ក្រោយការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅអឺរ៉ុប ក្រុមរដ្ឋអ៊ីស្លាម ក៏បានវាយប្រហារនៅប្រទេស
បង់ក្លាដែស ដែលជាប្រទេសមួយនៅតំបន់អាស៊ីខាងត្បូង។
ក្រោយពីបានបរាជ័យជាច្រើនលើក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ថ្មីៗនេះ ក្រុម IS បន្តធ្វើឱ្យកក្រើក
ពិភពលោក ដោយការវាយប្រហារទៅលើហាងកាហ្វេមួយកន្លែងនៅក្រុងដាកា ប្រទេសបង់ក្លាដែស
កាលពីថ្ងៃទី ១កក្កដាកន្លងទៅ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ២០នាក់ ក្នុងនោះភាគច្រើន
គឺជាជនបរទេស។
នាយករដ្ឋមន្ត្រី បាងក្លាដែស លោក Sheikh Hasina កាលពីថ្ងៃទី ២កក្កដា បានប្រកាសធ្វើពិធី
រលឹកវិញ្ញាណក្ខន្ធចំនួនពីរថ្ងៃ ចាប់ពីថ្ងៃនេះ (៤កក្កដា) ដើម្បីរំលឹកដល់ជនរងគ្រោះក្នុងអំពើភេរវ
កម្ម។
នាយករដ្ឋមន្ត្រី Sheikh Hasina មានប្រសាសន៍ថា អ៊ីស្លាមគឺជាសាសនាសន្តិភាពមួយ ហើយគេ
មិនគួរធ្វើឱ្យប៉ះពាល់ដល់សាសនានេះ ដោយអំពើដែលនាំឱ្យមានការសងសឹក និងការសម្លាប់
ជនគ្មានទោសកំហុសនោះឡើយ។
នាយករដ្ឋមន្ត្រី Sheikh Hasina អះអាងថា បង់ក្លាដែស នឹងតស៊ូ ប្រឆាំងនឹងភេរវកម្ម គ្រប់រូបភាព
៖ “ក្រុមភេរវកម្មនេះ មិនមានសាសនានោះទេ។ ពួកគេមិនបួងសួង តែផ្ទុយទៅវិញ ពួកគេបែរជា
ទៅសម្លាប់ប្រជាជនស្លូតត្រង់។ ពួកវាបានបំផ្លាញសន្តិភាពរបស់បង់ក្លាដែស ហើយយើងក៏នឹង
មិនអនុញ្ញាតឱ្យពួកវា មានវត្តមាននៅបង់ក្លាដែសនោះដែរ។ កងទ័ពបង់ក្លាដែសកំពុងតែប្រយុទ្ធ
ប្រឆាំងនឹងអំពើភេរវកម្មនេះ”។
បណ្ដាប្រទេសពាក់ពាន់កំពុងតែធ្វើការជាមួយសមត្ថកិច្ចបង់ក្លាដែស ដើម្បីកំណត់អត្តសញ្ញាណ
របស់ជនរងគ្រោះ។ ប្រទេសអ៊ីតាលីប្រកាសថា ពលរដ្ឋរបស់ខ្លួនចំនួន ៩នាក់ បានស្លាប់ក្នុងករណី
ភេរវកម្មនេះ ចំណែករាជរដ្ឋាភិបាលជប៉ុន បានទទួលស្គាល់ថា ប្រជាជន ៧រូបរបស់ខ្លួន បានស្លាប់
ក្នុងករណីចាប់ជំរិតនៅបង់ក្លាដែស។
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានហៅការវាយប្រហារនេះថា ជាអំពើមិនអាចលើកលែង ៖
“ខ្ញុំថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើភេរវកម្មទៅលើពលរដ្ឋស្រូតត្រង់។ នេះគឺជាអំពើដែល
មិនអាចលើកលែងទោសនោះទេ”។
ក្រៅពីនេះ អាមេរិកក៏បានទទួលស្គាល់ថា ពលរដ្ឋម្នាក់របស់ខ្លួនក្នុងចំណោម ជនរងគ្រោះ ២០នាក់
បានស្លាប់ ក្នុងករណីវាយប្រហារនៅបង់ក្លាដែស។ ទន្ទឹមនឹងនេះ អាមេរិក ក៏ស្នើឱ្យបង់ក្លាដែសទទួលយកជំនួយពីអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម។
អ្នកជំនាញខាងប្រឆាំងអំពើភេរវកម្មមួយចំនួន យល់ថា បើទោះក្រុម IS បានចេញមកប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែ នេះគ្រាន់តែជាយុទ្ធសាស្ដ្រមួយដើម្បីអូសទាញ
ក្រុមប្រដាប់អាវុធអ៊ីស្លាមនៅបង់ក្លាដែស ឱ្យចូលរួមជាមួយអង្គការរបស់ខ្លួនតែប៉ុណ្ណោះ។
កម្លាំងប្រដាប់អាវុធ កំពុងឡោមព័ន្ធតំបន់ជុំវិញហាងកាហ្វេ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត
មន្ដ្រីរដ្ឋាភិបាលមួយចំនួនរបស់បង់ក្លាដែស ក៏បានចេញមកបដិសេធអំពីវត្តមានរបស់ក្រុម IS នៅ
ក្នុងប្រទេសនេះ ដោយយល់ថា អ្នកនៅពីក្រោយការវាយប្រហារនេះ គឺជាស្នាដៃរបស់ក្រុមអ៊ីស្លាម
ជ្រុលនិយមក្នុងប្រទេស។
យ៉ាងនេះក្ដី បណ្ដារូបថតដ៏គួរឱ្យខ្លាច នៅឯហាងកាហ្វេ ដែលត្រូវបានវាយប្រហារនេះ បានឱ្យ
យើងដឹងថា ក្រុមរដ្ឋអ៊ីស្លាម បានបង្ហាញវត្តមានរបស់ខ្លួននៅអាស៊ីខាងត្បូង។ អ្នកជំនាញប្រឆាំង
ភេរវកម្មក៏បានព្រមានថា បន្ទាប់ពីការវាយប្រហារដ៏កក្រើកនៅអឺរ៉ុប ក្រុមរដ្ឋអ៊ីស្លាម កំពុងតែស្វែង
រកវិធីដើម្បីបើកការវាយប្រហារមកកាន់តំបន់អាស៊ីខាងត្បូងផងដែរ៕
ប្រែសម្រួល ៖ បុត្រា