CamNews

យល់ដឹង 

ទោះដឹងថា ២១ធ្នូ គ្រាន់តែជាថ្ងៃបញ្ចប់ នៃប្រតិទិនម៉ាយ៉ា ប៉ុន្ដែប្រជាជន នៅតែខ្លាច "ឆេះកប្ប"

បើទោះបីជាទីភ្នាក់ងារអវកាស ណាសា និងរដ្ឋាភិបាលអាមេរិក បានអះអាងយ៉ាងប្រាកដថា
ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ នឹងមិនមែនជាថ្ងៃឆេះកប្ប ក៏ដោយ ប៉ុន្ដែ ការព្រួយបារម្ភដែលកើតឡើង
ដោយសារប្រតិទិនរបស់ជនជាតិ ម៉ាយ៉ា នៅតែមានចំពោះមនុស្សជាច្រើនក្នុងពិភពលោក។

តាមការពិត ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ គឺគ្រាន់តែជាថ្ងៃមួយដែលប្រាប់អំពីការបញ្ចប់នៃកម្រងប្រតិ
ទិនដែលមានរយៈពេល ៥១២៥ឆ្នាំ របស់ជនជាតិ ម៉ាយ៉ា តែប៉ុណ្ណោះ។ កាលពីមិនទាន់ត្រូវបាន
បកស្រាយច្បាស់លាស់ ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានយល់ថា ប្រតិទិននេះ បង្ហាញពីថ្ងៃទី
២១ធ្នូ គឺជាថ្ងៃដែលផែនដីនឹងត្រូវបានកំទេច ប្រការនេះបានធ្វើឱ្យមនុស្សជាច្រើនយល់ថា ការ
វិនាសរបស់ផែនដីនឹងមានប្រាកដ ខណៈដែលនៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃទី
២១ធ្នូ នឹងមកដល់។

ថ្វីបើដឹងប្រាកដថា ថ្ងៃឆេះកប្ប នឹងមិនកើតមាននៅថ្ងៃទី ២១ធ្នូខាងមុខ ក៏ដោយ ប៉ុន្ដែអាជ្ញាធរ
នៃប្រទេសធំៗមួយចំនួន ក៏បានបញ្ចេញសកម្មភាព ត្រៀមទប់ទល់នឹងហេតុការណ៍ដែលអាច
កើតមាននៅក្នុងថ្ងៃដែលមនុស្សជ្រុលនិយមមួយចំនួនតូចយល់ថា ជាថ្ងៃ "ឆេះកប្ប" នោះ។

យ៉ាងណាក្ដី អាជ្ញាធរនៃប្រទេសអង់គ្លេស បានអំពាវនាវសូមឱ្យប្រជាជនបំពាក់ឧបករណ៍រាយ
ការណ៍ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានឡើង និងផ្ដោតអារម្មណ៍ខណៈដែលកំពុងបើកបរនៅ
តាមដងផ្លូវជាដើម មុនថ្ងៃទី ២១ធ្នូ មកដល់។ ក្រៅពីនេះ កងកម្លាំងពន្លត់អគ្គីភ័យអង់គ្លេស ក៏បាន
ប្រកាសថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់បំផុតដែលអាច
កើតឡើង។ នេះគឺជាការអំពាវនាវ និងជាការអះអាងមួយ ជួយឱ្យប្រជាជនរបស់អង់គ្លេស​ មាន
ទំនុកចិត្តចំពោះសុវត្ថិភាពរបស់ពួកគេ។

ខណៈនេះដែរ រដ្ឋាភិបាលរុស្ស៊ី និងចិន បានទទួលរបាយការណ៍ស្ដីពីការកើនឡើង នៃតម្រូវការ
មួយចំនួនរបស់ប្រជាជន ក្នុងនោះមានទៀន និងសម្ភារៈសំខាន់ៗ ដោយសារតែប្រជាជនភ័យខ្លាច
ថ្ងៃទី ២១ធ្នូ។ ប៉ុន្ដែ អ្នកវិភាគនិយាយថា វាជារឿងធម្មតានោះទេ​ ដោយសារតែនេះជារដូវបុណ្យ
ណូអែល។

ចំណែកនៅអាមេរិកវិញ ក្រុមមន្ដ្រីមានសមត្ថកិច្ច បានទទួលរបាយការណ៍ថា ទីកន្លែងដែលគេបាន
អះអាងថា ជាកន្លែងមានសុវត្ថិភាពបំផុតសម្រាប់ថ្ងៃ "ឆេះកប្ប" នោះ​ ក៏មានការកើនឡើងយ៉ាងច្រើន
ផងដែរ។

រីឯ ប្រទេសបារាំង អាជ្ញាធរក្រុងប៉ារីស ក៏បានចេញបញ្ជាឱ្យបិទច្រកទៅកាន់ភ្នំ Bugarach ដែលជា
កន្លែងមួយ ត្រូវគេយល់ថា មានសុវត្ថិភាពបំផុត សម្រាប់ថ្ងៃទី ២១ធ្នូ។ អាជ្ញាធរក្រុងនេះ បានបក
ស្រាយថា ការបិទនេះគឺដើម្បីចៀសវាងក្រុមមនុស្សជ្រុលនិយមទាំងឡាយដែលពួកគេអាចនឹងមក
ប្រមូលផ្ដុំគ្នានៅទីនេះ៕

ដោយ ៖ សីហា
ប្រភព ៖ Zing


Tags: ២១ធ្នូ ឆ្នាំ ២០១២ ឆេះកប្ប