CamNews

តារា 

គង់ សាលីន ហៅ ម៉េង កែវពេជ្ជតាទី២ បោះទុនជាង៥ម៉ឺនដុល្លារ បើកហាងសាឡន ខ្នាតអន្តរជាតិ

ភ្នំពេញ៖ អ្នកនាង គង់ សាលីន តារាចម្រៀងខ្មែរ ប្រចាំនៅប្រទេសកាណាដា ដែលទស្សនិកជន
តែងតែឲ្យរហ័សនាមថា ម៉េង កែវពេជ្ជតាទី២ បានបង្ហើបប្រាប់ថា នាងគ្រោងបើកហាងដ៏ធំមួយ
នៅកណ្ដាលរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ ជាមុខជំនួញដំបូង ក្នុងមកបណ្ដាក់ទុនរកស៊ី
នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេស កំណើតរបស់ខ្លួន។

គម្រោងបើកហាងនេះ ត្រូវបានតារាចម្រៀង និងជាតារាសម្ដែងកំពុងតែមមាញឹកច្រើន ក្នុងឱកាស
ឆ្នាំថ្មី បង្ហើបប្រាប់ថា គឺជាអាជីវកម្មហាងលក់គ្រឿងសំអាង ដែលមកទល់ពេលនេះ អ្នកនាង កំពុង
តែឲ្យជាងឌីហ្សាញប្លង់ ហើយគ្រោងនិងដំណើរការ ក្នុងពេលដ៏ខ្លីខាងមុខ ។

តារាចម្រៀងដែលមានមុខមាត់ស្រដៀង និងអ្នកនាងម៉េង កែវពេជ្ជតា រូបនេះ បានបញ្ជាក់ប្រាប់
LookingTODAYថា ដំបូងឡើយអ្នកនាង គ្រោងបើកផលិតកម្មមួយ នៅក្នុងស្រុកខ្មែរ ប៉ុន្តែដោយ
សារ មិនមាន អ្នកជួយជ្រោមជ្រែង និងមិនអាចរកអ្នកទុកចិត្តបាន អ្នកនាងក៏សម្រេចចិត្តប្ដូរពីការ
បើកផលិតកម្ម មកបើកលក់គ្រឿងសំអាងវិញ។ អ្នកនាងបានបញ្ជាក់ប្រាប់ទៀតថា គ្រឿងសំអាង
ដែលអ្នកនាង គ្រោងនឹងយកមកលក់ គឺជាគ្រឿងសំអាងដែលនាំចូលពីបរទេស ដោយនៅក្នុងនោះ
មានដូចជា ប្រទេសថៃ សាំងហ្គាពួរ និងជប៉ុន ជាដើម។

អ្នកនាង គង់ សាលីន បានប្រាប់បន្ថែមទៀតថា "បច្ចុប្បន្នខ្ញុំកំពុងតែ រត់ការឯកសារទៅ ក្រសួង
ពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីនាំចូលនូវផលិតផលទាំងនោះ យកមកលក់
ក្នុងហាងរបស់ខ្ញុំ"។ តារាចម្រៀងសំនៀងក្រអួនក្រអៅរូបនេះ បានបង្ហើបទៀតថា មូលហេតុដែល
នាំអ្នកនាង ចង់បើកហាងលក់គ្រឿងសំអាង ក៏ព្រោះតែអ្នកនាងយល់ឃើញថា នៅក្នុងប្រទេសកម្ពុជា នៅមិនទាន់មានហាងគ្រឿងសំអាងមួយណា ដែលមាននាំចូល គ្រឿងសំអាងពីបរទេស ដូចអ្នកនាង
គ្រោងនឹង នាំចូលនោះឡើយ។

ជាមួយគ្នានោះអ្នកនាង បញ្ជាក់បន្ថែមថា មុននឹងនាំចូលនូវផលិតផល គ្រឿងសំអាងទាំងនោះ អ្នក
នាងបានស្ទាបស្ទង់ នៅលើទីផ្សារក្នុង ប្រទេសកម្ពុជារួចអស់ហើយ ជាពិសេសគឺសម្រាប់អ្នកសិល្បៈ
ខ្មែរតែម្ដង។ ដោយឆ្លងកាត់ ការស្ទាបស្ទង់នេះ អ្នកនាងរកឃើញថា មានអតិថិជនគាំទ្រច្រើន ទើប
សម្រេចចិត្ត ធ្វើរឿងនេះឡើង។

អ្នកនាង គង់ សាលីន បានបង្ហើបសំដីប្រាប់ថា មុខរបរដែលនាងគ្រោងនឹងបើកនេះ អតិថិជននៅលើ
ពិភពលោកគេចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសនោះ គឺអ្នកសិល្បៈតែម្ដង។ ជាមួយគ្នានេះ អ្នកនាង
សង្ឃឹមយ៉ាងមុតមាំថា អាជីវកម្មមួយនេះ និងទទួលបានជោគជ័យ តាមការគ្រោងទុកជាក់ជាមិនខាន
ឡើយ។

ទីតាំងដែលគ្រោងនឹងបើក គឺខាងក្រោយអតីតរោងកុនគិរីរម្យ ដោយបច្ចុប្បន្ន បានរៀបចំបានជាង
៨០% រួចមកហើយ ។ ចំពោះហាងដែលនាងបើកនោះមានឈ្មោះថា" សាលីនសាឡន" ដោយគ្រោង
នឹងចំណាយប្រាក់ ប្រហែលជាជាង៥ម៉ឺនដុល្លារ ក្នុងការធ្វើដើមទុន បើកហាងនេះឡើង។

អ្នកនាងបញ្ជាក់ជាចុងក្រោយថា ហាង" សាលីនសាឡន" គ្រោងសម្ពោធក្រោយពី ចូលឆ្នាំខ្មែររួច
ដោយក្នុងពិធីនោះអ្នកនាង នឹងអញ្ជើញអ្នកសិល្បៈ ព្រមទាំងអ្នកសារ ព័ត៌មានជាច្រើនមកចូលរួម
ជាច្រើននាក់ផងដែរ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong salin entertainment khmer star