CamNews

ជីវិត និងការងារ 

វិធីសងបំណុល ៨១.០០០ដុល្លារ រយៈពេល ៣ឆ្នាំ របស់និស្សិតក្រីក្រ

Austin Netzley ជំពាក់បំណុលជិត ១សែនដុល្លារអាមេរិក បន្ទាប់ពីការសិក្សារយៈពេល ៤ឆ្នាំ ប៉ុន្ដែ
គាត់រកបានវិធីល្អ ដោយចំណាយពេលតែ ៣ឆ្នាំ ក្នុងការដោះបំណុលទាំងអស់នោះ។

Austin Netzley គឺជាអតីតកីឡាករម្នាក់ មុនពេលលោកងាកមកធ្វើជាវិស្វករ អ្នកវិនិយោគ ហើយ
បច្ចុប្បន្ន លោកគឺជាម្ចាស់សៀវភៅដ៏ល្បីឈ្មោះ “រកប្រាក់ និងរស់នៅដោយភាពមានបាន”។ លោក
ក៏បានបង្កើតក្រុមហ៊ុនវិនិយោគ ONE Pursuit Investment និងជាម្ចាស់គេហទំព័រផ្នែកហិរញ្ញវត្ថុ
ឯកជន YoPro Wealth ។

នៅលើគេហទំព័រ Business Insider លោក Austin Netzley បានចែករំលែកអំពីវិធីដោះបំណុល
៨១.០០០ដុល្លារអាមេរិក បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ “ខ្ញុំនឹងមិនភ្លេចនោះ
ទេ នូវបំណុលដ៏សម្បើមដំបូងក្នុងជីវិត។ ពេលនោះ ខ្ញុំកំពុងជានិស្សិតឆ្នាំចុងក្រោយ ហើយជិតនឹង
ក្លាយជាវិស្វករនៅក្រុង Houston (រដ្ឋ Texas អាមេរិក)។ មកដល់ថ្ងៃមួយ ខ្ញុំទទួលបានសេចក្ដី
ប្រកាសពី Sallie Mae (ក្រុមហ៊ុនឯកទេសផ្នែកផ្ដល់ប្រាក់កម្ចីដល់និស្សិត) អំពីបំណុលសរុបរបស់ខ្ញុំ
ក្នុងរយៈពេល ៤ឆ្នាំកន្លង”។

“ខ្ញុំបានខ្ចីប្រាក់ចំនួន ៨លើកផ្សេងៗគ្នា គឺខ្ញុំត្រូវសងបំណុលសរុប ៧២.០០០ដុល្លារ។ សម្រាប់
និស្សិតក្រីក្រ បញ្ហានេះមិនត្រឹមតែជារឿងគួរឱ្យភ័យខ្លាចប៉ុណ្ណោះទេ តែវានាំមកនូវអារម្មណ៍ដ៏
អាក្រក់បំផុត ដែលមកដល់ពេលនេះ ខ្ញុំនៅតែចាំច្បាស់។ បូករួមទាំងថ្លៃរថយន្ដហុងដាមួយទឹក
តម្លៃ ៩.០០០ដុល្លារទៀត បំណុលឡើងដល់ ៨១.០០០ដុល្លារ”។

“ពេលនោះ ខ្ញុំដឹងថា ខ្លួនត្រូវប្រឈមនឹងឧបសគ្គនៃបំណុល ហើយខ្ញុំក៏ធ្វើបានសម្រេច។ ក្នុងរយៈ
ពេលមិនដល់ ៣ឆ្នាំ ខ្ញុំបានដោះបំណុលទាំងអស់ និងកំពុងតែក្លាយជាមនុស្សមានសេរីភាពផ្នែក
ហិរញ្ញវត្ថុ នៅក្នុងវ័យ ២០ឆ្នាំ”។

“ខាងក្រោមនេះ គឺជាវិធីដែលខ្ញុំបានធ្វើ” ៖

ជំហានទីមួយ ៖ លើកឡើងនូវសេចក្ដីសម្រេច


ចូរកសាងនូវភាពជឿជាក់ ដោយគិតថា ខ្លួននឹងធ្វើសម្រេចដល់គោលដៅ បញ្ហាគឺនៅត្រង់ពេល
វេលា។ ពេលមិនទាន់បានបញ្ចប់ការសិក្សា ខ្ញុំបានប្ដេជ្ញាចិត្ត រកវិធីសាស្ដ្រដើម្បីក្លាយជាអ្នកមាន។

ជំហានទីពីរ ៖ ឈប់ខ្ចីបុល

ពេលមិត្តភ័ក្ដិ បានប្ដូររថយន្ដថ្មី ខ្ញុំនៅតែប្រើប្រាស់រថយន្ដចាស់ ឆ្នាំ ២០០២ និងកាត់បន្ថយជាអតិ
បរមានូវប្រាក់ចំណាយប្រចាំថ្ងៃ ដើម្បីសងបំណុល។ សំខាន់ជាងនេះ ខ្ញុំសម្រេច មិនខ្ចីប្រាក់បន្ថែម
ទៀតនោះទេ។

ជំហានទី ៣ ៖ ក្ដាប់ស្ថានការណ៍ជាក់ស្ដែងអំពីហិរញ្ញវត្ថុរបស់ខ្លួន

អ្នកត្រូវដឹងថា បច្ចុប្បន្ន ខ្លួនកំពុងជំពាក់បំណុលប៉ុន្មាន ត្រូវសងការប្រាក់ប្រចាំខែប៉ុន្មាន ដើម្បីរកវិធី
ដោះស្រាយ។

ជំហានទី ៤ ៖ ស្រាវជ្រាវរកកម្មវិធីជួយដល់ការសងបំណុល

មកដល់បច្ចុប្បន្ន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានត្រូវបង្កើតឡើងជាច្រើន ដូច្នេះ ចូរស្វែង​យល់អំពីសេវាកម្មទាំងឡាយរបស់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអាចប្រើ​ប្រាស់​សេវាកម្មដែលមានប្រយោជន៍ដល់ការដោះបំណុល។

ជំហានទី ៥ ៖ ជ្រើសរើសវិធីដោះបំណុល

វិធីទីមួយ ៖ សងបំណុលដែលត្រូវសងជាអប្បបរមា សម្រាប់ខ្ទង់បំណុលទាំងអស់ ប៉ុន្ដែ ចូរសង
ខ្ទង់​បំណុលទាំងឡាយដែលមានសំណល់តិចបំផុត។ ពេលនោះ អ្នកនឹងមានអារម្មណ៍ថា បំណុល
ត្រូវបានកាត់បន្ថយ ហើយវាជាការលើកទឹកចិត្ត ជួយឱ្យអ្នកបន្តដោះបំណុល។

វិធីទីពីរ ៖ សងបំណុលដែលត្រូវសងជាអប្បបរមា សម្រាប់ខ្ទង់បំណុលទាំងអស់ ប៉ុន្ដែ ប្រមូល
ប្រាក់ដែលអាចរកបាន ទៅសងខ្ទង់បំណុលដែលមានការប្រាក់ខ្ពស់បំផុត។

ជំហានទី ៦ ៖ រកប្រាក់

នេះគឺជាជំហានអស្ចារ្យបំផុត ប៉ុន្ដែ ក៏ចំណាយកម្លាំងកាយ កម្លាំងប្រាជ្ញាច្រើន។ នៅសរសេរសៀវ
ភៅ “Make money, live wealthy” ខ្ញុំបានសម្ភាសអ្នកជំនួញជោគជ័យ ៧៥នាក់ ក្នុងចំណោមពួក
គេ គឺមានអ្នកខ្លះ ធ្លាប់ជំពាក់បំណុលឡើងដល់ ៧៥.០០០ដុល្លារ។

អ្នកជំនួញទាំងនេះ មានអាថ៌កំបាំងរួមមួយ ដើម្បីដោះបំណុល នោះគឺធ្វើការដោយប្រឹងប្រែងបំផុត
បើទោះត្រូវធ្វើការថែមម៉ោង ធ្វើការច្រើនកន្លែង ឬរៀនវិនិយោគ។

ជំហានទី ៧ ៖ ដោះបំណុលទាំងស្រុង

ចុងក្រោយ បន្ទាប់ពីជិត ៣ឆ្នាំ ខ្ញុំនៅតែមានអារម្មណ៍មិនល្អជាមួយនឹងប្រាក់បំណុលដែលនៅសល់
៣៥.០០០ដុល្លារ។ ខ្ញុំចាប់ផ្ដើមប្រមូលប្រាក់ទាំងអស់ដែលមាន ដើម្បីផ្ដាច់បំណុល។ ថ្វីបើពេលត្រូវ
សងផ្ដាច់នូវបំណុលចុងក្រោយ ដែលមានចំនួនដ៏ច្រើន ខ្ញុំត្រូវស្រក់ទឹកភ្នែក ប៉ុន្ដែ ក្រោយមក ខ្ញុំមាន
អារម្មណ៍ថា មានសេរីភាព។

ជំហានទី ៨ ៖ ជប់លៀង

ការសងអស់បំណុលគឺជារឿងមួយដែលគួរតែជប់លៀង។ មនុស្សរាប់លាននាក់កំពុងតែជំពាក់
បំណុលគេ ហើយនោះគឺជាអ្វីដែលអ្នកត្រូវតែឆ្លងកាត់ ប្រសិនចង់បោះជំហានទៅមុខ។ អស់
បំណុល អ្នកនឹងក្លាយជាម្ចាស់ប្រាក់ដែលខ្លួនរកបាន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖  Business Insider


Tags: Austin Netzley Pay Off Sallie Mae បំណុល វិធីសាស្ដ្រ សងបំណុល