ភ្នំពេញ៖ រថយន្តក្រុងខ្សែទី១ ក្នុងចំណោម គម្រោងផ្លូវរថយន្តក្រុងថ្មី ទាំង៣ខ្សែ នៅភ្នំពេញ ត្រូវបាន អាជ្ញាធរ ដាក់ ឱ្យដំណើរការ នៅព្រឹក ថ្ងៃចន្ទ ទី១ ខែកញ្ញានេះ ជាមួយនឹង តម្លៃ១៥០០រៀល សម្រាប់មនុស្សម្នាក់ៗ។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្តខ្សែទី១ ដែលត្រូវបានដាក់ ឱ្យដំណើរ ការ នៅព្រឹកមិញនេះ បានរត់ពីគីឡូម៉ែតលេខ១១ ក្នុងខណ្ឌឫស្សីកែវ កាត់តាម ស្ពានច្បារអំពៅ រហូតទៅដល់ វត្តក្តីតាកុយ នៅខណ្ឌច្បារអំពៅ ក្នុងតម្លៃ១៥០០រៀល ប៉ុណ្ណោះ សម្រាប់មនុស្ស, ចំណែក២ខ្សែទៀត នឹងដាក់ ឱ្យដំណើការ នៅពាក់កណ្តាល ខែកញ្ញា ខាងមុខនេះ ។
សូមជំរាបថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួល ដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ អាជ្ញាធរ រាជធានី ភ្នំពេញ បានសម្រេចទិញរថយន្តក្រុង៤០គ្រឿង បន្ថែមទៀត ដើម្បីដាក់ឱ្យរត់លើផ្លូវ ៣ខ្សែ នៅរាជធានី ភ្នំពេញ បន្ថែមលើផ្លូវរថយន្តក្រុង១ខ្សែ ជាជំនួយរបស់អង្គការ JICA ដែលបានដាក់ឱ្យដំណើរការ កាលពីខែកុម្ភៈ កន្លងទៅ ។
ផ្លូវរថយន្តក្រុងថ្មី ទាំង៣ខ្សែនេះ រួមមាន ខ្សែទី១រត់ពី គីឡូម៉ែតលេខ១១ ខណ្ឌឫស្សីកែវ ទៅដល់ វត្តក្តីតាកុយ (ផ្លូវជាតិលេខ១) ស្ថិតក្នុងខណ្ឌច្បារអំពៅ ខ្សែទី២ពីផ្លូវគីម អ៊ីលស៊ុង កាត់តាម ផ្លូវម៉ៅសេទុង រហូតដល់តាខ្មៅ និងខ្សែទី៣ចាប់ពីផ្សាររាត្រី ផ្សារចាស់ ឡើងមកផ្លូវកម្ពុជាក្រោម មកផ្លូវ សហព័ន្ធរុស្សី រហូតដល់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។ ការបើកដឹកអ្នកដំណើរ តាមរថយន្តក្រុង ទាំង៣ខ្សែនេះ អាជ្ញាធរ នឹងប្រើប្រាស់អ្នកបើកបរ ចំនួន៩០នាក់ ៕
