ភ្នំពេញៈ បន្ទាប់ពីអ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តដឹកដៃ លោក អ៉ិន សុបញ្ញា ហៅ ផាណូ
ចូលរោងការ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ រួចមក មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែលេចឮ
មតិ រិះគន់ពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើន ទៅលើតារាស្រីរូបនេះ និង
ស្វាមីវ័យក្មេង ដែលបានគ្រងសម្លៀកបំពាក់ ជាប្រពៃណីបែបឥណ្ឌា នៅក្នុងកម្មវិធីមង្គលការ របស់
នាង។ ធ្វើឲ្យក្រសែភ្នែកទស្សនិកជន និងអ្នកសិល្បៈមួយចំនួនគិតថា ការធ្វើបែបនេះ គឺវាមិនស័កិ្ត
សម ជាអ្នកសិល្បៈខ្មែរទាល់តែសោះ ព្រោះថាពិធីមង្គលការ គឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំង
ពីយូរយារណាស់មកហើយ មិនគួរយកប្រពៃណីផ្សេងមកលាយឡំបែបនេះទេ ។ តែទោះបីជាមហា
ជនរិះគន់បែបណាក៏ដោយ ក៏ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាភ្នែកជាច្រមុះ ហាក់ដូចជាគ្មាន
វិធានការ ច្បាស់លាស់ណាមួយទៅលើការ ស្លៀកពាក់បែបឥណ្ឌាក្នុងថ្ងៃមង្គលការ ជាពិសេសក្នុងពិធី
ទទួលភ្ញៀវ របស់អ្នកចម្រៀងយេៗ ខាត់ សុឃីម នោះឡើយ។
ថ្មីៗនេះ ក្រោយពីអ្នកនាង ខាត់ សុឃីម បានបញ្ចប់នូវកម្មវិធីមង្គលការជាស្ថាពរហើយនោះ រូបថត
រៀបការរបស់នាងជាច្រើនសន្លឹក បានលេចចេញនៅតាម បណ្តាញវេបសាយ ទស្សនាវដ្តី ក្នុងសង្គម
ហ្វេសប៊ុកជាច្រើន ដើម្បីឆ្លុះបញ្ចាំងពីការរៀបចំ នៅក្នុងពិធីមង្គលការរបស់ តារាស្រីល្បីឈ្មោះមួយរូប
ប្រចាំកម្ពុជាដោយ។ ក្នុងនោះក៏មានមតិមហាជនជាច្រើន បានបន្តធ្វើការរិះគន់មិនដាច់ពីមាត់ នៅពេល
ដែលឃើញនាង និងស្វាមីគ្រងសម្លៀកបំពាក់ បែបប្រពៃណីឥណ្ឌាឈរ នៅមុខរោងជ័យ រង់ចាំទទួល
ភ្ញៀវប្រកបដោយ ទឹកមុខសប្បាយរីករាយ ហើយថានេះជាទង្វើ មិនត្រឹមត្រូវអាចជះឥទ្ធិពល មិនល្អដល់
អ្នកសិល្បៈដទៃថែមទៀតផង។
មតិក្នុងការរិះគន់នោះ បានលើកឡើងទៀតថា តារាចម្រៀង ក្រម៉ិចក្រម៉ើម ខាត់ សុឃីម ក្នុងនាមជា
អ្នកសិល្បៈមួយរូប និងថែមទាំងជាម្ចាស់ហាង សម្អាងកាយទៀតផងនោះ គួរតែដឹងច្បាស់ពីប្រពៃណី
ខ្មែរ មិនគួរណាធ្វើបែបនេះទេ នៅក្នុងពិធីមង្គលការរបស់នាង ។ គួរណាស់តែស្លៀកពាក់តុបតែងខ្លួន
ជាសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ក្នុងកម្មវិធីទទួលបដិសណ្ឋាកិច្ចភ្ញៀវកិត្តិយស ដើម្បីទុកជាគំរូល្អៗ
ដល់ប្រជាពលរដ្ឋខ្មែរដែលអ្នកខ្លះគាត់ មិនទាន់បានដឹងច្បាស់ ពីពិធីមង្គលការរបស់ខ្មែរ ។
ទោះបីជាមានការរិះគន់ពី ប្រជាពលរដ្ឋយ៉ាងនេះក្តី ក៏មន្ត្រីពាក់ព័ន្ធក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ហាក់ដូចជា មិនទាន់មានវិធានការណាមួយ ក្នុងការដោះស្រាយ ឬក៏បញ្ជាក់ពីការបរិច្ឆេទដែលត្រូវកោះ
ហៅអ្នកនាងខាត់ សុឃីម ទៅអប់រំណែនាំពាក់ព័ន្ធនឹង បញ្ហាសម្លៀកបំពាក់មិនសមរម្យ ក្នុងពិធីមង្គល
ការនាងនៅឡើយទេ។
អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អោក
សុផុន បានថ្លែងប្រាប់ Looking TODAY នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះថា លោកមិនបានដឹងចំពោះ
ព័ត៌មាន និងការរិះគន់នេះទេ ហើយលោកក៏មិនបានឃើញ រូបថតដែលអ្នកនាងខាត់ សុឃីម ស្លៀក
ពាក់បែបឥណ្ឌានោះដែរ ដូច្នេះហើយខាងលោកមិនទាន់ មានវិធានការណាមួយ ក្នុងការណែនាំ ឬក៏
ស្តីបន្ទោសទៅលើនាងទេ។
លោកបានបន្ថែមទៀតថា "ប្រសិនបើចង់ឲ្យខាងខ្ញុំចាត់វិធានការ ឬក៏មានការប្រតិកម្មណាមួយទៅលើ
ខាត់ សុឃីម គឺទាល់តែបានឃើញរូបថតនោះសិន ថាកម្រិតក្នុងការតុបតែងខ្លួន ស្លៀកពាក់របស់គាត់
នៅក្នុងពិធីនោះ បែបណាហើយបើសិនជាអាច គួរតែយករូបថតទាំងនោះមកឲ្យខ្ញុំមើល ដើម្បីវាយតម្លៃ
ថា វាសមស្របទៅនឹងការរិះគន់ និងការចាត់វិធានដាក់ទោស ទៅនាងក្នុងកម្រិតណា ព្រោះថាក្នុងនាម
យើងជាសមត្ថកិច្ច មួយរូបមិនអាចស្តាប់ តែការរិះគន់ ហើយមិនបានឃើញ នឹងភ្នែកជាក់ស្តែង បែរជា
ទៅដាក់កំហុសគេនោះទេ"។
ដោយឡែក ប្រធាននាយកដ្ឋានអភិវឌ្ឍវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម វិបុល
ផល បានប្រាប់ដោយខ្លីថា លោកមិនបានដឹងព័ត៌មាន និងបានឃើញរូបនេះនៅឡើយទេ ព្រោះលោក
ទើបតែត្រឡប់មកពីខេត្ត មិនបានទទួលព័ត៌មាននេះទេ ហើយលោកក៏មិនមានវិធានការណាមួយដែរ។
ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានបញ្ចេញមតិប្រាប់ដែរថា សម្រាប់លោកក៏មិនមាន
ការយល់ស្រប នៅពេលដែលអ្នកនាង ខាត់ សុឃីម បញ្ចូលប្រពៃណីផ្សេង មកលាយឡំក្នុងប្រពៃណី
វប្បធម៌ខ្មែរ នៅក្នុងពិធីមង្គការនេះដែរ ។ ក្នុងនាមជាអ្នកសិល្បៈ ត្រូវតែរួមចំណែកក្នុងការថែរក្សា និង
ផ្សព្វផ្សាយពីវប្បធម៌ ដល់ពេលគេធ្វើបែបនេះ លោកក៏មិនយល់ដែរថា គាត់ (ខាត់ សុឃីម) កំពុងតែគិត
អ្វីនោះ។
លោក សុះ ម៉ាច បញ្ចាក់ថា "បើតាមខ្ញុំគិត នេះប្រហែលជាកំហុសអចេតនា របស់គាត់មួយ ពេលដែល
ធ្វើទៅមិនបានគិតច្បាស់ ដោយគាត់គិតថា ចង់រកអ្វីដែលថ្មី ហើយធ្វើឲ្យប្លែក នៅក្នុងពិធីមិនបាន គិត
ដិតដល់ថាធ្វើឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ មានការមិនពេញចិត្ត រិះគន់បែបនេះនោះទេ ។ ជារឿយៗ
ខ្ញុំក៏តែងតែព្យាយាម ណែនាំទៅដល់សិល្បករ-សិល្បការិនី ជាច្រើនមកហើយ ដោយប្រាប់ពួកគាត់
ក្នុងការតុបតែងខ្លួនស្លៀកពាក់ អីជាដើម.. ព្រោះថាខ្មែរយើងមានប្រពៃណី វប្បធម៌ល្អណាស់តាំងពី
ដើមមក។ ក្នុងនាមយើងជាអ្នកសិល្បៈ គួរណាស់តែជួយថែរក្សា និងផ្សព្វផ្សាយពីប្រពៃណី ដែលខ្មែរ
មានឲ្យកាន់តែទូលំទូលាយ មិនមែនទៅចំឡងយកប្រពៃណី គេមកផ្សព្វផ្សាយនៅក្នុងប្រទេសយើង
នោះទេ"។
ពាក់ព័ន្ធទៅនឹងការរិះគន់ មិនសំចៃមាត់ពីសំណាក់មហាជន ដែលពួកគាត់បានបញ្ចេញជាបន្តបន្ទាប់នៅ
ពេលនេះសម្រាប់តារាស្រីញញឹមស្រស់ អ្នកនាង ខាត់ សុឃីម ក៏បានចេញមុខបកស្រាយជុំវិញបញ្ហានេះ
និងបានសុំទោសទៅដល់មហាជន ជាច្រើនលើកច្រើនសារហើយដែរ ។ ដោយនាងបានលើកឡើងថា
នាងគ្មានចេតនាក្នុងការធ្វើឲ្យខុស ប្រពៃណីនោះទេ គ្រាន់តែនាងចង់រកអ្វីដែលប្លែកថ្មី សម្រាប់ពិធីមង្គល
ការ ដែលក្នុងមួយជីវិត មានម្តងនេះតែប៉ុណ្ណោះ៕
ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល