ៍ថា បាក់ទឹកចិត្តខ្លាំង " ។

នាយ គ្រឿន បានបន្ថែមបែបទទូចទៀតថា លោកស្នើទៅអ្នកយកពន្ធ ឬអ្នកកាត់ភាគរយ មើលទៅគេបានលុយ យ៉ាងស្រួល តែដោយឡែក ខាងអ្នកផលិត បែរជាមានការពិបាក ដូច្នេះសុំសំណូមពរ ទៅដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ បើអាចកាត់បន្ថយ ឬមួយដកចេញ ឈប់យកតែម្តងកាន់តែល្អ ដើម្បីវិស័យសិល្បៈ របស់យើងទាំងអស់គ្នា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh