Kat Cole អាយុ ៣៥ឆ្នាំ ជាអគ្គនាយិការវ័យក្មេងរូបស្រស់របស់ Cinnabon ដែលជាបណ្ដាញហាងនំបំពងរបស់អាមេរិក ធ្លាប់ចាប់ផ្ដើមរកប្រាក់ដោយធ្វើជានារីបម្រើតុ នៅ Hooters ពេលមានអាយុទើប ១៦ឆ្នាំ។
ដោយមានការជឿជាក់ទៅលើប្រការវិជ្ជមាន មិនបោះបង់ឱកាស និងមានភាពរហ័សរហួនក្នុងការគ្រប់គ្រង បន្ដិចម្ដងៗ Kat Cole បានក្លាយជាអគ្គនាយិការរង នៅពេលមានអាយុ ២៦ឆ្នាំ បើទោះជានាងមិនទាន់មានសញ្ញាបត្រមហាវិទ្យាល័យ។
Kat Cole បានប្រឹងប្រែង តាំងពីអាយុ ១៦ឆ្នាំ
Kat Cole ធំឡើងនៅក្នុងតំបន់ Jacksonville រដ្ឋ Florida និងរស់នៅជាមួយម្ដាយ បន្ទាប់ពីពុកម្ដាយនាង បានលែងលះគ្នា។ ម្ដាយរបស់នាង ចិញ្ចឹមកូន ៣នាក់ តែម្នាក់ឯង ដោយទឹកប្រាក់ ១០ដុល្លារ ក្នុងមួយសប្ដាហ៍។
អាយុ ១៦ឆ្នាំ Kat Cole បានចាប់ផ្ដើមធ្វើការក្រៅម៉ោងដំបូង នោះគឺធ្វើជាអ្នករត់តុ នៅ Hooters ក្នុងសម្លៀកបំពាក់ tank top និងខោរឹបពណ៌ទឹកក្រូច ដ៏សិចស៊ី។ ក្រោយមក មិនយូរប៉ុន្មាន នាងបានក្លាយជាអ្នកគ្រប់គ្រងចង្ក្រាន បន្ទប់អាហារ និងកន្លែងធ្វើភេសជ្ជៈ នៅទីនេះ។
អាយុ ១៩ឆ្នាំ Kat Cole ត្រូវបាន Hooters ស្នើឱ្យទៅកាន់ប្រទេសអូស្ដ្រាលី រួមនឹងបុគ្គលិកមួយក្រុម ដើម្បីបើកហាងផ្ដល់សិទ្ធិថ្មី។ ប៉ុន្ដែពេលនោះ បញ្ហាមួយដែលសូម្បីតែអ្នកគ្រប់គ្រងរបស់នាងក៏មិនដឹងថា Kat Cole មិនមានលិខិតឆ្លងដែន។
Cole មិនចង់ឱ្យឱកាសកន្លងផុត នាងក៏ពិភាក្សាជាមួយម្ដាយ ហើយក៏ធ្វើការហោះហើរទៅកាន់ Miama សុំធ្វើលិខិតឆ្លងដែន។ ថ្ងៃបន្ទាប់ នាងបានទូរស័ព្ទទៅបញ្ជាក់ក្រុមហ៊ុនរបស់ខ្លួនថា នាងមានលិខិតឆ្លងដែន នាងអាចទៅបាន។
នៅពេលមកដល់ Sydney នាង Cole បានចាប់ផ្ដើមបើកហាង ក្នុងរយៈពេល ៤០ថ្ងៃ ហើយការងារដែលនាងត្រូវធ្វើ គឺ ជ្រើសរើស និងបណ្ដោះបណ្ដាលបុគ្គលិក។ ក្នុងដំណាក់កាលនោះ នាងកំពុងឆ្ពោះទៅគោលដៅយកឱ្យបាន សញ្ញាបត្រមហាវិទ្យាល័យ នៅសាលា North Florida និងរៀបគម្រោងចូលរៀននៅសាលាច្បាប់។ ក្នុងរយៈពេលមួយខែ Hooters បានបញ្ជូននាងទៅកាន់ Mexico ដើម្បីបើកហាងដំបូង នៅអាមេរិកកណ្ដាល និងនៅ Argentina ព្រមទាំងនៅក្នុងរដ្ឋចំនួន ២ របស់អាមេរិក។ ប៉ុន្ដែ ការសិក្សារបស់នាង ពេលនោះ ទទួលបរាជ័យ ព្រោះតែមិនបានរៀនអ្វីសោះ។
ឆ្នាំ ១៩៩៩ នាងត្រូវបានអគ្គនាយករងរបស់ Hooters ស្នើឱ្យដាក់ពាក្យសុំកាន់កាប់តំណែងអ្នកគ្រប់គ្រងផ្នែកបណ្ដុះបណ្ដាល នៅការិយាល័យកណ្ដាល ក្នុងតំបន់ Atlanta ។ មកដល់ឆ្នាំ ២០០៤ ក្រុមហ៊ុន Hooters ត្រូវបានប្រកាសលក់ ដោយសារម្ចាស់របស់វា បានស្លាប់ក្នុងវ័យ ៦៩ឆ្នាំ ដោយសារជម្ងឺហើមសសៃឈាម។ Cole នៅតែសម្រេចចិត្តនៅជា Hooters ហើយនាងបានក្លាយជាអគ្គនាយិការរង ពេលនាងមានអាយុ ២៦ឆ្នាំ។ ការងាររបស់នាង គឺត្រូវជួយដល់ក្រុមវិភាគ និងម្ចាស់ធនាគារ តាមរយៈការផ្ដល់ទន្និន័យនានារបស់បណ្ដាញហាង រហូតដល់ប្រាក់វិនិយោគឯកជន។ ពេលនោះ Cole មិនទាន់មានសញ្ញាបត្រមហាវិទ្យាល័យ នៅឡើយ។
ដើម្បីដោះស្រាយបញ្ហាមិនមានសញ្ញាបត្រខាងលើ Cole បានទៅចុះឈ្មោះរៀន ដើម្បីបានសញ្ញាបត្រ MBA នៅសកលវិទ្យាល័យ Georgia State ។ មកដល់ឆ្នាំ ២០១១ Cole បានក្លាយជាអគ្គនាយិការ ក្នុងវ័យ ៣២ឆ្នាំ គឺបន្ទាប់ពីបានធ្វើការនៅ Hooters អស់រយៈពេល ១៥ឆ្នាំ។
អគ្គនាយកបណ្ដាញហាងនំ ដែលរកបានពាន់លានដុល្លារ
Kat Cole បានក្លាយជាអគ្គនាយិការ ក្នុងវ័យ ៣២ឆ្នាំ របស់ក្រុមហ៊ុន Cinnabon ដែលមានហាងចំណុះ ចំនួន ១,១០០ កន្លែង និងរកបានប្រាក់ចំណូល ១ពាន់លានដុល្លារក្នុងមួយឆ្នាំ បន្ទាប់ពីបានធ្វើការរយៈពេល ១៥ឆ្នាំ នៅ Jacksonville ក្នុងរដ្ឋ Florida ។ ក្នុងឆ្នាំនេះ ប្រាក់ចំណូលទូទាំងពិភពលោក របស់ក្រុមហ៊ុន នឹងឡើងដល់ ១ពាន់លានដុល្លារ។
បើទោះ កាន់កាប់តំណែងអគ្គនាយិការក្រុមហ៊ុនដ៏ធំមួយ ប៉ុន្ដែ Cole រួមនឹងមិត្តប្រុសយូរឆ្នាំរបស់នាង កំពុងរស់នៅក្នុងផ្ទះដែលត្រូវបានសាងសង់កាលពីឆ្នាំ ១៩៦៩ នៅលើផ្ទៃដី ៣,០០០ម៉ែត្រក្រឡា នៅ Atlanta ។ នាងនៅតែប្រើប្រាស់រថយន្ដ Mercedes ដែលបានទិញកាលពី ៩ឆ្នាំមុន និងប្រើទូរស័ព្ទ iPhone ដែលមានអេក្រង់បែក។
* ព័ត៌មានទាក់ទងសំខាន់ៗ
- អាយុ ១៥ឆ្នាំ រកបានជាងមួយលានដុល្លារ ដោយការលក់ស្បែកជើងផ្ទាត់
- គ្រាន់តែលក់ខ្សែកៅស៊ូក្មេងលេង រកបានប្រាក់រាប់លាន ដុល្លារអាមេរិក
- ស្រីស្អាត បោះបង់មហាវិទ្យាល័យ បែរមកចិញ្ចឹមកង្កែប
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ forbes/ds