កូរ៉េខាងជើង ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រល្បីមួយ របស់បរទេសបានផ្សាយ ឲ្យដឹងថា អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងជើង បានចេញច្បាប់ ហាមប្រជាជនរបស់ខ្លួន មិនឲ្យធ្វើការប្រារព្ធ ពិធីបុណ្យគ្រីស្តស្មាសនោះទេ។
កម្មវិធីសប្បាយៗត្រូវបាន គេរៀបចំឡើងយ៉ាងច្រើន ទៅតាមប្រទេស នៅទូទាំងពិភពលោក ដើម្បី អបអរពិធីបុណ្យគ្រីស្តស្មាស នៅថ្ងៃទី២៥ ខែធ្នូជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេស កូរ៉េខាងជើងវិញ អាជ្ញាធរមិនបានអនុញ្ញាតឲ្យប្រជាជនខ្លួន ធ្វើពិធីនេះឡើងទេ ប្រសិនបើប្រជាជនណាម្នាក់ ហ៊ាន ល្មើសនឹងច្បាប់នេះ នឹងត្រូវជាប់ពន្ធធនាគារ ឬអាចឈានដល់ការប្រហារជីវិត ថែមទៀតផង។
ប្រភពដដែល បានឲ្យដឹងទៀតថា បានជាប្រទេសកូរ៉េខាងជើង មិនអនុញ្ញាតឲ្យប្រជាជនខ្លួន ប្រារព្ធ កម្មវិធីនេះឡើង ព្រោះតែប្រទេស និងអ្នកកាន់សាសនាគ្រឹស្ត ជាអ្នកដែលប្រឆាំង ទៅនឹងរដ្ឋាភិបាល កាន់អំណាចបច្ចុប្បន្នរបស់ខ្លួន ហើយអ្នកដែលកាន់សាសនាគ្រឹស្ត និងប្រារព្ធពិធីបុណ្យគ្រឹស្តស្មាស នៅក្នុងប្រទេសនឹងត្រូវចាប់ខ្លួន។
គួរបញ្ជាក់ផងដែរថា បើទោះបីជាមានការហាមប្រាម ប្រជាជនខ្លួនឯងក៏ដោយក្តី ប៉ុន្តែសម្រាប់ភ្ញៀវ ទេសចរណ៍ ដែលមកកម្សាន្ត នៅក្នុងប្រទេសនេះ ត្រូវបានអនុញ្ញាតឲ្យប្រារព្ធ ធម្មតាដោយមិនមាន ការចាប់ខ្លួន ឬជាប់ទោសអ្វីឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល