ភ្នំពេញ ៖ ហេតុការណ៍ដ៏សាហាវ មួយបានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីមាន មនុស្សមួយ ក្រុមមានគ្នា ប្រមាណជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង និងរថយន្ត មួយគ្រឿង ប្រដាប់ដោយកាំបិត ស្នប់ដៃ និងកាំភ្លើង បានព្រួតវាយ និងបាញ់រះទៅលើ យុវជនម្នាក់ ដែលកំពុង ដែលអង្គុយលេងបៀរ នៅតាម បណ្តោយផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យុវជនរងគ្រោះខាងលើ មានឈ្មោះ កង សុជាតិ អាយុ២៤ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ជាកូនច្បង ក្នុងគ្រួសារ ស្នាក់នៅជិតកន្លែងកើតហេតុ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ ទាក់ទិននឹងអំពើ បាញ់ប្រហារខាងលើនេះ បានឲ្យដឹងថា នៅមុន ពេលកើតហេតុ គេសង្គេតឃើញ យុវជនរងគ្រោះខាងលើកំពុងតែអង្គុយលេងបៀរ ជាមួយគ្នីគ្នា ដែលរស់ នៅជិតផ្ទះរបស់ខ្លួន លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែមានមនុស្សមួយ ក្រុម ជិះម៉ូតូស៊េរី ទំនើបជាច្រើនគ្រឿង និងមានរថយន្តមួយគ្រឿង ប្រដាប់ដោយកាំបិត ស្នប់ដៃ និងរួម មានកាំភ្លើងខ្លី មិនស្គាល់ម៉ាកមួយដើមផងដែរ បានធ្វើសកម្មភាពព្រួតវាយ និង លើកកាំភ្លើងបាញ់ស្រោចទៅ លើយុវជន ឈ្មោះ កង សុជាតិចំនួនពីរគ្រាប់បញ្ឆិតក្បាលបណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ។ ចំណែកជនបង្កបានព្យាយាមរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការ សាក សួរបន្ថែមជុំវិញករណីខាងលើ ដើម្បីស្រាវជ្រាវវែកមុខជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
បើយោងតាមសម្តី របស់សមត្ថកិច្ចបានបង្ហើបថា យុវជនរងគ្រោះខាងលើ គឺជាមុខសញ្ញា របស់សមត្ថកិច្ច ដែលតែងតែបង្កភាព អនាធិបតេយ្យផ្សេងៗនៅក្នុង ភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ជារឿយៗ ហើយរូបគេក៏ទើបតែចេញពីពន្ធនាគារ មកមិនបានប្រមាណ២ខែផងដែរ។ បច្ចុប្បន្នសពយុវជនរង គ្រោះត្រូវបាន សាច់ញាតិយកមកតម្ពល់ ធ្វើបុណ្យធ្វើបុណ្យ តាមប្រពៃណីនៅ វត្តនន្ទមុន្នី ៕



