CamNews

តារា 

សុវណ្ណ គិរី ជាប់ឈ្មោះ ជាព្រាននារី​ ចិត្តស្មោះ ប៉ះខ្មោចស្រី ម៉ាដូណា

ភ្នំពេញ៖ តារាសម្ដែង សុវណ្ណ គិរី ត្រូវបានទស្សនិកជន ដាក់រហស្សនាមថា ជាតារាមានចិត្តជាព្រាន ញ៉ែស្រីមិនរើសមុខ ជាពិសេសក្នុងមជ្ឈដ្ឋាន អ្នកសិល្បៈ ព្រោះលោកជាតារា មានរាងសង្ហា ស្រីៗចូលចិត្តចោមរោមស្នេហ៍ ដែលអាចនិយាយថា លោកជាតារាសម្បូរស្នេហ៍មួយដួង ពូកែអន្ទងចិត្តស្រីៗ។ ប៉ុន្តែទោះបីជាលោក សុវណ្ណ គិរី ជាប់ឈ្មោះជាព្រាននារីក្ដី តែលោកក៏មានចិត្តស្មោះ ចំពោះស្នេហាដែរ ព្រោះពេលជួបជាមួយស្នេហាពិត ចិត្តសាវាទាំងប៉ុន្មាន ត្រូវបានរលាយសាបសូន្យ ទៅតាមខ្យល់ បន្សល់ទុកតែភក្ដីភាព រវាងគ្នានឹងគ្នា ។

តារាសម្ដែង លោក សុវណ្ណ គិរី ត្រូវបានដកស្រង់ ក្នុងឈុតមួយ នៃខ្សែភាពយន្ត «អាព្រឿងងាប់ហើយ» ដោយលោកបានសម្ដែង ជាបុរសប្រសប់ លេងទឹកមុខពូកែ វោហាស័ព្ទ ឈ្មោះ «នាយទ្បូយ» ជាមនុស្សប្រុសព្រាននារី សូម្បីស្រីចាស់មុខអាក្រក់ រស់នៅក្នុងភូមិជាមួយគ្នា ក៏លោក គិរី ញ៉ែញ៉ងសុំស្នេហ៍មិនរើសមុខដែរ ។ ប៉ុន្តែពេលនេះ លោកបានមកប៉ះជាមួយ កញ្ញា ម៉ាដូណា តារាសម្ដែង ពោរពេញទៅដោយសម្តី បែបកំប្លុកកំប្លែង មិនចេះរីងស្ងួត គឺកាន់តែធ្វើឲ្យទស្សនិកជន ទស្សនា ផ្ទុះសំណើចទ្វេដង ។

តាមដំណើរនៃសាច់រឿង មានថ្ងៃមួយ «នាយឡូយ» ជួបជាមួយ ខ្មោចស្រី ម៉ាដូណា បង្កើតបានជាសាច់រឿងកំប្លែង ជាច្រើន ដែលញុំាងឲ្យផ្ទៃរឿងទាំងមូល កាន់តែមានភាពចាប់អារម្មណ៍ ពីសំណាក់អ្នកទស្សនា។ ចង់ដឹងថា ឈុតឆាកនេះ មានការចាប់អារម្មណ៍ សើចសប្បាយកម្រិតណា សូមកុំភ្លេចអញ្ជើញមកទស្សនា ដែលនឹងត្រូវចាក់ញ្ចាំង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ។

សូមរំឭកថា រឿង "អាព្រឿង ងាប់ហើយ.!" ជាវណ្ណកម្មរបស់ផលិតកម្ម មហាហង្ស ត្រូវបានធ្វើពិធីបើកសម្ពោធ ចាក់បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅ នៅផ្សារទំនើបសូរិយា ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ផលិតករល្បីៗជាច្រើនដួង និងតារាសម្ដែងប្រុស-ស្រី យ៉ាងច្រើនកុះករ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh