យន្ដហោះខ្នាតតូចមួយគ្រឿង បានហោះបុកផ្ទះមួយខ្នង ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន
ក្បែរព្រលានយន្ដហោះ Midway នៅ Chicago អាមេរិក កាលពីថ្ងៃទី ១៨កន្លងទៅ បណ្ដាលឱ្យអ្នក
បើកបរយន្ដហោះម្នាក់ បាត់បង់ជីវិត។
មន្ទីរពន្លត់អគ្គិភ័យ ឱ្យដឹងថា គេមិនទាន់ដឹងច្បាស់អំពីអត្តសញ្ញាណរបស់អ្នកបើកបរយន្ដហោះនេះ ដែលជាមនុស្សតែម្នាក់គាត់នៅលើយន្ដហោះ។ យន្ដហោះខាងលើនេះ បានហោះទៅបុកទម្លុះផ្ទះ
មួយខ្នង នៅតាមបណ្ដោយដងផ្លូវ S.Knox។
ចំណែកប្ដីប្រពន្ធវ័យចំណាស់មួយគូ ដែលរស់នៅក្នុងផ្ទះនេះ មិនទទួលរងរបួសស្នាមអ្វីនោះទេ
ដោយបន្ទាប់ពីកើតហេតុភ្លាម អ្នកជិតខាងម្នាក់ បានជួយនាំពួកគាត់ចេញពីផ្ទះ។ គ្រោះថ្នាក់យន្ដ
ហោះដែលបានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០នាទីទាបភ្លឺ (ម៉ោងក្នុងស្រុក) នេះ មិនបាន
បង្កឱ្យមានការផ្ទុះឆេះនោះដែរ។
Michael Fox អគ្គនាយករបស់មន្ទីរពន្លត់អគ្គិភ័យនៅ Chicago ឱ្យដឹងថា ម្ចាស់ផ្ទះ កំពុងសម្រាន្ត
នៅក្នុងបន្ទប់មួយក្បែរបន្ទប់ទទួលភ្ញៀវ ហើយបន្ទប់ទទួលភ្ញៀវ ត្រូវខូចខាតទាំងស្រុង។
ក្រុមបុគ្គលិកពន្លត់អគ្គិភ័យ ត្រូវរង់ចាំនៅខាងក្រៅមួយរយៈពេល ទើបអាចចូលទៅខាងក្នុងផ្ទះ
ដោយសារតែផ្ទះនេះ មិនមានសុវត្ថិភាព ក្រោយពីគ្រោះថ្នាក់។
នាយកដ្ឋានអាកាសចរណ៍អាមេរិក (FAA) ក៏បានឱ្យដឹងថា អ្នកបើកបរយន្ដហោះដែលជួបគ្រោះ
ថ្នាក់នេះ បានរាយការណ៍អំពីបញ្ហាម៉ាស៊ីនភ្លាមៗ បន្ទាប់ពីបានហោះឡើង ហើយបានព្យាយាម
ហោះត្រឡប់មកព្រលានយន្ដហោះ Midway នៅ Chicago មុនពេលជ្រុលទៅបុកផ្ទះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Youtube