CamNews

ជីវិត និងការងារ 

ជីវភាពបែបព្រះពុទ្ធ របស់កុលសម្ព័ន្ធ មិនហូបសាច់ មិនកាប់ឈើ

នៅក្នុងច្បាប់របស់កុលសម្ព័ន្ធ Bishnoi នៅឥណ្ឌា មានប្រការខ្លះ បានហាមមិនឱ្យប្រមាញ់សត្វ
សម្លាប់សត្វជាអាហារ មិនថាសត្វចិញ្ចឹម ឬសត្វព្រៃ។


រាប់រយឆ្នាំមកនេះ ជនជាតិ Bishnoi នៅប្រទេសឥណ្ឌា នៅតែរក្សាចិត្តស្មោះចំពោះច្បាប់សាសនា
ដ៏តឹងរឹងរបស់កុលសម្ព័ន្ធខ្លួន។   ពួកគេមិនកាប់ដើមឈើដែលកំពុងមានជីវិត   និងមិនហូបសាច់
សត្វ។ ពួកគេតែងជួយដល់សត្វដែលត្រូវរបួស ជាងនេះ   ស្ដ្រីជនជាតិ Bishnoi  ថែមទាំងចិញ្ចឹម
សត្វដែលទើបកើត ដោយទឹកដោះរបស់ខ្លួន។

ប្រព្រឹត្ដល្អចំពោះសត្វ និងមិនសម្លាប់សត្វ

Bishnoi   គឺជាជនជាតិដែលរស់នៅក្នុងតំបន់សមុទ្រខ្សាច់ Thar រដ្ឋ Rajasthan   ភាគខាងលិច
ប្រទេសឥណ្ឌា។ នៅក្នុងភាសាអ្នកស្រុក “bish” មានន័យថា ២០ ចំណែក “noi” មានន័យថា ៩
ដូច្នេះ Bishnoi មានន័យថា ២៩ គឺតំណាងឱ្យវិន័យចំនួន ២៩ប្រការដែលសមាជិករបស់កុល
សម្ព័ន្ធនេះត្រូវគោរព ក្នុងនោះ វិន័យ ២០ប្រការគោរពតាមសាសនា ហិណ្ឌូ និង ៩ប្រការ គោរព
តាមសាសនាអ៊ីស្លាម។ យោងតាមមេក្រុមកុលសម្ព័ន្ធមួយចំនួន វិន័យទាំងនេះត្រូវបានអ្នកបង្កើត
សាសនា ឈ្មោះ Jhambheshwar ដែលជាអ្នកធ្លាប់រកឃើញប្រភពទឹក ជួយដោះស្រាយស្ថាន
ភាពគ្រោះរាំងស្ងួត ២០ឆ្នាំរបស់អ្នកភូមិ Jhamba គឺជាអ្នកបង្កើតឡើងកាលពីប្រហែល ៥៤០ឆ្នាំ
មុន។
 

ដោយសារតែបានឃើញជីវភាពលំបាករបស់ប្រជាជន  ដែលស្ថិតក្នុងគ្រោះរាំងស្ងួតនៅសមុទ្រ
ខ្សាច់ រួមនឹងហនិភ័យនៃសង្គ្រាមនានា​ ដោយសារតែបញ្ហា​ ប្រកាន់សាសនា និងពូជសាសន៍
Jhambheshwar ក៏បានកសាងសង្គមមួយដែលមានសន្ដិភាព ក្នុងនោះ មនុស្សមិនត្រឹមតែត្រូវតែ
រស់នៅដោយសុខសាន្ដជាមួយគ្នានោះទេ តែក៏ត្រូវរស់នៅដោយប្រព្រឹត្តល្អជាមួយសត្វ និងរុក្ខ
ជាតិ។ សង្គមមួយនោះគឺជាប្រភពដើមរបស់កុលសម្ព័ន្ធ Bishnoi នាពេលបច្ចុប្បន្ន ហើយកុល
សម្ព័ន្ធនេះ ក៏នៅតែ រក្សាបាន   នូវវិន័យជាច្រើនប្រការ​​  ដែលត្រូវបានដាក់ចេញដោយបុព្វ​បុរស
របស់កុលសម្ព័ន្ធ Bishnoi Jhambheshwar ។

ជីវភាពរបស់ជនជាតិ  Bishnoi រស់នៅយ៉ាងសាមញ្ញ     ដោយស្ដ្រីតែងពាក់ខោអាវពណ៌ស្រស់ៗ
ពាក់ក្រវិលច្រមុះ និងគ្រឿងអលង្ការ។ ចំណែកបុរស តែងស្លៀកពាក់ខោអាវពណ៌ស   ក្នុងនោះ
ចាស់ៗប្រើសម្លៀកបំពាក់ពណ៌លឿង។  ជនជាតិ Bishnoi រស់នៅដោយពឹងផ្អែកស្ទើរទាំងស្រុង
ទៅលើកសិកម្ម។ គូស្វាមី ភរិយាដែលទើបរៀបការ ពួកគេត្រូវចិញ្ចឹមជីវិតដោយបាតដៃទទេ នៅ
លើដីដ៏សោះក្រោះ។ ពួកគេត្រូវជីកអណ្ដូង យកទឹកមកស្រោចដំណាំ ដើម្បីចិញ្ចឹមជីវិតគ្រួសារ។
 

ប្រការពិសេសបំផុតរបស់កុលសម្ព័ន្ធ Bishnoi នោះគឺពួកគេហូបតែអ្វីដែលពួកគេដាំដោយខ្លួនឯង
ហើយមិនហូបសាច់ជាដាច់ខាត។ នៅក្នុងច្បាប់សាសនារបស់កុលសម្ព័ន្ធ Bishnoi បានហាមមិន
ឱ្យសម្លាប់សត្វ មិនថាសត្វព្រៃ ឬសត្វចិញ្ចឹម។ ជាងនេះ ពួកគេថែមទាំងចាត់ទុកសត្វទាំងឡាយជា
ញាតិ។ ឧបករណ៍ដាក់ទឹក គ្រាប់ធញ្ញជាតិ ឬមើមដែលអាចហូបបាន ត្រូវបានប្រជាជន កុលសម្ព័ន្ធ
Bishnoi ដាក់នៅក្បែរព្រៃ ក្បែរផ្លូវក្នុងភូមិ ដើម្បីអាចឱ្យសត្វទាំងឡាយមកស៊ីតាមចិត្ត។

កុលសម្ព័ន្ធ Bishnoi ការពារធម្មជាតិ

កុលសម្ព័ន្ធ Bishnoi ក៏តែងតែជួយដល់សត្វនានាដែលត្រូវរបួស ខណៈដែលស្ដ្រីទាំងឡាយក៏ពេញ
ចិត្តនឹងការចិញ្ចឹមសត្វដែល ទើបកើតដោយទឹកដោះរបស់ខ្លួន ដូចជាសត្វក្ដាន់ ប្រឹស ឬរមាំង។ល។
 
ក្រៅពីការដាំដុះ ជនជាតិ Bishnoi ថែមទាំងចិញ្ចឹមសត្វមួយចំនួន ដូចជាសត្វគោ និងពពែជាដើម
ដើម្បីយកទឹកដោះ។ នៅពេលសត្វទាំងនេះចាស់ ពួកគេក៏នៅតែបន្ដចិញ្ចឹមរហូតដល់ពួកវាស្លាប់
តាមធម្មជាតិ។ ជាងនេះទៅទៀត ជនជាតិ Bishnoi មិនដែលកាប់ដើមឈើដែលនៅរស់ បើទោះ
ជាយកមកធ្វើឧស។ ពួកគេកាប់តែដើមឈើ ឬមែកឈើណាដែលងាប់ប៉ុណ្ណោះ ហើយប្រសិនមិន
គ្រប់គ្រាន់ពួកគេនឹងប្រមូលយកលាមកគោ ក្របី ហាលស្ងួតដើម្បីធ្វើជារបស់សម្រាប់ដុត។


ឆ្នាំ ១៨៤៧ នៅពេលមានកងទ័ពរបស់ស្ដេចមួយអង្គ បានមកដល់តំបន់ព្រៃរបស់កុលសម្ព័ន្ធ
Bishnoi ដើម្បីកាប់ដើមឈើកសាងរាជវាំង ជនជាតិ Bishnoi បាននាំគ្នាការពារព្រៃឈើរបស់ខ្លួន។
ពួកគេមិនប្រើកម្លាំងបាយប្រឆាំងនោះទេ តែបានអំពាវនាវឱ្យទាហានទាំងនោះ បញ្ឈប់ការកាប់
ព្រៃ។ ចុងក្រោយ ជនជាតិ Bishnoi ចំនួន ៣៦៣នាក់ ត្រូវបានសម្លាប់ ដោយសារការការពារធម្ម
ជាតិ។

ជាង ៥០០ឆ្នាំមកនេះ ជនជាតិ Bishnoi នៅតែរក្សាជីវភាពបែបសាមញ្ញ និងស្និទ្ធស្នាលជាមួយសត្វ
និងរុក្ខជាតិ។ ជនជាតិ Bishnoi បានឱ្យដឹងថា ពួកគេពេញចិត្តនឹងជិវិតរបស់ពួកគេ តាំងពីដើមរៀង
មក។ ខណៈដែលស្ទើរគ្រប់កន្លែងក្នុងពិភពលោក បណ្ដាព្រៃឈើត្រូវបានគេកាប់បំផ្លាញ សត្វព្រៃ
ប្រភេទខ្លះត្រូវផុតពូជ ឬកំពុងប្រឈមនឹងការដាច់ពូជ ប៉ុន្ដែជនជាតិ Bishnoi បែរជាអាចបង្ហាញឱ្យ
ពិភពលោកដឹងថា មនុស្សអាចរស់នៅដោយសុខសាន្ដជាមួយសត្វ និងរុក្ខជាតិ៕


ដោយ ៖ តារា
ប្រភព ៖ dbv/ nativeplanet


Tags: life no meat Bishnoi India Jhambheshwar