CamNews

ជីវិត និងការងារ 

វត្តសៅលិញ និងចៅអធិការ រកបានប្រាក់ជាង ១៥លានដុល្លាររាល់ឆ្នាំ ពីក្រុមហ៊ុន

វត្តសៅលិញ ដែលស្ថិតនៅក្នុងឃុំ Dengfeng ទីក្រុង Zhengzhou នៃខេត្រ Henan ប្រទេស
ចិនបានក្លាយជា “ការិយាល័យកណ្ដាល” នៃបណ្ដាក្រុមហ៊ុន ដែលដឹកនាំដោយចៅអធិការវត្ត
Shi Yong Shin (奭永信) ។

បច្ចុប្បន្ន ក្រុមមន្ដ្រីសង្ឃរបស់វត្តសៅលិញ កំពុងចូលរួមធ្វើសកម្មភាពជំនួញស្ទើរគ្រប់វិស័យ
ចាប់ពីការឃោសនាស្វែងរកអ្នកមានទេពកោសល្យ រហូតដល់ការសម្ដែងក្បាច់គុន សិល្បៈ
ដោយធ្វើដំណើរសម្ដែងជុំវិញពិភពលោក ជាងនេះទៀត វត្តសៅលិញក៏បានបើកសាលាក្បាច់
គុនផងដែរ។  សកម្មភាពរកប្រាក់ទាំងនេះ បានចាប់ផ្ដើមឡើង បន្ទាប់ពីភិក្ខុ Shi Yong Shin
(奭永信) ត្រូវបានតែងតាំងជាចៅអធិការវត្តសៅលិញ នៅឆ្នាំ ១៩៩៩ ។


ប៉ុន្ដែ គំនិតមួយដែលប្រែក្លាយវត្តសៅលិញ (ដែលជាវត្តមួយត្រូវបានកសាងកាលពីឆ្នាំ ៤៩៥)
ទៅជាកន្លែងរកប្រាក់បែបអាមេរិក របស់ចៅអធិការ  Shi Yong Shin ក៏ក្លាយជាចំណុចក្ដៅនៃ
ការរិះគន់ បើទោះ ព្រះសង្ឃអង្គនេះ ធ្លាប់មានសង្ឃដីកាថា ៖ “វត្តសៅលិញគឺជាអង្រឹងនៃក្បាច់
គុន ដូច្នេះ យើងត្រូវតែមានទំនួលខុសត្រូវធំ ក្នុងការឃោសនាក្បាច់គុន”។  

លោកសាស្ដ្រាចារ្យ Zhu Xiao Jing មកពីសកលវិទ្យាល័យប្រជាជន នៅក្រុងប៉េកាំង យល់ថា
វត្តសៅលិញ បានដើរហួសគន្លងដើម ក្នុងការស្វែងរកប្រាក់ចំណេញ។ លោកថា “មិនគួរគ្រប់
គ្រងវត្ត ដូចជាក្រុមហ៊ុន” ។
 
លោកសាស្ដ្រាចារ្យខាងលើ បន្ដថា “វត្តអារាម ត្រូវតែជាកន្លែងសម្រាប់អ្នកគោរពបូជា ពឹងពាក់
ផ្លូវចិត្ត។ ការប្រែក្លាយវត្តទៅជាកន្លែងរកប្រាក់ គឺជាការខុសឆ្គង” ។
 
កាលពីថ្ងៃទី ១៧សីហា គេហទំព័រសារព័ត៌មានមួយនៅប្រទេសចិន បានចុះផ្សាយអំពីព័ត៌មាន
នៃការធ្វើជំនួញរបស់វត្តសៅលិញ ពិសេសគឺចៅអធិការ Shi Yong Shin ។

ទំព័រកាសែតនេះ បានសរសេថា ចាប់ពីឆ្នាំ ១៩៩៩ ក្រោយពី Shi Yong Shin បានក្លាយជាចៅ
អធិការជំនាន់ទី ៣០ វត្ដសៅលិញ បានឈានដល់ដំណាក់កាលរីកចម្រើនបំផុត ហើយបានបាត់
បង់តម្លៃដើមស្ទើរទាំងស្រុង។


ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ វត្តសៅលិញ បានក្លាយជាក្រុមហ៊ុនធំ ដែលមានក្រុមហ៊ុន
តូចចំនួន ៥ ដែលមានឈ្មោះ សៅលិញ ក្នុងនោះមាន ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្ដិ ក្រុមហ៊ុន
អភិវឌ្ឍអាហារ និងក្រុមហុនឱសថផងដែរ។ 
 
បច្ចុប្បន្ន វត្តសៅលិញ បានក្លាយជាក្រុមហ៊ុនមរតកបែបបណ្ដាញ ដែលធ្វើសកម្មភាពក្នុងវិស័យ
ជាច្រើន ដូចជា មនុស្សធម៌ ក្បាច់គុន ពេទ្យវិទ្យា សិល្បៈ បោះពុម្ភ ក្នុងនោះ ក៏មានក្រុមហ៊ុនជាង
៤០ នៅក្រុង Berlin និង London និងសាលារៀន មន្ទីរស្រាវជ្រាវ ផ្សព្វផ្សាយក្បាច់គុនកុងហ៊្វូ ជាង
៥០កន្លែង ទាំងនេះ ក្លាយជាប្រភពចំណូលសំខាន់របស់វត្តសៅលិញ ដោយក្នុងមួយឆ្នឈៗ វត្ត
នេះទទួលបានប្រាក់ចំណូលប្រហែល ១០លានផោន ប្រមាណជាជាង ១៥លានដុល្លារអាមេរិក។

យ៉ាងនេះក្ដី ចៅអធិការអង្គនេះ កំពុងរងការចោទប្រការថា មានស្រី និងមានកូន នៅប្រទេស
អាល្លឺម៉ង់ ព្រមទាំងមានទ្រព្យដល់ទៅប្រហែល ៣ពាន់លានដុល្លារ។ តប់ទៅនឹងការចោទប្រកាន់
នេះ កាលពីថ្ងៃទី ២០សីហា ចៅអធិការវត្តសៅលិញ Shi Yong Shin (奭永信) មានសង្ឃដីកា
បដិសេធអំពីរឿងនេះ។

ចៅអធិការវត្តសៅលិញ ព្រះនាម Shi Yong Shin (奭永信) ប្រកាសថា ព្រះអង្គមិនដែលបាន
បំពានវិន័យដោយការទាក់ទងស្រី ឬមានស្នេហាដូចនិយាយក្នុងចោទប្រកាន់ ឬពាក្យចចាម
អារ៉ាមនោះទេ។ ទន្ទឹមនឹងនេះ ចៅអធិការអង្គនេះ ក៏បានយល់ថា បញ្ហានេះ អាចបង្កើតឡើង​ដោយមនុស្សមួយចំនួនដែលមានបំណងមិនល្អ ដើម្បីធ្វើបាបព្រះអង្គ៕


ដោយ ៖ តារា
ប្រភព ៖ dailymail/BHN