កាលពីថ្ងៃទី ១០ ខែធ្នូ ម្សិលមិញនេះ កាសែត Mirror របស់អង់គ្លេស បានចុះផ្សាយព័ត៌មានធម្មតា មួយដែលថា "ពិធីបុណ្យរំលឹក មិនមែនជាកន្លែង ដែលសមរម្យ ក្នុងការថតរូប (ថតដោយខ្លួនឯង) នោះទេ"។ ជាក់ស្តែង ថ្នាក់ដឹកនាំកំពូល ២រូបរបស់ អង់គ្លេស និងអាមេរិច បែរជាធ្វើរឿងដូច្នេះ នៅក្នុង ពិធីបុណ្យសព របស់មេដឹកនាំ Nelson Mandela នៅអាហ្រ្វិកខាងត្បូង។
កាសែត Mirror បានបន្ថែមឲ្យដឹងថា មេដឹកនាំជាន់ខ្ពស់ ២រូប គឺលោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោក នាយករដ្ឋមន្រ្តីអង់គ្លេស David Cameron បានរួមគ្នាសើចយ៉ាងស្រស់ ហើយ ផ្អៀងខ្លួន ទៅខាង នាយករដ្ឋមន្រ្តី ប្រទេសដាណឺម៉ាក លោកស្រី Helle Thorning-Schmidt ដើម្បីថតរូប តាម រយះកាមេរ៉ា ទូរស័ព្ទ។ ក្នុងនោះ ភរិយារបស់ លោកប្រធានាធិបតី អាមេរិច លោកស្រី Michelle Obama បានអង្គុយក្បែរនោះ អមដោយទឹកមុខស្រពោន មិនសប្បាយចិត្តឡើយ។
ក្នុងរយះពេលតែ ២,៣ នាទី ក្រោយពីរូបថត នៃមេដឹកនាំ ទាំងបីខាងលើ បានបង្ហោះក្នុងប្រព័ន្ធ អ៊ីនធឺ ណេត រូបថតមួយសន្លឹកនោះ ត្រូវបានគេចែករំលែកតៗគ្នា យ៉ាងច្រើន និងឆាប់រហ័ស ដែលបង្កឲ្យ មានមតិ ប្រកែកគ្នាយ៉ាងសន្ធឹកផងដែរ ក្នុងពិភពអ៊ីនធឺណេត អន្តរជាតិ។
មនុស្សជាច្រើន បានដាក់ជាសំណួរ ដោយចោទសួរថា: "សកម្មភាពថតរូប (ថតដោយខ្លួនឯង) សើចញញឹម នៅក្នុងពិធីបុណ្យរំលឹក ដល់សពវីរបុរស Mandela តើសក្តិសម ឬក៏អត់"? មនុស្សមូយ ចំនួនទៀត ដែលប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម បានបង្ហាញពីភាពមិនយល់ព្រម ជាមួយ នឹងការថតរូប (ដោយខ្លួនឯង) បែបនេះ របស់លោកប្រធានាធិបតី អូបាម៉ា រួមជាមួយនឹងនាយក រដ្ឋមន្រ្តី អង់គ្លេស និងដាណឺម៉ាក ឡើយ។
ក្នុងនោះ អ្នកប្រើប្រាស់អ៊ីនធឺណេត មួយចំនួនផ្សេងទៀត បានឲ្យដឹងថា សកម្មភាពរបស់ លោក អូបាម៉ា និងលោក Cameron គឺសក្តិសម ក្នុងព្រឹត្តិការណ៍ដែលប្រារព្ធធ្វើនៅពហុកីលាដ្ឋាន FNB កន្លែងដែលជនជាតិអាហ្រ្វិកខាងត្បូង រាប់ពាន់នាក់ កំពុងតែរាំ ច្រៀង ដើម្បីរំលឹកដល់សព មេដឹកនាំ ដែល ពួកគេហៅថា Madiba។
ឆ្លើយតបនឹងចម្ងល់ និងបណ្តាមតិផ្ទុយ ជាច្រើន របស់អ្នកនិយមលេងអ៊ីនធឺណេត លោកនាយករដ្ឋ មន្ត្រី អង់គ្លេស Cameron បានឲ្យដឹងថា ព្រឹត្តិការណ៍ ដែលទើបតែប្រារព្ធរួចហើយថ្មីៗនេះ ដូចទៅពិធី បុណ្យរំលឹក ជាជាងពិធីបុណ្យសព ហើយប្រការដែលសំខាន់នោះ គឺពិភពលោក នឹងចងចាំជាប់ ក្រអៅបេះដូង ជានិច្ច ចំពោះវីរបុរស Nelson Mandela៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14