យានយន្ដ៖ ក្រុមហ៊ុន Nissan ក៏ជាក្រុមហ៊ុនមួយដែលត្រូវបានគេស្គាល់ច្បាស់ដែរ ជាមួយនឹង សមត្ថភាព និង គុណភាព នៃផលិតផលដែលបានដាក់ឲ្យដំណើរការលើទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះផងដែរ បើយើងសម្លឹងមើលទៅ ផ្នែកនៃការរចនាម៉ូតវិញ ក៏កាន់តែពិសេសថែមទៀត គឺស្របទៅតាមការវិវត្ដតាមសម័យកាលទំនើប ដូចជាម៉ូដែល Nissan Maxima ជាដើម ដែលក្រុមហ៊ុន បានសម្រេចនៅស៊េរីកាន់តែទំនើបថែមទៀតគឺសម្រាប់ ឆ្នាំ ២០១៦ ។
Nissan Maxima ស៊េរីឆ្នាំ 2016 បានត្រូវក្រុមហ៊ុនធ្វើការលើកឡើងថា ធ្លាប់បានដាក់តាំងបង្ហាញខ្លួននៅក្នុងកម្មវិធី ពិព័រណ៍រថយន្ដ ក្នុងទីក្រុង ញូវយ៉ក កាលពីដើមឆ្នាំ ២០១៥ ខណៈដែលលក្ខណៈដ៏គួរឲ្យទាក់ទាញរបស់ម៉ូដែលនេះ បានអង្រួនដួងចិត្ដប្រិយមិត្ដ ឲ្យកាន់តែចូលចិត្ដ ព្រមទាំងចាប់អារម្មណ៍ កាន់តែខ្លាំងឡើង ។ គុណភាព ព្រមទាំងភាពល្អល្អះ របស់ Nissan Maxima ស៊េរីឆ្នាំ 2016 មិនអាចគេចផុត នឹងការតាមប្រ មាញ់ពី ក្រសែភ្នែកអតិថិជន បានឡើយ ជាមួយភាពរលើបរលោង ចែងចាំងរបស់ខ្លួន សុទ្ធសឹងតែជាមុខសញ្ញាដ៏សំខាន់ បំផុត ។
ក្រៅពីលក្ខណៈខាងក្រៅដ៏គួរឲ្យទាក់ទាញទៅ Nissan Maxima ស៊េរីឆ្នាំ 2016 ប្រើសមាសភាពកម្លាំង ៦ម៉ាស៊ីន (V6) ខ្នាតរង្វាស់ស៊ីយោប្រេង ៣,៥ Liter ត្រូវនឹងទំហំម៉ាស៊ីន ៣០០ សេះដែលអាចបញ្ជាល្បឿនលឿនបំផុតដល់ទៅ ២០០ គ.ម/ម៉ ។ សម្រាប់តម្លៃវិញគឺ ៣២៥០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed