ភ្នំពេញ៖ តារាសម្តែងរូបស្រស់ និយមតែងខ្លួនបែបនារី ស្រគត់ស្រគំ កញ្ញា ឡោម លក្ខិណា បានបង្ហើបឲ្យដឹងថា សន្ទុះការងាររបស់នាង ក្រោយពេល ត្រឡប់ មកពីប្រទេសបារាំងវិញ ហាក់មានភាពស្ងប់ស្ងាត់ ប្លែកខុសពីមុនៗ ពោលគឺពេលនេះ នាងទំនេរសម្ងំ នៅតែក្នុងផ្ទះ មិនសូវមានការងារធ្វើទេ ។
ជួបសម្ភាសន៍ តាមទូរស័ព្ទជាមួយ គេហទំព័រ LookingTODAY តារាស្រីរូបស្អាតសម្បុរ ស្រអែមស្រស់ សមជានារីខ្មែរ កញ្ញា ឡោម លក្ខិណា បានប្រាប់ឲ្យដឹងថា មួយរយៈពេលក្រោយពី នាងត្រឡប់មកពីសម្តែង នៅប្រទេសបារាំង នាងមានពេលទំនេរច្រើន ដោយមិនសូវមានខាងណា ទាក់ទងការងារមកទេ ពោលមួយរយៈនេះ នាងសម្ងំនៅតែក្នុងផ្ទះទេ ។
តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា "ការងារគ្រប់យ៉ាង ហាក់ស្ងប់ស្ងាត់ ស្ទើរគ្រប់ច្រក ចាប់តាំងពីខ្ញុំ ត្រឡប់មកវិញ ប៉ុន្តែខ្ញុំមិនមានការព្រួយបារម្ភ អ្វីឡើយ ព្រោះខ្ញុំគិតថា ជារឿងធម្មតា សម្រាប់អ្នកសិល្បៈ គឺមានពេលរវល់ និងទំនេរជារឿងធម្មតា ហើយសម្រាប់គម្រោងចេញ ទៅក្រៅប្រទេសនៅឆ្នាំក្រោយនេះ ខ្ញុំក៏មានគម្រោងចេញ ទៅប្រទេស១ទៀត តែសុំលាក់សិនថា ចេញទៅប្រទេសណា" ។
តារាសម្តែង និងជាតារាចម្រៀង ឡោម លក្ខិណា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់នាងមួយរយៈពេល ចុងក្រោយនេះ បើទោះជាការងារ នៅក្នុងស្រុក ហាក់មិនសូវមានច្រើន តែសម្រាប់សន្ទុះការងារ នៅក្រៅស្រុក បែរជាលោតឡើង មានខាង Sponsor ទាក់ទងហៅ ទៅសម្តែងច្រើនប្រទេស តែនាងមិនចង់ទទួលច្រើន ព្រោះថាខ្លាចប៉ះ ប្រជាប្រិយភាពក្នុងស្រុកខ្លាំង ។ ម្យ៉ាងបើទទួលតែការងារ ក្រៅស្រុក គឺអាចធ្វើឲ្យនាង បាត់មុខពីសិល្បៈ ក្នុងស្រុកដោយសារតែ ការចេញ ទៅសម្តែងម្តងៗ គឺមានរយៈពេលយូរបើទទួលតែ២-៣ប្រទេស ទស្សនិកជននៅក្នុងប្រទេស បា្រកដជា ភ្លេចមុខនាងមិនខាន។ ដូច្នេះ ចំពោះគម្រោង ទៅក្រៅប្រទេស នាងទទួល១ឆ្នាំ តែម្តងប៉ុណ្ណោះ ពេលវេលានៅសល់ គឺចង់ទុកសម្រាប់ការងារ ក្នុងស្រុកឲ្យច្រើន ។
ទន្ទឹមជាមួយនឹង ការនិយាយរៀបរាប់ ពីការងារសិល្បៈនោះ តារាស្រី លក្ខិណា ក៏បានឆ្លៀតពេលផ្ញើរសារជូន ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលអញ្ជើញពីបណ្តាល ខេត្តផ្សេងៗ មកចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ នេះផងដែរថា សម្រាប់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ នៅពេលធ្វើដំណើរកម្សាន្ត ក្នុងឱកាសបុណ្យអ៊ុំទូកនេះ បានសប្បាយរីករាយ ទាំងអស់គ្នា មានការអធ្យាស្រ័យ យោគយល់លើគ្នា ទៅវិញទៅមក ហើយក៏សូមឲ្យមានការ ប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល