ភ្នំពេញ៖ បើទោះបីជាពេលថ្មីៗកន្លងទៅនេះ កញ្ញា វ៉ាន់ ម៉ូនិច បានចេញមុខទទួលស្គាល់ ចំពោះរូបភាព អាក្រាតកាយរបស់នាង និងថែមទាំង បង្ហើបឲ្យដឹង ពីអ្នកដែលយករូបនាង ទម្លាយនៅលើ Facebook ក៏ដោយ តែសម្រាប់ទស្សនិកជននៅតែមានចម្ងល់ឆ្ងល់ថា ប្រសិនបើនាង បានដឹងច្បាស់ហើយថា បុរសម្នាក់នោះជាអ្នកធ្វើ ចុះហេតុអីនាងមិនចាត់ការតាមផ្លូវច្បាប់ បែរជាសុខចិត្តនៅស្ងៀម ឲ្យគេជាន់ឈ្លីកិត្តិយសធ្វើអ្វី? ពាក់ព័ន្ធនឹងចម្ងល់នេះ ត្រូវបានម្ចាស់សាម៉ីខ្លួនចេញមុខអះអាងថា នាងត្រូវបានអតីតសង្សារ គម្រាមនាងជាច្រើនដង ហេតុដូច្នេះទើបនាងសុខចិត្ត ខាំមាត់សង្កត់ចិត្តទ្រាំ។
ដើម្បីឆ្លើយតបទៅនឹង ចម្ងល់របស់ទស្សនិកជន LookingTODAY បានជួបសម្ភាសន៍តាមទូរស័ព្ទ ជាមួយតារាសម្តែងស្រីស្រស់វ័យក្មេង កញ្ញា វ៉ាន់ ម៉ូនិច ដោយនាងបានបកស្រាយ ដោយមិនលាក់លៀមថា នាងដឹងថា រូបភាពស្រាតរបស់នាង គឺសង្សារចាស់ជាអ្នកធ្វើ តែនាងមិនអាចចាត់ការតាមផ្លូវច្បាប់បាន ព្រោះថា បុរសជាសង្សារនោះ ជាកូនអ្នកមានទ្រព្យ ហើយម្យ៉ាងទៀតនាងគ្មានភស្តុតាង ក្នុងការចោទប្រកាន់គេនោះទេ បានត្រឹមតែដឹងច្បាស់ក្នុងចិត្តប៉ុណ្ណោះ ។
តារាស្រីរូបស្រស់ធ្មេញជំពើស បានប្រាប់ឲ្យដឹងបន្តទៀតថា «ពួកខ្ញុំបានបែកគ្នាជាងមួយឆ្នាំហើយ បន្ទាប់ពីខ្ញុំទាំងពីរនាក់បែកគ្នា អតីតគូស្នេហ៍ខ្ញុំគាត់បានគម្រាមខ្ញុំ ៣ដង ដោយលើកទី១គាត់ (អតីតសង្សារ) បានយករូបស្រាតនេះផ្ញើទៅឲ្យម្តាយរបស់ខ្ញុំ ហើយលើកទី២ គឺគាត់បានផ្ញើសារជាសម្លេងគម្រាមបងប្រុសខ្ញុំ និងលើកទី៣ គឺរូបថតអាក្រាតនេះ ត្រូវបានគាត់យកទៅបង្ហោះ Facebook ជាសាធារណៈ ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំបែបនេះតែម្តងទៅ» ។
តារាសម្តែង ម៉ូនិច រូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលនាងត្រូវដើរដល់ផ្លូវបំបែកជាមួយសង្សារចាស់ ដែលជាកូនថៅកែលក់រថយន្តនោះ ដោយសារតែគាត់មានចិត្តហួងហែង ប្រច័ណ្ឌនាងខ្លាំងពេក ដោយពេលទៅណាមកណាម្តងៗ សង្សារចាស់នាងតែងតែបិទសិទ្ធិ មិនឲ្យនាងលេងសើច ប៉ះពាល់ជាមួយបុរសផ្សេងឡើយ និងហាមឃាត់នាងគ្រប់ៗជំហាន ធ្វើឲ្យនាងមានអារម្មណ៍ពិបាក ក៏សម្រេចចិត្តដើរបែក ផ្លូវជាមួយគ្នា ទាំងដែលចិត្តនាងនៅស្រលាញ់ បុរសម្នាក់នោះពេញបេះដូងក៏ដោយ។
នាង វ៉ាន់ ម៉ូនិច បាននិយាយទាំងអារម្មណ៍ អាឡោះអាល័យថា «បើទោះជាពួកខ្ញុំបែកគ្នាក៏ពិតមែន តែខ្ញុំនៅតែមានចិត្តស្រលាញ់ មិនដែលភ្លេចគាត់ឡើយ តែពេលនេះអស់ចិត្តហើយ ហើយរយៈពេល ដែលខ្ញុំបែកគ្នាជិតមួយឆ្នាំនេះ ខ្ញុំមិនមានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ឡើយ ព្រោះថា ចិត្តនេះមិនអាចភ្លេចអ្នកចាស់បាន ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំដាច់ចិត្ត ដោយមិនអាល័យនោះ គឺក្រោយពីគាត់បាន ធ្វើរឿងបែបនេះ(បង្ហោះរូបអាក្រាត) ទើបខ្ញុំដឹងថា គាត់មិនសមជាមនុស្សដែលខ្ញុំនៅស្រលាញ់ និងនឹកទៀតទេ» ។
តារាស្រីវ័យក្មេងរូបនេះ បានប្រាប់ដោយសុំលាក់អត្តសញ្ញាណ គូស្នេហ៍ចាស់ថា នាងសុំលាក់ឈ្មោះ និងមុខអតីតសង្សារ ដោយនាងគ្រាន់តែអាចបង្ហើបថា កំណើតស្នេហ៍នាងបាន ដុះដាលប្រមាណ ៤-៥ឆ្នាំ ទើបតែបែកគ្នាថ្មីៗនេះទេ ហើយសម្រាប់រូបថតនោះ នាងគិតថា វាមិនអាក្រាតឃើញរូបរាងកាយ នាងគ្រប់យ៉ាងឡើយ ព្រោះថា ពេលថតនោះ នាងក៏មានការបិទបាំងដែរ ម្យ៉ាងការថតនោះ គ្រាន់តែជាការថតលេងរួច ក៏លុបចោលវិញ មិនគិតថា វាអាចធ្វើឲ្យមានបញ្ហាដូចពេលនេះទេ៕
- អាន ៖ កញ្ញា វ៉ាន់ ម៉ូនិច៖ អតីតសង្សាររបស់ខ្ញុំ ជាអ្នកទម្លាយរូបស្រាត
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល