ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះ មានព័ត៌មាន ចចាមអារ៉ាម និយាយតៗគ្នាថា តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Pop Model លោក ឡុង ប៊ុនហេង បានដកខ្លួនពីអាជីពសិល្បៈ ចោលទាំងស្រុងហើយ ព្រោះថាកន្លងមកធ្លាប់មាន អ្នកដឹកនាំរឿងជាច្រើន បានទាក់ទងហៅ លោកសម្តែង តែរាល់លើកលោក តែងតែបដិសេធថា មិនមានពេលគ្រប់គ្រាន់ ទទួលថតនោះទេ ។ ទន្ទឹមនឹងគ្នានេះ ការងារសិល្បៈផ្សេងៗ របស់លោក ក៏ស្ងប់ស្ងាត់ដែរ ។
ទាក់ទងនឹងព័ត៌មាន ដែលលេចឮខាងលើនេះ គេហទំព័រ LookingTODAY បានជួបសម្ភាសន៍ ជាមួយបុរសសង្ហាមាឌធំ លោក ឡុង ប៊ុនហេង តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ដោយលោកបាន ចេញមុខច្រានចោល ព័ត៌មាននោះថា លោកមិនមានគំនិត ចង់បញ្ចប់អាជីព សិល្បៈឡើយ ព្រោះថា លោកមានចិត្តស្រលាញ់សិល្បៈខ្លាំង ហើយពេលនេះ ការងារ របស់លោក កំពុងតែបោះជំហានទៅមុខ ដូច្នេះលោកមិនអាច បោះបង់ចោល ពាក់កណ្តាលទី ដូចការលើក ឡើងឡើយ ។
តារាបង្ហាញម៉ូដរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀត "ខ្ញុំទទួលស្គាល់ថា កន្លងមកធ្លាប់មាន អ្នកដឹកនាំរឿងមួយ ចំនួនទាក់ទងហៅខ្ញុំថត តែខ្ញុំបានបដិសេធមិនទទួល ព្រោះថាមួយរយៈមុននោះ ខ្ញុំមានការរវល់ខ្លាំង ទើបអត់មានពេល ទៅថត ប៉ុន្តែមិនមែនមានន័យថា ខ្ញុំបញ្ចប់សិល្បៈ ដូចពាក្យចចាមអារ៉ាម នោះឡើយ " ។
លោក ប៊ុនហេង បានប្រាប់ឲ្យដឹងទៀតថា សម្រាប់លោក ការងារសិល្បៈ និងការងារនៅក្នុងក្លឹប កម្សាន្ត RCA សំខាន់ដូចគ្នា ហើយលោកក៏មិន ដែលគិតថា ចង់បោះបង់ចោល ការងារណាមួយឡើយ ឲ្យតែមានពេល លោកស្រវាការងារ ទាំងពីរនេះ ។
មូលហេតុដែលលោក ដកឃ្លាពីសិល្បៈនោះ គឺការងារនៅក្នុងក្លឹប រវល់ច្រើន ប៉ុន្តែពេលនេះលោក អាចដកឃ្លាពីក្លឹប ហើយអាចមានពេលទំនេរ ប្រឡូកសិល្បៈបាន ប្រសិនបើមាន អ្នកដឹកនាំរឿង ទាក់ទងមកលោកនឹង ទទួលស្វាគមន៍ទាំងអស់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល