ភ្នំពេញ ៖ មន្ត្រីអាវុធម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅ តាមផ្លូវ ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ កាលពីព្រឹកព្រលឹម ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ដែលសពជនរងគ្រោះ ត្រូវបានគេបាញ់សម្លាប់ ។
យោងតាមប្រភពព័ត៌មានពី មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេសម្លាប់ ខាងលើ គឺជាមន្រ្តីអាវុធ និងជាអ្នកបើករថយន្ត ឲ្យជនជាតិចិនផងដែរ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដែលចុះទៅពិនិត្យសពជនរងគ្រោះ នៅកន្លែងកើតហេតុនោះ បាននិយាយថា មិនទាន់មាននរណាម្នាក់ស្គាល់ អត្តសញ្ញាណសពនៅឡើយទេ ហើយក៏មិនទាន់ដឹងថា តើសពជនរងគ្រោះ ត្រូវបានជនល្មើសបាញ់សម្លាប់ពីកន្លែងផ្សេង យកមកទម្លាក់ចោល ឬធ្វើការបាញ់សម្លាប់ នៅកន្លែងកើតហេតុតែម្តង ឬមួយយ៉ាងណានោះឡើយ ដោយរង់ចាំធ្វើការស្រាវជ្រាវ ជាមុនសិន ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា នៅវេលាម៉ោងប្រហែល ១០ មាន រថយន្តមួយគ្រឿង មកឈប់នៅក្នុងដីឡូតិ៍ ហើយក៏បើកចេញបាត់ទៅ ។
ជុំវិញករណីឃាតកម្មនេះ ស្នងការរងនគរបាល ជាប្រធានការិយាល័យកណ្តាលយុត្តិធម៌ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់តាមទូរស័ព្ទថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរបស់លោក និងកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេត ចំពោះករណីនេះ ដើម្បីតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

