ចិន៖ ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើង នៅពេលក្រុមវេជ្ជបណ្ឌិតជាច្រើននាក់ ត្រូវបានគេទូរស័ព្ទហៅឲ្យ មកព្យាបាលបុរសជនជាតិចិនម្នាក់ ក្រោយពេល ដែកស្រួចមួយដើម បានធ្លាក់មកពីលើទម្លុះជាប់នៅនឹងក្បាល នៅពេលបុរសនោះ កំពុងធ្វើការរុះរើផ្ទះចាស់របស់គាត់។
បុរសរងគ្រោះម្នាក់នោះ ត្រូវបានគេសំគាល់ដឹងត្រឹមតែថា មានឈ្មោះ Ho កំពុងរុះរើទ្រព្យសម្បត្តិក្នុងផ្ទះចាស់របស់គាត់មួយ នៅក្នុង ទីក្រុង Leye ខេត្ត Guangxi ស្រាបតែមាន ដែកធំមួយធ្លាក់មកពីខាងលើ មកដោតជាប់ពីថ្ងាស់របស់គាត់ផ្នែកខាងស្តាំ ធ្លុះទៅដល់ថ្គាមផ្នែកខាងឆ្វេង។
លោក Ho ត្រូវបានគ្រូពេទ្យជួយសង្គ្រោះជីវិតពីគ្រោះមន្តរាយ តាមរយៈការវះកាត់បន្ទាន់មួយ ប្រកបដោយជោគជ័យ នៅឯមន្ទីពេទ្យក្បែរនោះមួយកន្លែង ។ បច្ចុប្បន្ននេះ លោក Ho ត្រូវបានគេរំពឹងថា បានដឹងខ្លួនវិញទាំងស្រុងហើយ។
ក្រុមគ្រូពេទ្យបានហៅការព្យាបាលលោក Ho ថាជាគារព្យាបាលគួរឲ្យរន្ធត់បំផុតមួយ ដែលក្រុមវេជ្ជបណ្ឌិតមិនធ្លាប់បានជួបប្រទះ ដោយសាររបួសនោះ មានលក្ខណៈអាក្រក់ពេក។ ប៉ុន្តែហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល កាន់តែខ្លាំងមួយទៀតបានកើតឡើង នៅពេលដឹងថា លោក Ho មិនត្រឹមតែនៅមានជីវិតទេ ថែមទាំងដឹងខ្លួនដោយមានស្មារតីច្បាស់លាស់ពេញបរិបូណ៌ទៀតផង៕