CamNews

ជីវិត និងការងារ 

គ្រាន់តែលក់ខ្សែកៅស៊ូក្មេងលេង រកបានប្រាក់រាប់លាន ដុល្លារអាមេរិក

Cheong-Choon Ng អតីតវិស្វកររបស់ក្រុមហ៊ុន Nissan Motor នៅអាមេរិក បានរកឃើញវិធីរក
ប្រាក់ពីការលក់ខ្សែកៅស៊ូចម្រុះពណ៌ ដើម្បីត្បាញជាខ្សែដៃ តម្លៃ ១៧ដុល្លារអាមេរិក។ ប្រភេទ
របស់លេងនេះ  ត្រូវបានកុមារអាមេរិក  ចូលចិត្តយ៉ាងខ្លាំង  ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមក
ផលិតផលនេះត្រូវលក់ចេញ រាប់លានឈុត។

Cheong-Choon Ng អ្នក​បង្កើត​ក្រុម​ហ៊ុន Rainbow Loom លក់​ខ្សែ​កៅស៊ូ

ទំព័រ CNN បានចេញផ្សាយថា កុមារនៅពាសពេញប្រទេសអាមេរិក កំពុងតែនាំគ្នាសប្បាយជា
មួយល្បែងត្បាញខ្សែកៅស៊ូ ដែលមានពណ៌ស្រស់ស្អាត ជាខ្សែដៃ។ កៅស៊ូដែលមានយីហោ
Rainbow Loom ក្នុងមួយឈុតៗ ត្រូវបានគេលក់ក្នុងតម្លៃ ១៧ដុល្លារ ដោយរួមមានខ្សែកៅស៊ូ
ចំនួន ៦០០កង និងមានពណ៌គ្រប់ប្រភេទ រួមនិងឧបករណ៍ត្បាញផងដែរ។ វីដេអូណែនាំអំពីវិធី
ត្បាញក៏ត្រូវបានគេបង្ហោះ និងចែករំលែកនៅពេញអ៊ីនធើរណិត។

Michaels Stores ដែលជាបណ្ដាញលក់សម្ភារៈសិប្បកម្មធំមួយនៅអាមេរិក បានទទួលទិញ
ផលិតផលនេះ កាលពីដើមខែ ៨ ហើយពេលនេះ Rainbow Loom ក៏កំពុងតែលក់ដាច់បាន
ច្រើនជាងមុនដល់ទៅ ១០ដង នេះបើតាម Philo Pappas អ្នកគ្រប់គ្រងរងរបស់ក្រុមហ៊ុន ខ្សែ
កៅស៊ូនេះ។

កៅស៊ូកង ដែលមានពណ៌ដ៏ស្រស់ស្អាតនេះ  គឺជាគំនិតរបស់  Cheong-Choon Ng ជាអតីត
វិស្វកររបស់ Nissan Motor នៅតំបន់ Detroit អាមេរិក។ ចាប់តាំងពីបានបង្ហាញខ្លួនក្នុងទីផ្សារ
អាមេរិក កៅស៊ូកង រាប់លានឈុត ត្រូវបានលក់ចេញ។

កាលពីបីឆ្នាំមុន Cheong-Choon Ng បានឃើញកូនស្រីរបស់ខ្លួនពីរនាក់ គឺ Teresa អាយុ ១២
ឆ្នាំ និង Michelle អាយុ ៩ឆ្នាំ នាំគ្នាត្បាញកៅស៊ូជាខ្សែដៃ។ ប្រការនេះ ធ្វើឱ្យគាត់នឹកឃើញកាល
ពីខ្លួននៅតូច នៅ Malaysia ដែលកាលណោះគាត់តែងយកកៅស៊ូមកធ្វើជាខ្សែសម្រាប់លោត
លេង។ Cheong-Choon Ng បានយកកៅស៊ូតូចមួយចំនួន ត្បាញជាខ្សែដៃ ប៉ុន្ដែប្រភេទកៅស៊ូ
នេះតូច ធៀបនឹងម្រាមដៃរបស់គាត់។


Rainbow Loom អាចបង្កើតខ្សែដៃដែលមានពណ៌ស្រស់ស្អាត ដោយកៅស៊ូ

ដូច្នេះ Cheong-Choon Ng ក៏បានចូលហ្គារ៉ាស និងបង្កើតឧបករណ៍តម្បាញសាមញ្ញមួយធ្វើអំពី
ឈើ។ ក្រោយក គាត់ក៏ចាប់ផ្ដើមត្បាញជាកង។ ដំបូង កូនៗរបស់គាត់ ហាក់មិនពេញចិត្តប៉ុន្មាន ប៉ុន្ដែនៅពេលបានឃើញល្បឿននៃការត្បាញរបស់ពុក ពួកគេក៏បានប្ដូរការយល់ឃើញ។

នៅពេលទៅសាលារៀន  កូនៗរបស់  Cheong-Choon Ng  បានសម្លឹងឃើញនូវសក្កដានុពល
ដែលអាចរកប្រាក់បាន បន្ទាប់ពីឃើញមិត្តរបស់ពួកគេចូលចិត្ដឧបករណ៍ដែលពុកបានបង្កើត
ឡើង។ ដូច្នេះ Cheong-Choon Ng ក៏បានសម្រេចចិត្តចំណាយប្រាក់ ១០,០០០ដុល្លារដែលបាន
សន្សំទុកឱ្យកូនរៀន ដើម្បីធ្វើជាដើមទុនដំបូង។

Cheong-Choon Ng បានចំណាយពេល ៦ខែ បង្កើតបាន ២៨ម៉ូដ ដើម្បីជ្រើសយកម៉ូដមួយដែល
ល្អ និងស្អាតជាងគេបង្អស់។ ក្រោយមក គាត់ក៏បានទាក់ទងអ្នកផ្គត់ផ្គង់នៅចិន ហើយបានទទួល
ទំនិញដំបូងនាខែមិថុនា ឆ្នាំ ២០១១ ។ ទំនិញដំបូងនេះ មានទម្ងន់ ជាង ៩០០គីឡូក្រាម។

ផលិតផលនេះមួយឈុត រួម​មាន​ គ្រោង​សម្រាប់​ត្បាញ​កៅស៊ូ និង​​កៅស៊ូ ៦០០​កង មានតម្លៃ
១៧ដុល្លារអាមេរិក

ដំបូងឡើយ Rainbow Loom ត្រូវបានលក់ចេញក្នុងល្បឿនយឺតៗ។ នៅពេលគាត់ទៅកាន់ហាង
ទំនិញដើម្បីបញ្ចុះបញ្ចូលម្ចាស់ហាង ពេលខ្លះគាត់ក៏ត្រូវគេដេញតាមរបៀប “ការទូត” ទៀតផង។

ជំហានថ្មីមួយ  បានកើតឡើងកាលពីខែកក្កដា ឆ្នាំ  ២០១២ នៅពេលហាងមួយរបស់បណ្ដាញ
The Learning Express Toys បានទទួលលក់ផលិតផលរបស់ Cheong-Choon Ng ។ ហាងមួយ
នេះ ថែមទាំងបង្កើតវគ្គបណ្ដុះបណ្ដាលរបៀបត្បាញ ដល់អតិថិជន។

Cheong-Choon Ng និយាយថា ៖ “មានពេលមួយនោះ ហាងមួយរបស់ The Learning Express
Toys បានហៅទូរស័ព្ទមកយើងខ្ញុំ  ប្រាប់ថា  បានលក់អស់  ២៤ប្រអប់ក្នុងមួយសប្ដាហ៍  ហើយ
ក្រោយមកគឺ ៩៦ប្រអប់ក្នុងមួយសប្ដាហ៍”។  កូនស្រីរបស់  Cheong-Choon Ng គឺ  Teresa និង
Michelle សុទ្ធតែយក Rainbow Loom ទៅសាលារៀនដើម្បីឃោសនាដល់មិត្តភ័ក្ដិ។

នៅមុនថ្ងៃបុណ្យណូអែលឆ្នាំ  ២០១១  តម្រូវការនៃការលេងល្បែងនេះ  បានកើនឡើងខ្លាំង។
Cheong-Choon Ng ឱ្យដឹងថា ៖ “មានការបញ្ជាទិញជាច្រើន ត្រូវបានបញ្ជូនមក ហើយយើងខ្ញុំ
ត្រូវស្វែងរកជំនួយពីគ្រប់កន្លែង”។ ការបញ្ចូលផលិតផលសម្រេចទៅក្នុងប្រអប់ នៅតែត្រូវបាន
ធ្វើឡើងដោយគ្រួសាររបស់លោក។

Michelle កូន​ស្រី​អាយុ ១២​ឆ្នាំ របស់ Cheong-Choon Ng កំពុង​ធ្វើ​ការ​ឱ្យ​ពុក​នាង

បើទោះជារកបានប្រាក់រាប់លានដុល្លារ  ប៉ុន្ដែ គ្រួសាររបស់  Cheong-Choon Ng  មិនបានចាយ
វាយខ្ជះខ្ជាយនោះទេ។ Cheong-Choon Ng នៅតែបើកបររថយន្ដដែលមានអាយុ ១២ឆ្នាំ ចំណែក
ប្រពន្ធរបស់គាត់ ក៏តែងចាំរកទិញរបស់ដែលគេបញ្ចុះតម្លៃ។ ប្រាក់ចំណេញដែលរកបាន ត្រូវ
បាន Cheong-Choon Ng វិនិយោគជាថ្មី ទៅលើ Rainbow Loom និងរកនឹកបង្កើតផលិតផលម៉ូដ
ថ្មី ដើម្បីទាក់ទាញអតិថិជន៕


ដោយ ៖ តារា
ប្រភព ៖ CNN/nytimes



Tags: Rainbow Loom​ Success Rubber Cheong-Choon Ng USA