CamNews

ព័ត៌មានអន្តរជាតិ 

ម្ចាស់ហាង ផ្ទុះជម្លោះ ជាមួយភ្ញៀវ រឿងលក់ ម្ហូបថ្លៃខ្ពស់ ខុសធម្មតា ទីបំផុត ខាតទាំងសងខាង

កណ្តាល៖ រឿងរ៉ាវ គួឱ្យអស់សំណើចមួយទៀត បានកើតឡើងជាថ្មី នាថ្ងៃបុណ្យចូលឆ្នាំ កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ នៅស្រុកគៀនស្វាយ ដែលជាប់ងារថា ជាស្រុកដែលសំបូរដោយ ហាងម្ហូបកោលុយភ្ញៀវ មិនរើសមុខ, ក្រោយពេល ម្ចាស់ហាងយីហោ២៥២ ដែលជាមេភូមិទួលក្របៅ បានផ្ទុះជម្លោះជាមួយ ភ្ញៀវចូលទៅផឹកស៊ី ក្នុងហាងនេះ ចំពោះរឿងកាប់ថ្លៃតូប-ម្ហូប-ស្រា ខ្ពស់កប់ពពក ខុសពីតម្លៃធម្មតា តែទីបំផុត ត្រូវខាតបង់ ទាំងសងខាង ។

ការខាតបង់ទាំងសងខាងនេះ ក៏ព្រោះតែក្រោយផ្ទុះជម្លោះ ភាគីទាំងពីរ មានចិត្តខ្លាំងរៀងខ្លួន ពោលគឺខាងម្ចាស់ហាង២៥២ មិនយកលុយអ្វីទាំងអស់ ចំណែកឯភ្ញៀវដែល ចូលទៅពិសារម្ហូបអាហារនៅទីនោះ បែរជាយកលុយថ្លៃម្ហូបអាហារ ទាំងនោះទៅ ឱ្យអ្នកសុំទានទៅវិញ ។

ប្រភពព័ត៌មានពីកន្លែង កើតហេតុ បានឱ្យដឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាថ្ងៃកើតហេតុខាងលើ ភ្ញៀវដែលផ្ទុះជម្លោះនេះ ក៏ដូចជាអ្នកទេសចរផ្សេងទៀត បាននាំក្រុមគ្រួសារសាច់ញាតិ ទៅកំសាន្ត នៅរមណីដ្ឋានធម្មជាតិ កៀនស្វាយក្រៅ ហើយបានចូលពិសារម្ហូបអាហារ ផឹកស្រា នៅហាង២៥២ ដែលមានម្ចាស់ផ្ទះឈ្មោះ ខាំ លា ជាមេភូមិទួលក្របៅ ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

ប្រភពខាងលើបានបន្តថា ភ្ញៀវទាំងនោះ បានហៅម្ហូប និងភេសជ្ជៈ ដោយម្ចាស់ហាង បានយកតម្លៃកន្ទេល នៅទីនោះរួចជាស្រេច ។ បន្ទាប់ពីហូបចុករួច ភ្ញៀវក៏បាន ហៅកូនម្ចាស់ហាង ឱ្យមកគិតលុយ ពេលនោះម្ចាស់ហាង ក៏បានចេញវិក័យបត្រសរុប អស់ទឹកប្រាក់ ចំនួន ៥៤៤៥០០រៀល ដោយរាប់បញ្ចូលទាំងថ្លៃកន្ទេល និងតូបចំនួន ៣២០០០០ រៀលផង ។

ប្រភពដដែល បានបន្តទៀតថា ក្រោយពីមើលទៅលើ វិក័យបត្រភ្លាម ភ្ញៀវបានស្រែកចាច ព្រោះថាតូប ម្ហូប និងស្រាបៀរ បានឡើងថ្លៃខ្ពស់ កប់ពពក ដែលខុស ពីតម្លៃធម្មតា ហើយគាត់ក៏សុំបានបញ្ចុះតំលៃតូប ឲ្យមកនៅត្រឹម១៦០០០០រៀល ដូចធម្មតាវិញ ក៏ស្រាប់តែ ម្ចាស់ហាងបានចាប់ផ្តើមរករឿង កកើតជាជម្លោះ ផ្អើលពេញហាងតែម្តងទៅ ។ មិនតែប៉ុណ្ណោះ ក្រុមគ្រួសារម្ចាស់ហាង បាននាំគ្នា ប្រុងនឹងប្រើអំពើហឹង្សា មកលើភ្ញៀវថែមទៀតផង ។ ប៉ុន្តែក្រោយពីផ្ទុះរឿងនេះ មានសមត្ថកិច្ច និងគណៈកម្មាការគ្រប់គ្រងរមណីដ្ឋាន បានទៅដល់សម្របសម្រួល ម្ចាស់ហាងបែរ កើតចិត្តច្រើន ហើយនិយាយថា មិនយកលុយពីភ្ញៀវទៅវិញ ។ ចំណែកឯភ្ញៀវ ដែលមានមុខមានមាត់ដែរនោះ ក៏ចិត្តខ្លាំងដូចគ្នា ក៏បានយកលុយទាំងនោះ ទៅប្រគល់ឱ្យអ្នកសុំទានតែម្តង ។ ដោយឃើញដូច្នោះ ម្ចាស់ហាងបែរប្តូរចិត្តវិញ ហើយស្រែកថា ភ្ញៀវហូបហើយមិនឲ្យលុយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ភ្ញៀវដទៃទៀត ដែលនៅក្បែរនោះ បានដឹង ពីរឿងរ៉ាវទាំងនេះ អស់ទៅហើយ ។

ទោះជាយ៉ាងណា ករណីនេះ មិនមែនជារឿងចម្លែកឡើយ សម្រាប់អាហារដ្ឋាន ភោជនីយដ្ឋាន នៅស្រុកកៀនស្វាយ ដែលមានប្រពៃណី កាប់ថ្លៃម្ហូបខ្ពស់ កប់ពពកសម្រាប់ភ្ញៀវដូច្នេះ ជាពិសេស សម្រាប់ភ្ញៀវអ្នកដំណើរកម្សាន្ត ព្រោះពួកគេអាចយល់ថា ភ្ញៀវទាំងនោះ មកពិសារតែម្តងៗ ប៉ុណ្ណោះ មិនមកទទួលទាន នៅហាងរបស់គេ ជាប្រចាំឡើយ ហើយនេះ ជាសិទ្ធិសេរីភាព របស់ពួកគេ ដោយយោងទៅតាម ជំនាញពិសេស និង សេវាកម្មបន្ថែម ប៉ុន្តែក៏ជាមេរៀនថ្មីមួយទៀត សម្រាប់អ្នកទេសចរ ក៏ដូចជា អ្នកដំណើរ ដែលចង់ពិសារអាហារ នៅហាងនានា នៅស្រុកកៀនស្វាយ ដែលត្រូវតែសាកសួរតម្លៃឱ្យច្បាស់សិន មិននឹងចូលទៅទទួលទាន ព្រោះមិនអញ្ចឹងទេ ថាមិនត្រូវ អាចនឹងអស់លុយពីកាបូប ត្រឡប់មកផ្ទះវិញទាំងមុខស្អុយក៏ថាបាន ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news