CamNews

ព័ត៌មានជាតិ 

របួស៣នាក់ ដោយសារស្នាដៃ ម្ចាស់ហាង និងខារ៉ាអូខេ បុប្ផាជាយដែន បើករថយន្ត ទាំងស្រវឹង

ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្សបីនាក់ បានរងរបួស ធ្ងន់និងស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ បុរសម្នាក់ ដែលគេដឹងថាជាម្ចាស់ ភោជនីយដ្ឋាននិងខារ៉ាអូខេ បុប្ផាជាយដែន ដែលបានបើករថយន្ត ទាំងស្រវឹង។

ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុចជិតច្រកចូល ខ្លោងទ្វារវត្ដសន្សំកុសល លើបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពព័ត៌មាន ឱ្យដឹងថា រងគ្រោះទាំង៣នាក់ ដែលជាប្តី-ប្រពន្ធ និងកូន មានឈ្មោះ ភា អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ ឆវី អាយុ២៦ឆ្នាំ និងកូន ឈ្មោះ ម៉េងហុង អាយុ២ឆ្នាំ អ្នកទាំង៣ រងរបួសធ្ងន់និងស្រាល ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាXR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-4531 ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២៧១ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុច កើតហេតុជនរងគ្រោះ បានឈប់ម៉ូតូអែប នៅចិញ្ចើមផ្លូវដើម្បី ទិញសាច់កាប់យកទៅ ផ្ទះហូបបាយ ក៏ត្រូវបានអ្នកបើក រថយន្ដស៊េរីទំនើប មួយគ្រឿងម៉ាកហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6116ខាងលើនេះ បុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យ រងរបួសធ្ងន់និងស្រាល ទាំង៣នាក់តែម្តងទៅ។

យ៉ាងណាក៏ដោយ ជនបង្កជាអ្នកបើករថយន្ដ ត្រូវគេអះអាងថា បានបញ្ជាយានយន្តក្នុងកម្រិត ជាតិអាល់កុល ០,៦៩មីលីក្រាម ក្នុង១លីត្រខ្យល់ ហើយនិងត្រូវបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ៕

បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា វីដេអូ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh