CamNews

ព័ត៌មានជាតិ 

មន្ត្រី៖ ព្រះរាជពិធីបុណ្យ អុំទូក​ ប្រារព្ធធ្វើទ្បើងវិញ​ នៅឆ្នាំនេះ

ភ្នំពេញ៖ លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា នេះតាមរយៈ Facebook របស់លោកថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងវិញ ចំថ្ងៃទី៥-៦-៧ ខែវិច្ឆកា ។

លោក គឹម គុណវឌ្ឍ បានសរសេរថា «ជូនដំណឹងពីចម្ងាយបន្តិចហើយ : " ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ ២០១៤ ប្រព្រឹត្តទៅរយ:ពេល ៣ ថ្ងៃ គឺត្រូវនឹងថ្ងៃទី ៥ ទី៦ និងទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង" ។ គ្រប់ខេត្ត រាជធានី ត្រូវធ្វើការហ្វឹកហាត់ និងជ្រើសរើសទូក"ង" ទូក"ចែវ" ណាមានចំណុះចាប់ពី ១៨ ខ្ទង់ឡើងទៅ និងមានល្បឿនលឿន និងមានលក្ខណ:សមស្រប ។រាជធានី និងខេត្ត ត្រូវចាត់ចំណាត់ថ្នាក់ តាមលំដាប់លំដោយ ប្រភេទទូកលឿន មធ្យម និងទូកគូពិសេស ដើម្បីងាយស្រួលគណ:មេប្រយោគ ផ្គូរផ្គងទូកនីមួយៗ សូមជ្រាប ។ ខ្ញុំជឿជាក់ថា ទូករបស់វត្ត ទូករបស់ខេត្ត រាជធានី និងទូករបស់អង្គភាព ពិតជាត្រៀមរៀបចំពីពេលនេះទៅហើយ ។ រីឯប្រទីបគឺមាន ៩ គឺប្រទីបព្រះបរមរាជវាំង, ព្រឹទ្ធសភា,រដ្ឋសភា,រាជរដ្ឋាភិបាល,ក្រសួងការពារ ជាតិ,ក្រសួងមហាផ្ទៃ,ក្រសួងទេសចរណ៏ និងប្រទីបសាលារាជធានីភ្នំពេញ» ។

គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខានបានប្រារព្ធ អស់រយៈពេល ៣ឆ្នាំមកហើយ ដោយឆ្នាំ២០១១ ត្រូវកាន់ទុក្ខដល់អ្នកស្លាប់ជាង ៣០០នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅកោះពេជ្រ និងឆ្នាំ២០១២-២០១៣ ត្រូវលុបចោល ដោយសារបញ្ហា គ្រោះធម្មជាតិទឹកជំនន់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh