CamNews

ភាពយន្ត 

បែកធ្លាយ​រឿង​តារា​សម្ដែង​ និង​អ្នក​បច្ចេកទេស​ថត​ ក្នុង​រឿង​ «មាសសុទ្ធ» អត់ទាន់​បានទទួល​លុយ​ថ្លៃ​ថត

ភ្នំពេញ៖ ថ្មីៗនេះ ប្រភពពីអ្នកសិល្បៈ ដ៏គួរឲ្យទុកចិត្តមួយ បានលួចបង្ហើបឲ្យដឹងថា ក្រុមតារាសម្ដែង មានទាំងតួឯក តួរង និងអ្នកបច្ចេកទេស កាត់ត ថត ក្នុងរឿង«មាសសុទ្ធ» ដែលបានបញ្ចាំងចប់ ក្នុងស្ថានីយទូរទស្សន៍ CTN ហើយត្រូវបានកាត់ត ចេញជារឿងដុំ មានចំណងជើងថា«ភ្លើង» បញ្ចាំងក្នុងរោងភាពយន្ត លុច្ស នាពេលកន្លងមក គឺរហូតមកដល់ពេលនេះ ទាំងក្រុមតារាសម្ដែង ទាំងក្រុមបច្ចេកទេស មិនទាន់ទទួលប្រាក់កម្លាំងពលកម្ម ពោលគឺប្រាក់ថ្លៃថត ពីអ្នកដឹកនាំសម្ដែង ដែលបានហៅតួទាំងនោះ ទៅថតឡើយ ។

ប្រភពដដែល បានអះអាង ទៀតថា ខ្សែភាពយន្តភាគ រឿង« មាសសុទ្ធ» បានចាក់បញ្ចាំងចប់ថ្មីៗនេះ ក្នុងស្ថានីយទូរទស្សន៍ CTN ដែលមានតារាសម្ដែង លោក ប៉ែន ចិន្ដា ជាតួឯកប្រុស និងកញ្ញា ដួង ស្រីពេជ្រ ជាតួឯកស្រី ។ ក្នុងនោះមានតួអង្គសំខាន់ៗ ជាច្រើនទៀត មានដូចជា លោក ទេព រិនដារ៉ូ អ្នកនាង ចន ច័ន្ទលក្ខិណា លោក សាវិន ហ្វីលីព និងតួអង្គជាច្រើនទៀត មិនទាន់ទទួលបានប្រាក់មួយកាក់មួយសេន ពីអ្នកដឹកនាំសម្ដែងឡើយ ។ លើសពីនេះ ខណៈដែលរឿងតែមួយ បានបំបែបចេញជាពីរ( រឿងមាសសុទ្ធ និងរឿងភ្លើង ) បញ្ចាំងចប់រួចរាល់អស់ហើយ សូម្បីតែអ្នកបច្ចេកទេសថត អ្នកកាត់ត ក៏មិនទាន់បានទទួលប្រាក់ឈ្នួល ពីរឿងនេះដែរ ហើយកំពុងតែល្បីសុះសាយពេញពិភពសិល្បៈតែម្ដង ។

ប្រភពព័ត៌មានធ្លាយចេញ បានឲ្យដឹងទៀតថា រឿង «មាសសុទ្ធ» និងរឿង«ភ្លើង» ជាវណ្ណកម្មរបស់ផលិតកម្មរ៉ក់ ដែលមានលោក យឹម សុសត្យា ហៅ លីម៉េង ជាអ្នកគ្រប់គ្រង ក្នុងការផលិត និងមានលោក ផាត់ យុទ្ធ ដែលជាសាច់ញាតិរបស់លោក យឹម សុសត្យា ជាអ្នកដឹកនាំសម្ដែង និងហៅតួមកថត ក្នុងរឿងនេះ ។ ដោយឡែក អ្នកកាន់កាមេរ៉ាថត គឺមានលោក សន វិចិត្រ ។

ប្រភពដដែលបានបន្តថា តារាសម្ដែងទាំងនោះ មានទាំងតួឯក តួរង និងអ្នកបច្ចេកទេស បានរអ៊ូរទាំគ្រប់ៗគ្នា ចំពោះការយឺតយ៉ាវ ក្នុងការឲ្យប្រាក់កម្លាំងថតដល់ពួកគេ ប៉ុន្តែពួកគេហាក់មិនហ៊ាន បញ្ចេញឲ្យខ្ចខ្ចាយខ្លាំងនោះទេ ដោយយល់ថា ជាអ្នករស់នៅក្នុងដំបូលសិល្បៈតែមួយ ទុកមុខរាប់អានគ្នា ។ យ៉ាងណាមិញ ប្រភពបានខ្សឹបប្រាប់ទៀតថា លុយដែលផលិតកម្មរ៉ក់ បានបោះទុនផលិតរឿងខាងលើនេះ គឺត្រូវគេដឹងថា បានប្រគល់ឲ្យមកដល់ដៃ អ្នកដឹកនាំសម្ដែងរួចរាល់អស់ហើយ ប៉ុន្តែគេមិនដឹងទេថា ហេតុអ្វីអ្នកដឹកនាំសម្ដែង( លោក ផាត់ យុទ្ធ) មិនព្រមប្រគល់លុយនោះឲ្យទៅតារាសម្ដែង និងអ្នកបច្ចេកទេសនោះទេ ហើយពេលតារាសម្ដែងជួបមុខ ឬសួរនាំរឿងនេះ គឺបានត្រឹមតែញញឹម និងនិយាយថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ប៉ុណ្ណោះ។

ងាកមកប្រភពព័ត៌មាន ក្នុង Facebook វិញ មាន Account មួយឈ្មោះថា SoNso Man បានសរសេរក្នុង Facebook ខ្លួនថា« និយាយឲ្យចំ គឺរឿង"មាសសុទ្ធ" ចាប់ចេញថតតាំងពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៣ ម្ល៉េះ ហើយកាត់ជារឿងដុំ
"ភ្លើង" ដាក់បញ្ចាំងរោងកុន និងរឿងភាគដាក់បញ្ចាំង នៅប៉ុស្ដិ៍ CTN ទើបតែចប់ថ្មីៗនេះ អ្វីដែលឆ្ងល់នោះ គឺមកដល់ពេលនេះ ទាំងតួសម្ដែង ទាំងអ្នកបច្ចេកទេស មិនទាន់បានលុយផង ។ តើឲ្យភាពយន្តខ្មែរជឿនលឿន ម្ដេចនឹងកើត? បើអាជីពនេះ រស់ក្នុងភាព បោកឯលិចបោកឯកើត យ៉ាងនេះ? »។

ទោះបីជាយ៉ាងណា បន្ទាប់ពីមានប្រភពអះអាង យ៉ាងដូច្នេះក្ដី ប៉ុន្តែនៅពេលនេះ គេហទំព័រ LookingTODAY នៅមិនទាន់អាចស្វែងរកការបកស្រាយ ពីសំណាក់លោក យឹម សុសត្យា ជាអ្នកគ្រប់គ្រងផលិតកម្មរ៉ក់ និងលោក ផាត់ យុទ្ធ ជាអ្នកដឹកនាំសម្ដែង ឲ្យបំភ្លឺបានទេ នៅព្រឹកថ្ងៃនេះ៕







ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh